អានតួអត្ថបទ
អាមេរិក

អាមេរិក​ចោទ​ប្រកាន់​ជនជាតិចិន​ពីរ​នាក់​ពីបទ​ធ្វើសកម្មភាព​វាយ​ប្រហារ​តាម​អ៊ីនធ័រនែត

ក្រសួង​យុត្តិធម៌​អាមេរិក ពីថ្ងៃទី២០ធ្នូ បាន​សម្រេច​ចោទប្រកាន់​បុរស​ជន​ជាតិ​ចិន​ចំនួន​ពីរនាក់ ពាក់ព័ន្ធ​នឹង​បទ​លួច​ព័ត៌មាន​ពី​ក្រុមហ៊ុន​និង​ស្ថាប័ន​រដ្ឋ​អាមេរិក ដើម្បី​បម្រើផលប្រយោជន៍​ឲ្យ​ចិន។ ចំណែក​ក្រសួង​ការបរទេស​ចិន នៅ​ថ្ងៃសុក្រទី​២១ធ្នូនេះ បាន​​ទាត់​ចោល​ការ​ចោទប្រកាន់​ ហើយ​ស្នើឲ្យ​អាមេរិក​បញ្ឈប់​ការ​លាបពណ៌​បង្ខូ​ច​កេរ្តិ៍​ឈ្មោះ​ចិន​តទៅទៀត។

ថ្នាក់ដឹកនាំក្រសួង​យុត្តិធម៌​អាមេរិក​លោក Rod Rosenstein
ថ្នាក់ដឹកនាំក្រសួង​យុត្តិធម៌​អាមេរិក​លោក Rod Rosenstein REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បទ​ចោទប្រកាន់របស់​ក្រសួង​យុត្តិធម៌​អាមេរិក បាន​បញ្ជាក់ថា បុរស​ចិន​ទាំង​ពីរ​នាក់នេះ គឺ​បម្រើការ​ឲ្យ​ក្រុម​ភ្នាក់ងារ​មួយ ដែល​មាន​ទំនាក់​ទំនង​នឹង​ក្រសួង​សន្តិសុខ​ជាតិ​ចិន។ ពួក​គេ​បាន​ធ្វើ​សកម្មភាព​តាម​អ៊ីនធ័រនែត ចាប់​តាំងពី​ឆ្នាំ​២០០៦ រហូត​មកទល់​នឹង​ឆ្នាំ​២០១៨នេះ ដើម្បី​លួច​យក​ទន្និន័យ​ពាណិជ្ជកម្ម បច្ចេកវិជ្ជា ​និង​ព័ត៌មាន​សម្ងាត់ របស់​ក្រុមហ៊ុន​ធំៗ​ជាង​១០​និង​ស្ថាប័ន​រដ្ឋជា​ច្រើន​របស់​​អាមេរិក​។ ព័ត៌មាន​សម្ងាត់​ដែល​ពួក​គេ​លួច​យក​នោះ ​ក៏​មានទិន្នន័យ​​ពាក់ព័ន្ធ​នឹង វិស័យ​កង​ទ័ព​ជើង​ទឹក Marine និង​ភ្នាក់​ងារ​អវកាស NASA ថែមទៀត​ផង។

ហើយ​បើ​យោង​តាម​ភ្នាក់ងារ​​ស៊ើប​ការ​សម្ងាត់​ FBI ​របស់អាមេរិក, ​ក្រុម​ពួក​គេ​នេះ​មិន​ត្រឹមតែ​លួច​យក​ព័ត៌មាន​ពី​អាមេរិក​ទេ តែក៏​បាន​​​លួច​យក​ព័ត៌មានសម្ងាត់​របស់រដ្ឋ​និង​ក្រុមហ៊ុនឧស្សាហកម្ម នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿន​លឿន ចំនួន​ជាង​១០​ផ្សេង​ទៀត ក្នុង​នោះ​មាន​បារាំង អាល្លឺម៉ង់​ អង់គ្លេសកាណាដា ជា​ដើម​។​

ថ្នាក់​ដឹកនាំ​ក្រសួង​យុត្តិធម៌​អាមេរិក លោក Rod Rosenstein បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​ថា​ នៅ​ពេល​នេះ ចិន​លំបាក​នឹង​ធ្វើ​ពុត ឬ​ធ្វើ​​មិន​ដឹងមិនលឺ​​​តទៅទៀត​ឡើយ​ ពីព្រោះ​ភស្តុតាង​មាន​ជាក់​ស្តែង​នៅនឹង​ភ្នែកស្តាប់​។ លោក​បន្ត​ថា​ អាមេរិក​និង​បណ្តាប្រទេស​សម្ព័ន្ធមិត្ត បាន​ដឹង​ច្បាស់​ថា​ចិនកំពុង​ធ្វើ​អ្វី ហើយ​​ធ្វើ​ដើម្បី​អ្វី។ ចំណែក លោក Chris Wray ប្រធាន ​FBI ក៏បន្ថែមថា វត្ថុបំណង​របស់​ចិន គឺ​ដើម្បី​ក្តោបក្តាប់​ពិភពលោក​ ជា​មហាអំណាច​លេខ​មួយ ជំនួស​អាមេរិក។ ប៉ុន្តែ​ចិន​ប្រើ​មធ្យោបាយ​ស្មោកគ្រោក ខុស​ច្បាប់​ដើម្បី​សម្រេច​បំណង​នេះ។

ទោះ​បី​យ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន បាន​ចេញមុខ​ច្រាន​ចោលយ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ពី​សំណាក់​អាមេរិក។ ចិន​យល់ថា រាល់​ការ​ចោទប្រកាន់​របស់​អាមេរិក គឺមាន​ចេតនាលាបពណ៌​បង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ចិន​តែប៉ុណ្ណោះ​។ ថែមពីនេះ រដ្ឋបាលក្រុង​ប៉េកាំង ស្នើឲ្យ​ក្រុង​វ៉ាស៊ីនតោន លើកលែង​បទចោទ​ចំពោះ​ពលរដ្ឋ​ខ្លួន​ ទាំង​ពីរនាក់នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ