អានតួអត្ថបទ
បារាំង-ចិន

ចិន​ប្រកាស​សន្យា​បើកចំហ​ទីផ្សារ​ទៅ​បារាំង​និងសហភាព​អឺរ៉ុប​

ថ្ងៃទី២នៃដំណើរទស្សនកិច្ចនៅចិន លោកប្រធានាធិបតី​បារាំង អេម៉ាណុយ​អែល ម៉ាក្រុង ចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនៅសៀងហៃ ដោយនៅក្នុងនោះ លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង បានសន្យាបើកចំហទីផ្សារចិនបន្ថែមទៀត។ ទន្ទឹ​មនេះ ប្រមុខ​រដ្ឋ​បារាំង ក៏​បាន​ស្វាគមន៍​ដោយ​បើកចំហ​ដៃជានិច្ច​​រង់​ចាំ​​ចិន​។ 

ទស្សនកិច្ចផ្លូវរដ្ឋ របស់​ប្រធានាធិបតីបារាំង​និងចិន​ នៅ​ក្រុង Shanghai ថ្ងៃ​ទី​៥វិច្ឆិកា។​
ទស្សនកិច្ចផ្លូវរដ្ឋ របស់​ប្រធានាធិបតីបារាំង​និងចិន​ នៅ​ក្រុង Shanghai ថ្ងៃ​ទី​៥វិច្ឆិកា។​ REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថាផ្លូវការ​ចំពោះ​មុខ​ប្រមុខ​ដឹកនាំបារាំង លោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រកាស​សន្យា​បើកចំហទីផ្សារ ដោយ​លោក​មានសុដិទ្ធិនិយមខ្លាំង​មុតមាំ​ចំពោះការបើកចំហនេះ។ ប្រមុខ​រដ្ឋ​ចិន​ក៏​បាន​លើកឡើង​ពីយន្តការ​ដើម្បី​ជំរុញនិងសម្រួលបរិយាកាសវិនិយោគ ដោយ​លោក​ ស៊ី ជីនពីង បញ្ជាក់​ឱ្យ​មន្ត្រី​ថ្នាក់ក្រោយត្រូវ​​បន្តកិច្ចសហការធ្វើជំនួញ​ទាំងទ្វេភាគីនិងពហុភាគី ឱ្យ​បាន​ល្អ​ ព្រមទាំង​បន្តអនុវត្ត​ឱ្យ​ខ្ជាប់ខ្ជូន​នូវ​ដំណើរការជា​យុទ្ធសាស្ត្រនៃគម្រោង«ខ្សែក្រវាត់និងផ្លូវ» ជាតទៅ​ទៀត។

ពីភាគី​បារាំង​វិញ ក្រោយ​ពី​ឱ្យ​ប្រមុខ​រដ្ឋ​ចិន​ភ្លក់​រសជាតិ​ស្រាក្រហម​បារាំងរួច​មក​, លោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង បាន​លើកសរសើរ​ទាក់ទាញ​ចិន​ ថា«​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ចិន​បាន​ប្រឹងប្រែង​ច្រើន​​ក្នុង​ការ​កែសម្រួល​និង​កែទម្រង់​នៃ​បរិយាកាស​វិនិយោគ ហើយ​ចិនក៏​​បាន​ជួយ​កាត់​បន្ថយ​ការ​ក​ម្រិត​ថ្លៃ​ទំនិញ​ខ្ពស់​ពេក ផងដែរ»។ ​លោកប្រមុខរដ្ឋបារាំងវ័យក្មេង​ ម៉ាក្រុង សម្តែង​ទឹក​ចិត្ត​ថា សហភាព​អឺរ៉ុប​និង​បារាំង រង់ចាំ​បើកដៃចំហ ចាំទទួល​ចិន​ តែ​លោកក៏​សុំ​ឱ្យ​ចិន​​ត្រូវ​ចេះ​លួង​លោម​អឺរ៉ុប​ និង​កែទម្រង់​ឱ្យ​ស៊ី​ជម្រៅ​ជាង​នេះ​បន្ថែមទៀត​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជាលើកទីពីររបស់​លោក ម៉ាក្រុង នៅ​ស្រុក​ចិននេះ ថ្នាក់ដឹកនាំ​បារាំង រំពឹង​សង្ឃឹម​ថា​នឹង​អាច​បាន​ចុះ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​យ៉ាងធំដុំ​ជាមួយ​មហា​យក្ស​ចិន ដោយ​ក្នុង​នោះ លោក​ម៉ាក្រុង​បាន​នាំ​អ្ន​កនិយោគទុន​​និង​ប្រធាន​ក្រុមហ៊ុន​បារាំង​ធំៗទៅជាមួយ​ផង។  ចិន​ជា​អតិថិជន​លំដាប់​ទី​៧របស់​បារាំង ហើយ​ក៏​ជាអ្នក​ទទួល​ការ​នាំចូល​ទំនិញ​បារាំង ធំ លំដាប់​ទី​២។ នៅ​ឆ្នាំ​២០១៨កន្លងទៅ ការ​នាំទំនិញ​បារាំង​ចេញ​ទៅ​ស្រុក​ចិន​ បា​នកើនឡើង​១១ភាគរយ ដែល​មាន​រង្វង់ទឹកប្រាក់ ប្រមាណ​២១ពាន់​លាន​អឺរ៉ូ។

សម្រាប់​ថ្ងៃ​ពុធទី​៦វិច្ឆិកា​​ ជាថ្ងៃទី​៣ បិទបញ្ចប់​ដំណើរ​ទស្សនកិច្ច, ប្រមុខ​រដ្ឋ​ទាំងពីរ គ្រោង​នឹង​ជជែក​សំណុំ​រឿង​ក្តៅ គឺ​ស្តីពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស។ ជាកិច្ចព្រមព្រៀង​គិតគូរ​ថែរក្សាការពារ​​បរិស្ថាននិងអាកាសធាតុ​ពិភពលោក ដែល​អាមេរិករបស់​លោក ដូណាល់ ត្រាំ ​ដកខ្លួន​ជាឯកតោភាគី ដោយ​ចិត្ត​ឯង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ