អានតួអត្ថបទ
អេស្ប៉ាញ-ចិន

ចិន​មិន​សប្បាយចិត្ត​នឹង​អេស្ប៉ាញ​ដែល​ចេញ​ដីកា​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​ចាង ​ហ្សេមីន

នៅថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅនឹង​​សេចក្តីសម្រេច​របស់​តុលាការ​អេស្ប៉ាញ ដែល​បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក​ចាង ហ្សេមីន (Jiang Zemin) អតីត​ប្រធានាធិបតី​ចិន ដោយ​ចោទប្រកាន់​លោក​ពី​បទ​ប្រល័យ​ពូជសាសន៍ នៅ​ទីបេ។

លោក​ចាង ហ្សេមីន (Jiang Zemin) អតីត​ប្រធានាធិបតី​ចិន
លោក​ចាង ហ្សេមីន (Jiang Zemin) អតីត​ប្រធានាធិបតី​ចិន REUTERS/Scott Olson/Pool
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ក្រៅពីបាន​រិះគន់​ដីកា​របស់​តុលាការ​អេស្ប៉ាញ ក៏​បាន​ស្នើសុំ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ​ចាត់ការ​ឲ្យ​បាន​សមរម្យ ចំពោះ​សំណុំរឿង​នេះ។

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​ចិន នៅថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​ធ្វើឡើង តបទៅនឹង​ចៅក្រម​តុលាការ​កំពូល​អេស្ប៉ាញ ដែល​បាន​ស្នើ​សុំ​ឲ្យ​ប៉ូលិស​អន្តរជាតិ (Interpol) ចេញ​ដីកា​​អន្តរជាតិ តាម​ចាប់ខ្លួន​អតីត​មេដឹកនាំ​​​កំពូលៗ​របស់​ចិន​ជាច្រើន​រូប ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ការ​ចោទប្រកាន់​ពី​បទប្រល័យ​ពូជសាសន៍​នៅ​ទីបេ ក្នុង​ចន្លោះ​ឆ្នាំ​១៩៨០-១៩៩០។

អតីត​មេដឹកនាំ​ចិន ដែល​ជាប់ឈ្មោះ​ក្នុង​ដីកា​ចាប់ខ្លួន​នេះ រួមមាន​​លោក​ចាង ហ្សេមីន (Jiang Zemin) អតីត​ប្រធានាធិបតី ​លោក​​លី ប៉េង (Li Peng) អតីត​នាយករដ្ឋមន្រ្តី ព្រមទាំង​អតីត​មន្រ្តី​ជាន់ខ្ពស់​ចិន​ចំនួន ៣រូប​ផ្សេងទៀត។ ការស៊ើបអង្កេត​ពីបទ​ប្រល័យ​ពូជសាសន៍ នៅទីបេ​នេះ ត្រូវ​បាន​បើក​ធ្វើ កាល​ពីឆ្នាំ​២០០៦ ទៅតាម​បណ្តឹង​របស់​អង្គការ​សិទ្ធិមនុស្ស​ចំនួន​ពីរ និង​សង្ឃទីបេ​មួយ​អង្គ ដែល​មាន​សញ្ជាតិ​អេស្ប៉ាញ។

គួរបញ្ជាក់ថា យោងតាម​​គោលការណ៍ “យុត្តាធិការ​សកល” ដែលមាន​ចែង​ក្នុង​ច្បាប់​អេស្ប៉ាញ តុលាការ​អេស្ប៉ាញ​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​ និង​ជំនុំជម្រះ​ ទៅលើ​រាល់​បទ​ឧក្រិដ្ឋ​ធំៗ​មួយ​ចំនួន ដូចជា​ ​បទ​ប្រល័យពូជសាសន៍​ ជាដើម បើទោះបី​ជា​បទល្មើស​នេះ​ត្រូវ​បាន​ប្រព្រឹត្ត នៅ​ក្រៅ​ទឹកដី​អេស្ប៉ាញ ហើយ​ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ មិនមែន​ជា​ពលរដ្ឋ​អេស្ប៉ាញ​ក៏ដោយ។

ដោយ​ផ្អែក​ទៅលើ​គោលការណ៍ “យុត្តាធិការ​សកល” នេះ​ហើយ ដែល​តុលាការ​អេស្ប៉ាញ​​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អង់គ្លេស​ចាប់ខ្លួន​លោក Augusto Pinochet អតីត​មេដឹកនាំ​ផ្តាច់ការ​ស្ហ៊ីលី កាល​ពី​ឆ្នាំ​១៩៩៨។

ក៏ប៉ុន្តែ នៅ​ក្នុង​សំណុំរឿង​ទីបេ​នៅពេលនេះ តុលាការ​អេស្ប៉ាញ​ប្រហែល​ជា​នឹង​មិន​​អាច​បន្ត​នីតិវិធី​របស់​ខ្លួន រហូត​ដល់​មាន​ការ​ជំនុំជម្រះ​លើ​​​អតីត​មេដឹកនាំ​ចិន​បាន​នោះទេ ដោយសារ​តែ​​រដ្ឋាភិបាល​អេស្ប៉ាញ​បច្ចុប្បន្ន​ កំពុង​រៀបចំ​ធ្វើ​ច្បាប់​ថ្មីមួយ ដើម្បី​​រឹតត្បឹត​​ការ​អនុវត្ត​គោលការណ៍ “យុត្តាធិការ​សកល” ដោយ​ចៅក្រម​អេស្ប៉ាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ