rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​លោក ស៊ី ​ជីនពីង បញ្ជាក់​​ថា​ យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ ​មិន​ទាន់ចប់​ទេ និង​ត្រូវ​រឹតបន្តឹងថែមទៀត

media
លោក ស៊ី ជីនភីង បានប្រើកណ្តាប់ដៃដែកប្រឆាំងអំពើពុករលួយ ដើម្បីកម្ចាត់ជន នបរិសុទ្ធ ឬជាសត្វ​រុយ។ Andy Wong/Pool via REUTERS

នៅ​ថ្ងៃពុធទី​០៤កក្កដា​នេះ ប្រធានាធិបតី​ចិន​លោក ​ស៊ី ជីនពីង ​បាន​បញ្ជាក់​ជា​ថ្មី​ថា​ យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយនៅ​មិន​ទាន់បិទបញ្ចប់​នៅ​ឡើយ​ទេ ហើយ​នឹ​ង​ត្រូវ​រឹតបន្តឹងបន្ថែម​ទៀត​។ នេះ​គឺជា​ការ​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ពិព័រណ៍​សិល្បៈមួយ​ ក្រោម​ប្រធាន​​ថា «សករាជ​ថ្មី​នៃ​ ស៊ី ជីនភីង» ដែល​ធ្វើ​នៅ​ក្នុង​សារមន្ទីរ​ជាតិនា​ទីក្រុង​ប៉េកាំង។ គួរ​រម្លឹក​ថា យុទ្ធនាការ​ស្តារ​សីលធម៌​កម្ចាត់​អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​​ចិន បាន​អនុវត្ត​៦ឆ្នាំមកហើយ គឺ​ពី​​តាំងពេល​​លោក ប្រធានាធិបតី​ចិន​ ​ស៊ី ជីនពីង ចូល​កាន់​តំណែង។


រយៈ​ពេល​៦ឆ្នាំ​មកនេះ លោកប្រមុខ​រដ្ឋ​ចិន ស៊ី ជីនភីង បាន​ប្រើ​កណ្តាប់​ដៃ​ដែក​ប្រឆាំង​អំពើ​ពុករលួយ​ ដើម្បី​កម្ចាត់​ជន​ល្មោភពុករលួយ​​ ដែល​បក្ស​កុម្មុយនីស្ត​ចាត់ទុកថា ជា​ជន​មិន​បរិសុទ្ធ ឬ​ជា​រុយ​​។ នៅក្នុង​សមាជ​បក្ស​លើកទី​១៨ នាពេល​កន្លងទៅ​ លោក ស៊ី មាន​ប្រសាសន៍​ថា យុទ្ធនាការ​បោសសម្អាត់​អំពើ​ពុករលួយរបស់លោក​​បាន​ទទួល​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់ ក៏ប៉ុន្តែពីថ្ងៃពុធទី​៤កក្កដា​នេះ លោកស៊ី គូស​បញ្ជាក់ជាថ្មី​ថា​ ​ វានៅ​ឆ្ងាយ​ពី​ភាព​​ជោគជ័យ​នៅឡើយ​។

បើ​តាម​ប្រធានាធិបតី​ចិនដ៏​មាន​ឥទ្ធិពលរូប​នេះ បក្ស​កុម្មុយនិស្ត​នៅ​មាន​បញ្ហា​សេសសល់​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ នោះ​គឺ​គំនិត​សៅហ្មងមិន​ជ្រះ​ស្រឡះ​ នយោបាយ​មិន​បរិសុទ្ធ រចនាសម្ពន្ធ​អង្គការ​បក្ស​ដែល​មិន​បរិសុទ្ធ ហើយ​របៀប​ធ្វើការ​ដែល​មិន​បរិសុទ្ធ​។​ ដូច្នេះ​បក្ស​កុម្មុយនិស្តចិន​ត្រូវ​តែអភិវឌ្ឍ​ បង្កើត​ប្រព័ន្ធដឹក​នាំ​ល្អ​មួយ ដែល​សម្រាប់​ជួយ​តម្រង់​អ្នក​ដឹកនាំ។​ ការ​បញ្ចូល​​អ្នក​ដឹកនាំ​ថ្មី​ចូល​ក្នុង​ជួរ​ដឹកនាំ គឺត្រូវ​តែ​ផ្នែក​លើក​លក្ខណៈ​ដ៏​ល្អ​បរិសុទ្ធ ដែល​ត្រូវ​ជ្រើស​រើស និង​​ ជម្រុះ​ចម្រាញ់បំផុត។ ធ្វើ​ដូច្នេះ​បាន​ ទើប​បក្ស​នឹង​មានរចនា​សម្ព័ន្ធ​​ផ្ទៃ​ក្នុង​ល្អប្រសើរ ហើយ​បក្ស​នឹង​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ចំពោះ​អ្ន​កកាន់​កិច្ច​ការ​រដ្ឋ ព្រម​ទាំង​តម្រង់​ឲ្យ​ពួក​គេ​មាន​សីល​ធម៌​ល្អ ធ្វើ​ការបាន​ប្រសើរ និង​មាន​របៀបធ្វើការ​មួយ​ត្រឹមត្រូវ។

ជាការ​កត់​សម្គាល់​របស់​អ្នកឯកទេស​​នយោបាយចិន​ ​តាំងពី​លោក​ប្រធានាធិបតី​ចិន​ ចូល​កាន់​តំណែង​នៅ​ឆ្នាំ​២០១២​មក គឺលោក ​ស៊ី ជីនពីង ​បាន​ពង្រឹង​អំណាច ដោយ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​អាចអនុញ្ញាត​ឲ្យ​លោក​​ក្តោប​អំណាច​មួយ​ជីវិត ហើយ​លោក​ប្រើ​វិធានការ​បោសសម្អាត​អំពើ​ពុក​រលួយ ​ដើម្បី​កម្ចាត់​​បក្ស​ពួក ដែល​ប្រឆាំង​នឹង​លោក​​។ មាន​បក្ស​ជន​រាប់​រយ​នាក់​ត្រូវចាប់​ខ្លួន​និង​​កាត់​ទោស ហើយ​ក៏​មាន​ដែរ មន្ត្រី​ជាន់​ខ្ពស់​លំដាប់​កំពូល​របស់​ប្រទេស​ ដល់ទៅជាង​១០​នាក់ រួម​ទាំង​ប្រធាន​ផ្នែក​សន្តិសុខ​ជាតិ ដែល​ត្រូវ​ចាប់​ដាក់​គុក៕​