អានតួអត្ថបទ
ចិន

គ្រោះថ្នាក់​ផ្លូវដែក៖ អ្នកកាសែត និង​មេធាវី​ត្រូវ​អាជ្ញាធរ​បញ្ជា​ឲ្យ​បិទ​មាត់

គ្រោះថ្នាក់​ ​រថភ្លើងលឿន​បុកគ្នា​ នៅ​ក្នុង​ប្រទេស​ចិន​បាន​កន្លង​ផុត​ទៅ។ នៅ​ជិត​មួយ​សប្តាហ៍​ក្រោយ ព័ត៌មាន​ស្តី​ពីព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅវិញ។ តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ កាសែត​ក្នុង​ស្រុក ជាភាសា​ចិន និង​បរទេស​ត្រូវ​អាជ្ញាធរ​ចិន​ហាមឃាត់​ ​មិន​ឲ្យ​ចុះផ្សាយ​អត្ថបទ​ទាក់ទង​នឹង​គ្រោះមហន្តរាយដែល​បាន​សម្លាប់​មនុស្ស​ ៤០​នាក់។ ចំណែក​ការិយាល័យ​​មេធាវី​វិញ ទើប​បាន​ទទួល​លិខិត​បញ្ជាបន្ទាន់ នៅ​ថ្ងៃ​សៅរ៍​ទី​៣០​កក្កដា ២០១១ ​ ពី​​សមាគម​មេធាវី​ប្រចាំទីក្រុង​Wenzhou ដែល​បាន​ដាស់តឿន​មេធាវី ​មិន​ឲ្យ​ទទួល​ករណី​បណ្តឹង​ពី​គ្រួសារ​ជនរងគ្រោះ​ដោយ​​គ្រោះថ្នាក់បុក​​ រថភ្លើង។

ប្រជាជនក្នុង​ទីក្រុង​ហុងកុង​​ចូល​រួម​ដាក់​កម្រងផ្កា​គោរព​ដល់​ព្រលឹង​អ្នកស្លាប់​នៅក្នុង​គ្រោះថ្នាក់​រថភ្លើង​ល្បឿន​លឿន​ដែល​បុកគ្នា​កាលពីថ្ងៃ​សៅរ៍​ទី ២៣ កក្កដា ២០១១
ប្រជាជនក្នុង​ទីក្រុង​ហុងកុង​​ចូល​រួម​ដាក់​កម្រងផ្កា​គោរព​ដល់​ព្រលឹង​អ្នកស្លាប់​នៅក្នុង​គ្រោះថ្នាក់​រថភ្លើង​ល្បឿន​លឿន​ដែល​បុកគ្នា​កាលពីថ្ងៃ​សៅរ៍​ទី ២៣ កក្កដា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​ថ្លែងការ​ណ៍​រួម​ធ្វើឡើង​ដោយ​ការិយាល័យ​ច្បាប់ និង​សមាគម​មេធាវី ដែល​បាន​ផ្ញើទៅ​កាន់​ក្រុម​មេធាវី​បាន​សរសេរ​ថា មេធាវី​ត្រូវ​រាយការណ៍​ទៅ​ស្ថាប័ន​ទាំងពីរ​ខាងលើជាបន្ទាន់ បើសិន​ជាមាន​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​រថភ្លើង​ចង់​មក​រក​ជំនួយ​ការពារ​ផ្នែក​ច្បាប់។ សមាគម​មេធាវី និង​ការិយាល័យ​ច្បាប់​​របស់​រដ្ឋ​នៅ​បាន​ក្រើន​រំលឹក​ដល់​មេធាវី​ កុំ​ឲ្យ​សម្រេច​​តែ​ចិត្ត​ឯង​ ដើម្បី​ចេញមុខ​ការពារជនរងគ្រោះ​ ព្រោះថា ករណី​គ្រោះថ្នាក់​រថភ្លើង​លើកនេះ​​ មាន​លក្ខណៈ​រសើបខ្លាំង ហើយ​ដែល​​អាចនឹង​​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​ស្រង់​សំដី​របស់​ប្រធាន​ការិយាល័យ​ច្បាប់​ប្រចាំ​ទីក្រុង​Wenzhou ដែល​បាន​ចេញមុខ​សុំ​ទោស​ចំពោះ​សេចក្តី​ថ្លែងការណ៍​ខាងលើ និងដែល​និយាយ​​ថា គឺ​​មេធាវី​មួយក្រុម​ក្នុង​ការិយាល័យ​ដែល​បាន​ប្រមូល​គ្នា​សរសេរ​សេចក្តីថ្លែងការណ៍ និង​ចែកចាយ​ ដោយគ្មាន​បាន​សុំ​ការអនុញ្ញាត​ពី​ប្រធាន​​ការិយាល័យច្បាប់។ ចំណែក​ប្រធាន​សមាគម​មេធាវី​វិញ​បាន​ទទួលស្គាល់​ថា ខ្លួន​ពិត​ជា​បាន​ផ្ញើ​បទ​បញ្ជា​ទៅ​មេធាវី​មែន ប៉ុន្តែ ក្នុង​ន័យដាស់តឿន​ផ្សេង។ នោះគឺ​សមាគម​មាន​ការបារម្ភថា​នឹង​អាច​មាន​ជម្លោះ​កើតឡើង ប្រសិន​បើ​គេ​មិន​អាច​បែងចែក​សេវាច្បាប់ទៅ​ដល់​ជនរងគ្រោះ​គ្រប់ៗគ្នា។

គ្រោះថ្នាក់​រថភ្លើង​លឿនបុកគ្នា កាលពីថ្ងៃ​សៅរ៍​ទី​២៣ កក្កដា ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤០​នាក់ និង​របួស​២០០​នាក់ បាន​ធ្វើ​​ឲ្យ​មាន​សំណួរ​ជាច្រើន​ចោទ​សួរឡើង​ពី​សមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការធានា​សុវត្ថិភាព​ដល់​ប្រជាជន។ ក្រោយ​ថ្ងៃ​កើតហេតុ សំណួរចោទសួរ បទ​អត្ថាធិប្បាយ​រិះគន់​ការងារ​គ្រប់គ្រង​របស់​អាជ្ញាធរ​ចិនត្រូវ​បាន​គេ​ឃើញ​ជា​ហូរហែ​ក្នុង​​គ្រប់​កាសែត។ ប៉ុន្តែ ចាប់តាំងពី​ល្ងាច​ថ្ងៃ​សុក្រ អាជ្ញាធរទទួល​បន្ទុក​​ឃោសនាការ​ចិន​ទើប​ចេញបញ្ជា​ ហាម​គ្រប់​កាសែត​ទាំងអស់ មិនឲ្យ​សរសេរ​ព័ត៌មាន​ទាក់ទង​គ្រោះថ្នាក់​រថភ្លើង​ទៀតទេ។ គេ​អាច​សរសេរ​បាន​តែ​ព័ត៌មាន​ណា​ដែល​និយាយ​ពី​ចំណុចល្អ និង​ ព័ត៌មាន​ដែល​អាជ្ញាធរ​ផ្តល់​ឲ្យ​តែ​ប៉ុណ្ណោះ។​

បញ្ជាហាម​ បិទ​មិន​ឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​និយាយ​ពីគ្រោះថ្នាក់​រថភ្លើង​បុកគ្នា បាន​ធ្វើ​ឲ្យ​កាសែត​ក្នុង​ស្រុក​ជាភាសា​អង់គ្លេស​មួយចំនួន​ត្រូវ​ដកហូត​ទំព័រ​របស់ខ្លួន​ខ្លះ ឬ​ដកចេញពី​តូប​លក់​កាសែត​តែម្តង។ នាយកដ្ឋាន​ទំនាក់ទំនង​បក្ស​កុម្មុយនិស្ត​ចិន​បាន​និយាយ​ប្រាប់​​កាសែត Sunday Morning Post ថា នៅក្រោយ​គ្រោះថ្នាក់​រថភ្លើង​បុកគ្នា មតិ​សាធារណៈ​នៅចិន និង​នៅក្រៅប្រទេស​បាន​បង្ក​ឲ្យ​មាន​ការស្មុគស្មាញ​​កាន់តែច្រើន​ដល់​អាជ្ញាធរ។ ដូច្នេះ គ្រប់កាសែត ទស្សនាវដ្តី និង​ប្រព័ន្ធ​អ៊ិនធ័រណេត​ត្រូវ​បន្ថយ​ល្បឿន​ឈប់​និយាយ​ពីរឿង​នេះតទៅទៀត។

អាជ្ញាធរ​ចេញ​បទ​បញ្ជា​ដាច់ណាត់​លើកនេះ បន្ទាប់ពី​​កាសែត​ផ្លូវរដ្ឋ​របស់​ចិនខ្លួនឯង​ក៏​​​ធ្លាប់​បាន​សរសេរ​រិះគន់ខ្លាំងៗ​ដល់​ការងារ​ធ្វេសប្រហែល​របស់មន្រ្តី​ចិន​ទទួល​បន្ទុក​ការងារ​ផ្លូវដែក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ