អានតួអត្ថបទ

សារព័ត៌មាន​ចិនហៅ​​ព្យុះ​ Mangkhut ​ថា​ជា​ «ស្ដេច​ព្យុះ» ព្រោះ​វា​បង្ក​ការ​ខូច​ខាត​មហិមា

ចេញ​ពី​ហុងកុង ខ្យល់​ព្យុះ​ទីហ្វុង Mangkhut បាន​បោក​បក់​ទៅ​ដល់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ សារព័ត៌មាន​ចិន បានហៅ​​ព្យុះ Mangkhut ថា​ជា «ស្ដេច​ព្យុះ» ព្រោះ​​​វា​មាន​ឥទ្ធិពល​បង្ក​ការ​ខូច​ខាត​យ៉ាង​​​មហិមា ​​និង​បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង​២​លាន​នាក់​​ត្រូវ​ជម្លៀស​ខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព​។

ដើម​ឈើ​ដួល​រលំ​នៅ​ខេត្ត Shenzhen ប្រទេស​ចិន ក្រោយ​ព្យុះ Mangkhut បក់​បោក​​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៦ កញ្ញា ២០១៨
ដើម​ឈើ​ដួល​រលំ​នៅ​ខេត្ត Shenzhen ប្រទេស​ចិន ក្រោយ​ព្យុះ Mangkhut បក់​បោក​​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៦ កញ្ញា ២០១៨ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ចិន ព្យុះ​ Mangkhut ​ទៅ​ដល់​ទីក្រុង Jiangmen ក្នុង​ខេត្តគ័ងតុង នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​អាទិត្យ ម៉ោង​ក្នុង​តំបន់។ បើ​តាម​ស្ថានីយ៍​ឧតុនិយម​ប្រចាំ​ខេត្ត​គ័ងតុង ពេល​ទៅ​ដល់​ប្រទេស​ចិន ព្យុះ​កំណាច​នេះ​បាន​បន្ថយ​ល្បឿន​ពី​ជាង​២៣០​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង មក​នៅ​ត្រឹម​១៦២​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង​វិញ​។

អាជ្ញាធរ​ចិន​បានជម្លៀស​ប្រជាជន​ជាង​២​លាន​៥​សែន​នាក់​ទៅ​កាន់​ទី​កន្លែង​មាន​សុវត្ថិភាព ចៀស​ផុត​ពី​ឥទ្ធិពល​នៃ​ព្យុះ និង​បាន​ប្រាប់​ឲ្យ​ទូក​នេសាទ​ជិត​៥​ម៉ឺន​គ្រឿង​ត្រឡប់​មក​រក​ច្រាំង​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៦​កញ្ញា​។ ការ​សាងសង់​ត្រូវ​បាន​ផ្អាក​នៅ​ទីតាំង​ជាង​២​ម៉ឺន​៩​ពាន់​កន្លែង ខណៈ​តំបន់​ទេសចរណ៍​ចំនួន​៦៤០​កន្លែង​ត្រូវបិទ​លែង​ឲ្យ​ចូល​ទស្សនា​​ជា​បណ្ដោះ​អាសន្ន​។

នៅ​ព្រលាន​យន្តហោះ​ខេត្ត​គ័ងចូវ និង​ស៊ិនជិន ឯ​ណោះ​វិញ ជើង​ហោះ​ហើរ​ទាំង​អស់​ត្រូវ​ពន្យារ​ពេល​ហោះ​ហើរ រហូត​ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ចំណែក​សេវា​រថភ្លើង​ល្បឿន​លឿនក៏បាន​​ផ្អាក​ដំណើរ​ការជា​បណ្ដោះ​អាសន្ន​ផង​ដែរ នៅថ្ងៃ​អាទិត្យ​ទី​១៦​កញ្ញា ​ក្នុង​ខេត្ត​គ័ងតុង​និង​ខេត្ត​ហៃណាន​។​

​​ព្យុះ​ Mangkhut ត្រូវ​បាន​សារព័ត៌មាន​ចិនហៅ​ថា ស្ដេច​ព្យុះ ព្រោះ​​វា​មាន​ឥទ្ធិពល​ខ្លាំង​ក្លា និង​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​មហិមា មិន​ចំពោះ​តែ​ប្រទេស​ចិន​ទេ តែ​ចំពោះ​ប្រទេស​ទាំង​អស់​ដែល​ព្យុះ​នេះ​ឆ្លង​កាត់ តួ​យ៉ាង​ដូច​ជា​ប្រទេស​ហ្វីលីពីន​និង​កោះ​ហុងកុង​ជា​ដើម។ នៅ​ហ្វីលីពីន ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ព្យុះ​ទីហ្វុង Mangkhut ​នេះ កើន​ឡើង​ដល់​៦៥​នាក់​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ។ ដោយ​ឡែក ​នៅ​ហុងកុងវិញ ព្យុះ​ Mangkhut ដ៏​កាច​សាហាវ​នេះ បាន​បណ្ដាល​ឲ្យ​​មនុស្ស​ជាង​២០០​នាក់​រង​របួស​​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ