rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​សហប្រជាជាតិ​៖ ចិន​ពន្យារ​ពេល​​សំណើ​បញ្ចូលនាវា​កូរ៉េខាង​ជើង ក្នុង​​បញ្ជី​ខ្មៅ

media
នាវាមួយ​របស់​កូរ៉េខាង​ជើង @reuteur

ចិន​បាន​សម្រេច​ពន្យារ​ពេល​​ទៅលើ​សំណើ​ដាក់នាវាចំនួន​៣៣គ្រឿង របស់​កូរ៉េ​ខាងជើង​ ​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​ហាម​ឃាត់ការ​​ដឹកទំនិញ។ សំណើ​នេះ ធ្វើ​ឡើង​ដោយ​ភាគី​អាមេរិក សម្រាប់​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​លើ​កូរ៉េ​ខាង​ជើង​។ ដំណឹង​នៃការ​ពន្យារ​ពេល​នេះ ត្រូវ​ទម្លាយ​ឲ្យ​ដឹង​ពី​មន្ត្រី​ការ​ទូត​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ប្រាប់​អ្នក​កាសែត​ នៅ​ថ្ងៃ​សៅរ៍​ទី​៣មីនា​នេះ។


​មន្ត្រី​ការ​ទូត​របស់​អង្គការ​សហប្រជាជាតិ មិន​បានបញ្ជាក់​ថា ដោយសារតែ​​មូលហេតុ​អ្វីទេ បា​នជា​ចិន​ដាក់​ឲ្យ​ពន្យារ​​ពេល​បញ្ជូល​នាវាកូរ៉េខាង​ជើង​ទាំងនោះ ចូល​បញ្ជី​ខ្មៅ។ គេ​គ្រាន់តែ​ប្រាប់ថា ការ​សម្រេច​ចិត្ត​ធំ​ៗ​បែប​នេះ គឺទាល់តែ​ក្រុម​ប្រឹក្សាសន្តិសុខ​ទទួល​បាន​ព័ត៌មាន​ច្រើន​គ្រប់​គ្រាន់​សិន ហើយ​ការ​សម្រេច​ចិត្ត​ គឺ​ត្រូវ​ធ្វើឡើង​ជា​ឯកច្ឆ័ន។​

​អាមេរិក  កាល​ពីថ្ងៃ​សុក្រ​ សប្តាហ៍​មុន ​ បាន​ស្នើ​ទៅ​សុំ​គណៈកម្មាធិការ​ផ្នែក​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ ដោយ​អះអាងថា​ ទណ្ឌកម្មចំពោះ​នាវា​ចំនួន​៣៣គ្រឿងនេះ​ គឺ​នឹង​ទប់​ស្កាត់​​ការ​រត់ពន្ធ​ទំនិញ​ខុស​ច្បាប់​តាម​ផ្លូវ​សមុទ្រ របស់​ប្រទេស​កុម្មុនីស្ត​កូរ៉េ​ខាង​ជើង។ 

គួរ​រម្លឹក​បញ្ជាក់ថា ​អង្គការ​សហប្រជាជាតិ​ កាលពី​ឆ្នាំ​២០០៦ បាន​សម្រេច​ដាក់​ទណ្ឌកម្មកូរ៉េ​ខាង​ជើង មិន​ឲ្យ​នាំ​ចេញ​ ធ្យូងថ្ម ដែក ​គ្រឿង​បរិក្ខារ កំណាត់ និង​គ្រឿង​សមុទ្រ ហើយ​និងមិន​ឲ្យ​​នាំចូល​​ប្រេង​ទៅ​កូរ៉េខាង​ជើងនោះទេ​។ ទណ្ឌកម្ម​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ប្រភព​ចំណូល​ ដើម្បី​កុំ​ឲ្យ​កូរ៉េខាង​ជើង​បន្ត​គម្រោង​អភិវឌ្ឍ​ថាមពលនុយក្លែអ៊ែរ​និង​គ្រាប់​បែក​បាឡេស្ទីក។

តែ​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើជា​ នៅ​ទីបំផុត គណៈកម្មាធិការ​ផ្នែក​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ សម្រេច​ទទួល​យល់​ព្រម​តាម​សំណើរបស់​អាមេរិក បាន​សេចក្តីថា ​នាវា​ចំនួន​១៩ ដែល​សុទ្ធ​សឹង​ជា​របស់​កូរ៉េខាង​ជើង គឺ​នឹង​ត្រូវ​ហាមឃាត់​​ដាច់​ខាត មិន​ឲ្យ​ចុះ​ចត​នៅ​គ្រប់​កំពង់​ផែ​ទាំងអស់​នៅលើ​ពិភពលោក​។ ​​ក្រុម​ហ៊ុន​ទាំង​២៧នោះទៀត​សោត​ អាច​នឹង​ត្រូវ​ជាប់គាំង។

ប៉ុន្តែ កាលពី​ខែ​ធ្នូ ចុង​ឆ្នាំ​២០១៧កន្លងទៅ​ អាមេរិក ក៏​​បាន​ស្នើ​ដាក់​ទណ្ឌកម្ម​ ដោយសុំ​ឲ្យ​បញ្ជូល​​​នាវា​១០ចូល​ក្នុង​ឧបសម្ព័ន្ធ​ទណ្ឌកម្ម​នៃ​បញ្ជីខ្មៅ​  តែ​មានតែ​បួន​ប៉ុណ្ណោះ ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​យល់ព្រមតាម​សំណើអាមេរិក៕