អានតួអត្ថបទ
ចិន-នីហ្សេរីយ៉ា

ចិន​វិនិយោគ​យ៉ាងមហាសាល​លើ​ផ្លូវដែក​ប្រទេស​នីហ្សេរីយ៉ា

ក្នុង​ទំហំទឹកប្រាក់​មហាសាល មិនធ្លាប់មាន ក្រុមហ៊ុន​រដ្ឋចិន​បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​វិនិយោគ សាងសង់​ផ្លូវដែក​ដ៏​វែង​បំផុត​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ តាម​កាសែត​ចិន ចុះផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រុមហ៊ុន​រដ្ឋ​ចិន​ត្រូវ​ចំណាយ​ទឹកប្រាក់​ជិត​១២​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវដែក ប្រវែង ១៤០២​គីឡូម៉ែត្រ នៅ​តាម​បណ្តោយឆ្នេរ​នីហ្សេរីយ៉ា។  

ចិន​គ្រោង​សាងសង់​រទះភ្លើង​ដែល​រត់ក្នុង​ល្បឿន ១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ប្រទេស​នីហ្សេរីយ៉ា
ចិន​គ្រោង​សាងសង់​រទះភ្លើង​ដែល​រត់ក្នុង​ល្បឿន ១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ប្រទេស​នីហ្សេរីយ៉ា DR
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​សាងសង់​អយស្ម័យយាន​ចិន ដែល​ជាក្រុមហ៊ុន​រដ្ឋ​ធំជាង​គេ ជំនាញ​ខាង​ផ្លូវដែក បាន​ចុះ​ហត្ថេលខា​លើ​កិច្ចសន្យា​សាងសង់ ជាមួយ​រដ្ឋាភិបាល​នីហ្សេរីយ៉ា កាលពី​ថ្ងៃ​ពុធ និង​ត្រូវ​បាន​កាសែត​ចិន​ថ្មី យក​មក​ចុះ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍។ តាម​គម្រោង ក្រុមហ៊ុន​ចិន​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១១,៩៧ពាន់ លាន​ដុល្លារ សម្រាប់​សង់​ផ្លូវដែក​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា។ ជាទំហំ​ទឹកប្រាក់​សន្ធឹកសន្ធាប់ បំបែក​ ឯតទគ្គកម្ម។ នេះបើ​តាម​កាសែត​ចិន​ថ្មី។

 
តាមរយៈ​គម្រោងនេះ ក្រុមហ៊ុន​ចិន​នឹង​ប្រើ​រាល់​បច្ចេកវិទ្យា និង​ចំណេះ​ធ្វើ​ថ្មីៗខាង​ផ្នែក​ផ្លូវដែក ដែល​ចិន​ទើប​អភិវឌ្ឍ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ក្រុមហ៊ុន​ចិន​ដែល​មាន​មោទនភាព​ខ្លាំង បន្ទាប់ពី​អាច​ផលិត​រថភ្លើង​ដែល​រត់ក្នុង​ល្បឿន​បំផុត កំពុង​ព្យាយាម​នាំចេញ​បច្ចេកវិទ្យា​ផលិត​របស់ខ្លួន​ទៅបរទេស។ ប៉ុន្តែ នៅបរទេស ក្រុមហ៊ុន​ចិន​ត្រូវ​ពើបប្រទះ​នឹង​ក្រុមហ៊ុន​ប្រកួតប្រជែង​ល្បីៗ របស់បារាំង កាណាដា និង​អាល្លឺម៉ង់ ដែល​បាន​ឈាន​ចូល​ក្នុង​ទីផ្សារ​អន្តរជាតិ​មុន​ចិន។

ការប្រកាស​គម្រោង​សាងសង់​ផ្លូវដែក ក្នុង​តម្លៃ​ទឹកប្រាក់​មហាសាល​នៅ​នីហ្សេរីយ៉ា ធ្វើឡើង នៅក្រោយ​ប្រទេស​ម៉ិចស៊ិក​ទើប​បាន​ប្រកាស​លុបចោល​កិច្ចសន្យា​ដែល​និយាយ​ពីការចូលរួម​របស់ក្រុមហ៊ុន​ចិន ក្នុង​ការផលិត​ខ្សែររថភ្លើង​ល្បឿនលឿន នៅ​ម៉ិចស៊ិក។

តាមប្រធាន​ក្រុមហ៊ុន​សាងសង់​អយស្ម័យយាន​ចិន គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ទាំង​ដល់​នីហ្សេរីយ៉ា និង​ប្រទេស​ចិន។ គម្រោងនេះ​នឹង​បង្កើត​ការងារ​ធ្វើ​ដល់​មនុស្ស​បីសែននាក់ នៅ​នីហ្សេរីយ៉ា។ ជាមួយគ្នានោះ គម្រោង​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ចិន​អាច​នាំចេញ​ផលិតផល ឧបករណ៍​របស់ខ្លួន ដែល​មាន​តម្លៃ​៤​ពាន់​លាន​ដុល្លារ ទៅក្នុង​ប្រទេស​នីហ្សេរីយ៉ា​ដែរ។

ចិន​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីពីរ បាន​បង្កើន​ការវិនិយោគ​នៅ​បរទេស ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​កំពុង​រក​កល​ដើរថយក្រោយ ដោយសារ​តែ​ការធ្លាក់ចុះ​នៃ​ការនាំចេញ និង​ការប្រើប្រាស់​ក្នុង​ស្រុក។ កាលពី​ខែ​ឧសភា​កន្លងទៅ នៅក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​នីហ្សេរីយ៉ា នាយករដ្ឋមន្រ្តី​ចិន​បាន​ប្រកាស​ចង់​បង្កើន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​នីហ្សេរីយ៉ា​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​ទ្វីបអាហ្វ្រិក និង​ជា​ប្រទេស​ធំជាង​គេ​នៅ​អាហ្វ្រិក​ខាង​នាំចេញ​ប្រេងឆៅ។ បច្ចុប្បន្ន ក្រុមហ៊ុន​ចិន​ជាច្រើន​បាន​បោះទីតាំង នៅនីហ្សេរីយ៉ា និង​វិនិយោគ​ទៅលើ​ការសាងសង់​ផ្លូវដែក លើ​អាកាស ក្នុង​ទីក្រុង​ពាណិជ្ជកម្ម​Lagos ​របស់​នីហ្សេរីយ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ