អានតួអត្ថបទ
ចិន

UNHR ៖ ចិនបានចាប់ឃុំឃាំង ជនជាតិអ៊ុយហ្គួរ ជាងមួយលាននាក់ នៅក្នុងជំរំសម្ងាត់

“គេមានរបាយការណ៍គួរឲ្យជឿជាក់ជា​ច្រើន​ ដែលបញ្ជាក់​ថា ចិនបានចាប់ឃុំឃាំង ជនជាតិអ៊ុយហ្គួរ ជាងមួយលាននាក់ នៅក្នុងជំរំសម្ងាត់។” នេះ​គឺ​ជាការអះអាង​របស់​លោកស្រី Gay McDougall សមាជិកម្នាក់​នៃ​គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ លោកស្រី​បាន​លើកឡើង​យ៉ាង​ដូច្នេះ គឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ នា​​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស ពី​ថ្ងៃសុក្រ ទី១០សីហា។ 

អាជ្ញាធរ​ចិន កំពុង​ឃ្លាំមើល​ជនជាតិ​អ៊ុយហ្គួ
អាជ្ញាធរ​ចិន កំពុង​ឃ្លាំមើល​ជនជាតិ​អ៊ុយហ្គួ REUTERS
ផ្សាយពាណិជ្ជកម្ម

លោកស្រី Gay McDougall ​សមាជិកនៃគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាន​សម្តែង​ក្តី​សោកស្តាយ​ជា​ខ្លាំងចំពោះ​សិទ្ធិមនុស្ស​នៅ​ចិន​​ ក្រោយ​ពី​ពេលបាន​​ទទួល​របាយការណ៍​ជាច្រើន ដែល​លោកស្រី​ចាត់ទុកថា​​សុទ្ធតែ​ជាការសិក្សា​ដែល​អាច​ជឿទុក​ចិត្ត​បាន។ លោកស្រី​លើកឡើង​ថា «ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​សាសនា​ជ្រុល​និយម និង​យុទ្ធនាការ​រក្សា​សណ្តាប់​សង្គម​ អាជ្ញាធរ​ចិនបាន​ចាប់​ឃុំ​ខ្លួន​ក្រុមជនជាតិ​​អ៊ុយហ្គួរ ​កាន់​សាសនា​អ៊ីស្លាម​ជា​ច្រើននាក់​ ហើយ​ចិន​ទំនង​​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​តំបន់​ស្វ័យត ​ដែល​ពួក​អ៊ុយហ្គួរ​រស់​នៅ ឲ្យ​ទៅ​ជា​ទី​តំបន់​មួយ ​គ្មាន​សិទ្ធិសេរីភាព​ទាល់តែ​សោះ។»

តាម​ប្រភព​ដដែល គេ​បាន​ឃ្លាំមើលឃើញថា ជនជាតិ​អ៊ុយហ្គួរ​ប្រមាណ​ជាង​២លាន​នាក់ រួម​ទាំងអ្នក​កាន់​សាសនា​អ៊ីស្លាម ដែល​ជា​ជន​ភាគ​តិច  និង​ដែលរស់​នៅ​តំបន់​ស៊ីនចាំង គឺបាន​​ត្រូវ​អាជ្ញាធរ​ចិន ចាប់ខ្លួន​​ឬ​បង្ខំ​ឲ្យ​ចូលក្នុង​​”ជំរំ​អប់រំ​នយោបាយ​”។ ចំណែក​បញ្ញវន្ត​ជន​ជាតិ​អ៊ុយហ្គួរ​ ដែល​ទើបតែ​ត្រឡប់​មកពី​រៀន​នៅ​ប្រទេស​តួកទីនិ​ង​អេហ្ស៊ីប​ ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​វិញ គឺក៏​ត្រូវ​​រដ្ឋអំណាច​ចិន​ចាប់​ខ្លួនដែរ​។ ពោលគឺ​យ៉ាង​ហោច មាន​​និស្សិត​អ៊ុយហ្គួរ​ជាង​១០០នាក់ ត្រូវ​ឃុំ​ខ្លួន ហើយ​ក្នុង​ចំណោមពួកគេ អ្នក​ខ្លះ ក៏​ត្រូវ​បាត់​បង់​ជីវិតក្នុង​មន្ទីរ​ឃុំឃាំង​​ផង។ នេះបើ​តាម​សេចក្តី​បញ្ជាក់​របស់​​សមាជិកនៃគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។​

បន្ថែមពីនេះ ​បើគ្រាន់តែ​គិត​ពី​១២ខែ​ចុង​ក្រោយ​នេះ​ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​អស់​នៅ​ស្រុក​ចិន គឺជនជាតិ​អ៊ុយ​ហ្គួរ ​ជាង​២០ភាគរយ ដែល​ត្រូវ​ចាប់​ខ្លួន ​ចេញពី​តំបន់​ស៊ីនចាំង។ នេះបើតាម​​ប្រភពពី​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​កំពុង​ធ្វើ​ការងារ​នៅ​ស្រុក​ចិន​។​

គួរ​កត់​សម្គាល់ថា សមាជិក​គណៈប្រតិភូ​របស់​ចិន ប្រមាណ​៥០នាក់​ ដែល​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ហ្សឺណែវ​នោះ បាន​បដិសេធ​មិន​ឆ្លើយ​តប​អ្វីទេ ចំពោះ​ការ​លើកឡើង​ទាំង​នេះ។ ប៉ុន្តែ ឯកអគ្គ​រដ្ឋ​ទូត​ចិន​នៅហ្សឺណែវ បាន​អះអាង​ថា រដ្ឋ​បាល​ចិន កំពុង​តែ​ធ្វើ​កិច្ច​ការ​ដោយ​ឈរ​លើ​ស្មារតី​សមធម៌​និង​សាមគ្គីភាព​គ្នា​ក្នុង​ចំណោម​គ្រប់​បណ្តា​ជន​ជាតិ​ភាគ​តិច​ទាំង​អស់​។ យ៉ាង​ណាក៏ដោយ កិច្ច​ប្រជុំករណី​​សិទ្ធិមនុស្ស​ នៅ​ហ្សឺណែវ​​នេះ ​នឹង​បន្ត​ពិភាក្សា​គ្នាតទៅ​​ទៀត ​នៅ​ថ្ងៃ​ច័ន្ទ​ ដើម​សប្តាហ៍​ខាង​មុខ​នេះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ