អានតួអត្ថបទ
ចិន

ចិន​នៅតែ​អាច​ទាក់ទាញ​អ្នកវិនិយោគ​ទោះបី​តម្លៃ​កម្លាំង​ពលកម្ម​កើនឡើង

នាពេលថ្មីៗនេះ មាន​ការសិក្សា​របស់​ក្រុម​អ្នក​សេដ្ឋកិច្ចជាច្រើន​​បង្ហាញ​ថា តម្លៃ​កម្លាំង​ពលកម្ម​នៅ​ចិន​កំពុង​តែ​មាន​កំណើន​ខ្លាំង ដែល​អាច​ធ្វើ​ឲ្យ​រោងចក្រ​សហគ្រាស​នាំគ្នា​រត់ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ី​ខាង​ត្បូង​វិញ។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា​ មាន​ការ​សិក្សា​ផ្សេងទៀត​បង្ហាញ​ថា សមត្ថភាពផលិត​របស់​ចិន​ក៏​កំពុង​តែ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ ដែល​នេះ​អាច​ធ្វើ​ឲ្យ​ចិន​នៅតែ​បន្ត​ទាក់ទាញ​អ្នកវិនិយោគ​បរទេស ទោះបី​តម្លៃ​កម្លាំង​ពលកម្ម​កើនឡើង។

កម្មករ​ចិន​នាំគ្នា​ធ្វើ​បាតុកម្ម ទាមទារ​ដំឡើង​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការងារ (រូបថតឯកសារ)
កម្មករ​ចិន​នាំគ្នា​ធ្វើ​បាតុកម្ម ទាមទារ​ដំឡើង​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការងារ (រូបថតឯកសារ) REUTERS
ផ្សាយពាណិជ្ជកម្ម

គិតរហូតមកទល់ពេលនេះ កំណើន​សេដ្ឋកិច្ច​ចិន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំចេញ ហើយ​វិស័យ​នាំចេញនេះ ពឹងផ្អែក​លើ​ចំណុច​សំខាន់​មួយ គឺ​ថ្លៃ​កម្លាំង​ពលកម្ម​ទាប ដែល​ជា​កត្តា​ចម្បង​ទាក់ទាញ​​​ក្រុមហ៊ុន​ សហគ្រាស​​បរទេស ​ឲ្យ​​នាំគ្នា​ចូលមក​បង្កើត​រោងចក្រ នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ផលិត​ទំនិញ​ក្នុង​តម្លៃ​ថោក ងាយស្រួល​នាំចេញ​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ។

ក៏ប៉ុន្តែ យោងតាម​ការ​ព្យាករ​របស់​ធនាគារ​បារាំង ឈ្មោះ Natixis កាលពីខែមុន ថ្លៃ​កម្លាំង​ពលកម្ម​នៅ​ចិន​អាច​នឹង​ឡើង​ស្មើ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​រយៈពេល ៤ឆ្នាំ​ទៀត ស្មើ​តំបន់​ចាយលុយ​អឺរ៉ូ ក្នុងរយៈពេល ៥ឆ្នាំ ហើយស្មើ​នឹង​ជប៉ុន ក្នុងរយៈពេល ៧ឆ្នាំ​ទៀត។​ ធនាគារ​នេះ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ដោយសារ​តែ​ថ្លៃ​កម្លាំង​ពលកម្ម​កើនឡើង​លឿនបែបនេះ មិនយូរទេ ចិន​នឹង​បាត់បង់​ភាព​ប្រកួតប្រជែង​ក្នុងការ​ផលិត ហើយ​លែង​អាច​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​បាន​ទៀតហើយ ក្រុមហ៊ុន សហគ្រាស​បរទេស​អាច​នឹង​នាំគ្នា​ងាក​ទៅ​បង្កើត​រោងចក្រ​នៅ​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (វៀតណាម កម្ពុជា ឥណ្ឌូណេស៊ី ...) ឬ​អាស៊ី​ខាង​ត្បូង​វិញ (បង់ក្លាដែស ប៉ាគីស្ថាន ...)។

ក្រុមអ្នក​ផ្តល់​ប្រឹក្សា​ខាង​ផ្នែក​ជំនួញ​ដ៏​ល្បី​ខ្នាត​អន្តរជាតិ​មួយ គឺ Boston Consulting Group (BCG) ក៏​​បាន​ធ្វើការ​សន្និដ្ឋាន​ស្រដៀង​គ្នា​នេះ​ដែរ។ BCG បាន​ធ្វើ​ការ​កត់សម្គាល់ថា មាន​ក្រុមហ៊ុន​បរទេស​ខ្លះ ដូចជា ក្រុមហ៊ុន​របស់​អាមេរិក​ជាដើម បាន​សម្រេច​បិទ​រោងចក្រ នៅចិន ហើយ​ត្រឡប់​ទៅ​បង្កើត​រោងចក្រ​ផលិត នៅ​ក្នុង​សហរដ្ឋ​អាមេរិក​វិញ។

ថ្មីៗ​នេះ​ ក្រុមហ៊ុន​ផលិត​សម្ភារៈកីឡា​ដ៏ល្បី​របស់​អាល្លឺម៉ង់ ឈ្មោះ Adidas ក៏​បាន​​ប្រកាស​ថា​នឹង​បិទ​រោងចក្រ​នៅ​ចិន​ដែរ ដោយ​លើកឡើង​ពី​បញ្ហា​ថ្លៃ​ពលកម្ម​នេះ។ Adidas បាន​លើកឡើង​ថា រោងចក្រ​ផលិត​ស្បែកជើង​ Adidas នៅ​ចិន ត្រូវ​ចំណាយ​ប្រាក់​ឈ្នួល​ សម្រាប់​កម្មករម្នាក់ៗ ប្រមាណ​ជា ២៥៨​អឺរ៉ូ ក្នុងមួយ​ខែ ធៀប​នឹង​រោងចក្រ​ Adidas នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ចំណាយ​តែ ១០៧អឺរ៉ូ។

ទោះជាយ៉ាងណា មាន​អ្នក​សេដ្ឋកិច្ច​មួយចំនួន​ផ្សេងទៀត​យល់ថា ចិន​នឹង​នៅ​តែ​អាច​បន្ត​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​បាន បើទោះជា​ថ្លៃ​កម្លាំង​ពលកម្ម​កើនឡើង​ក៏ដោយ ពីព្រោះ​គេ​សង្កេតឃើញ​ថា សមត្ថភាព​ផលិត​របស់​ចិន​មាន​អត្រា​កើនឡើង​ខ្លាំង គឺ​ខ្លាំង​ជាង​កំណើន​នៃ​តម្លៃ​ពលកម្ម​ទៅទៀត។ និយាយ​ជារួម គេ​យល់ថា កម្មករ​ចិន​ទាមទារ​ប្រាក់​ខែ​កាន់តែ​ខ្ពស់​ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ពួកគេ​​ក៏​មាន​សមត្ថភាព​ផលិត​ទំនិញ​បាន​កាន់​តែលឿន ហើយ​កាន់តែ​មាន​គុណភាព​ដែរ។ ដូច្នេះ ទៅថ្ងៃ​អនាគត ការនាំចេញ​ទំនិញ​ដែល​មាន​តម្លៃ​ថោក និង​គុណភាព​ទាប​អាច​នឹង​ត្រូវ​ថយចុះ ដោយ​ប្រភេទ​ទំនិញ​បែបនេះ អាច​នឹង​ត្រូវ​គេ​បង្វែរ​យក​ទៅ​ផលិត​នៅ​ក្នុង​ប្រទេស​ផ្សេង ដែល​មាន​កម្លាំង​ពលកម្ម​ថោក​ជាង ក៏ប៉ុន្តែ ចិន​អាច​នឹង​បង្កើន​ការ​ប្រកួតប្រជែង​ក្នុង​ការ​​នាំចេញ​ទំនិញ​ដែល​មាន​គុណភាព​ល្អ ប៉ុន្តែ នៅ​តែ​មាន​តម្លៃ​ទាបជាង​គូប្រជែង​នៅ​អឺរ៉ុប ឬ​អាមេរិក។

ម្យ៉ាងទៀត បើនិយាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ និង​​​បរិយាកាស​អំណោយផល​សម្រាប់​អ្នកវិនិយោគ​ ចិន​នៅតែ​មាន​ប្រៀប​ជាង​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ