អានតួអត្ថបទ
ចិន​និង​អាស៊ាន

ចិន​និង​អាស៊ាន បើក​ធ្វើ​លំហាត់​សមយុទ្ធ​ នៅ​លើដែន​​សមុទ្រ​ចិនខាង​ត្បួង​

នៅថ្ងៃទី៣១តុលា​នេះ ​ចិន ​និងប្រទេស​ជា​ច្រើន​របស់​​អាស៊ាន បានធ្វើ​លំហាត់​សមយុទ្ធរួម​គ្នា​​ ជាលក្ខណៈ​ទ្រង់ទ្រាយ​ធំ ​លើក​ដំបូង​​ នៅ​លើដែន​​សមុទ្រ​ចិនខាង​ត្បូង​។ សមុទ្រ​ចិនខាង​ត្បូង​​ ដែល​កំពុង​​​ពោរពេញ​ដោយ​វិបត្តិ​ រវាង​ចិន​និងរដ្ឋ​​សមាជិក​​មួយ​ចំនួនរបស់​អាស៊ាន។

សេណារីយ៉ូ នៅក្នុងលំហាត់នេះ គឺមានការបើកបះទង្គិចគ្នា រវាងនាវាដឹកអ្នកដំណើររបស់ចិន និងកប៉ាល់ដឹកទំនិញរបស់កម្ពុជា។
សេណារីយ៉ូ នៅក្នុងលំហាត់នេះ គឺមានការបើកបះទង្គិចគ្នា រវាងនាវាដឹកអ្នកដំណើររបស់ចិន និងកប៉ាល់ដឹកទំនិញរបស់កម្ពុជា។ @Chinadaily
ផ្សាយពាណិជ្ជកម្ម

លំហាត់​សម​យុទ្ធ​នៅ​លើ​ដែន​សមុទ្រ​នេះ គឺជា​ការ​សាកល្បង​ធ្វើ​ប្រតិបត្តិ​ការ​សង្គ្រោះ​បន្ទាន់​។ សេណារីយ៉ូ នៅក្នុង​លំហាត់​នេះ គឺ​មាន​ការ​បើក​បះទ​ង្គិច​គ្នា រវាង​​នាវា​ដឹក​អ្នក​ដំណើរ​របស់​ចិន និង​​កប៉ាល់​ដឹក​ទំនិញ​របស់​កម្ពុជា​។ នៅ​ក្នុង​នោះ គឺ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​​ប្រមាណ​១០រងរបួស​ ហើយ​​មនុស្ស​ជិត​៣០នាក់ បាន​​ធ្លាក់ទៅ​ក្នុង​ទឹកសមុទ្រ​ និង​ជាង​៣០០នាក់ រង់ចាំ​ការ​សង្គ្រោះ ពី​ក្រុម​ឆ្មាំ​សមុទ្រ និង​គ្រូ​ពេទ្យ​សង្គ្រោះ​បន្ទាន់​។

លំហាត់ប្រតិបត្តិ​​សង្គ្រោះបន្ទាន់តាម​ផ្លូវ​សមុទ្រ​​ ដ៏​ធំនៅ​ក្នុង​តំបន់​​នេះ បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ខេត្ត​ក្វាំង​ទុង ប្រទេស​ចិន។ លំហាត់​នេះ បាន​ផ្តួច​ផ្តើម​ដោយ​ចិន ដែល​ជា​លទ្ធផល​នៃ​​ជំនួបលើកទី​១១​របស់​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិអាស៊ាន​និង​ចិន កាលពី​ខែ​តុលា​ នៅហ្វីលីពីន។ សម្រាប់​លំហាត់​​ដ៏​ធំ​លើកដំបូងនេះ​ ​មាន​មនុស្ស​ប្រមាណ​ជាង​១ពាន់​នាក់ នាវានិង​កប៉ាល់​ដឹក​ជញ្ចូន​​ចំនួន​​២០ ព្រម​ទាំង​ឧទ្ធម្ភាគចក្រ ចំនួន​៣ សម្រាប់​ធ្វើ​ប្រតិបត្តិ​សង្គ្រោះ​បន្ទាន់។ នៅក្នុង​នោះដែរ​ គឺ​មាន​ការ​ចូលរួម​ពីកង​ទ័ព​ជើង​ទឹក​ មកពី​​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន៦ គឺ​កម្ពុជា ថៃ ឡាវ ភូមា ប្រុយណេ និង​ហ្វីលីពីន។

ជាការ​កត់​សម្គាល់ ​លំហាត់​សង្គ្រោះបន្ទាន់​តាម​ដែន​សមុទ្រ​​សម្រាប់​ថ្នាក់​តំបន់​នេះ គឺគ្មាន​វត្តមាន​ប្រទេស​វៀត​ណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី​ នោះទេ។ ​ប្រទេស​ទាំងអស់​នេះ កំពុងតែ​មាន​ជម្លោះ​រ៉ាំរ៉ៃ​ នៅក្នុង​វិបត្តិ​​ដែន​​សមុទ្រចិនខាង​ត្បួង​​។ លើកលែងតែ ហ្វីលីពីន ដែល​ជា​ប្រទេស​ជាប់​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ដែរនោះ តែ​ ហ្វីលីពីន បាន​ចូលរួមធ្វើ​លំហាត់​សមយុទ្ធ​នេះ ព្រោះ​ថា ​ហ្វីលីពី​ន ​របស់​ ប្រធានាធិបតី​ រ៉ូឌ្រីហ្គូ ឌុយទែរតេ បាន​អនុវត្ត​នយោបាយ​ទន់ភ្លន់ ចំពោះ​ចិន​។

កាលពី​ឆ្នាំ​២០១៦កន្លងទៅ តុលាការ​អន្តរជាតិ​ បានចេញ​សេចក្តី​​សម្រេច​ឲ្យ​ ហ្វីលីពីន ឈ្នះ​ក្តីចំពោះ​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បួង ក៏ប៉ុន្តែ លោក​ រ៉ូឌ្រីហ្គូ ឌុយទែរតេ បាន​បដិសេធ​មិន​អនុ​វត្ត​សេចក្តី​សម្រេច​នោះ​ឡើយ​ ហើយ​សុខ​ចិត្ត​ទទួល​យក​ជំ​នួយវិនិយោគ​និង​ពាណិជ្ជកម្ម រាប់​ពាន់​លាន​ដុល្លារ​ ពី​ប្រទេស​ចិន​ទៅវិញ។ ជំហរ​របស់​ហ្វីលីពីនយ៉ាង​ដូច្នេះ គឺបាន​ធ្វើ​ឲ្យ​វៀតណាម ខឹងសម្បារ ហើយ​ក៏​ត្រូវ​វៀតណាម រិះគន់​ស្តី​បន្ទោស​ហ្វីលីពីន​យ៉ាង​សម្បើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ