អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​ជន​អន្តោប្រវេសន៍​ជាឆ្អឹង​ទទឹង​ក​របស់​លោក​បារ៉ាក់ អូបាម៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ពេញ​មួយ​សប្តាហ៍​មុន លោកប្រធានាធិបតី​អាមេរិក​បាន​ចេញមុខ​បង្ហាញ​នយោបាយ​របស់​លោក​ទាក់ទង​នឹង​ក្រុមជនអន្តោប្រវេសន៍ ជាពិសេស ក្រុមកុមារ ដែល​មាន​ចំនួន​កាន់​តែច្រើន លួច​ឆ្លងដែន​​ខុស​ច្បាប់​ ចូល​​ក្នុង​ទឹកដី​អាមេរិក។ កាលពីថ្ងៃពុធ ប្រធានាធិបតី​អាមេរិក​បាន​ទាមទារ​ឲ្យ​សភា​អនុម័ត​ផ្តល់​ថវិកា​ប្រមាណ​បីពាន់ ៧រយ​លាយ​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍។ លោក​បាន​អំពាវនាវ​ផងដែរ​ដល់​ឪពុកម្តាយ​របស់​កុមារ​ដែល​រស់នៅ​អាមេរិក​កណ្តាល​ឲ្យ​ឈប់​បញ្ជូន​កូន​ធ្វើការ​ផ្សងព្រេង​ដ៏​គ្រោះថ្នាក់​ចូលក្នុង​ទឹកដី​អាមេរិក​តទៅទៀត។  

Abraham Guerreroអាយុ​បីឆ្នាំ​ចូលរួម​តវ៉ា​ជាមួយ​ឪពុកម្តាយ​ដើម្បី​ការពារ​កុំ​ឲ្យ​អាជ្ញាធរ​ចាប់បញ្ចូន​ចេញ​ក្រុមគ្រួសារម៉ិចស៊ិក​ដែល​បាន​រស់នៅ​ខុសច្បាប់​នៅងាមេរិក​
Abraham Guerreroអាយុ​បីឆ្នាំ​ចូលរួម​តវ៉ា​ជាមួយ​ឪពុកម្តាយ​ដើម្បី​ការពារ​កុំ​ឲ្យ​អាជ្ញាធរ​ចាប់បញ្ចូន​ចេញ​ក្រុមគ្រួសារម៉ិចស៊ិក​ដែល​បាន​រស់នៅ​ខុសច្បាប់​នៅងាមេរិក​ © REUTERS/Lucy Nicholson Abraham Guerrero
ផ្សាយពាណិជ្ជកម្ម

អន្តោប្រវេសន៍​ជា​សំណុំរឿង​ដ៏​ឈឺក្បាល​របស់​លោកប្រធានាធិបតី​អាមេរិក។ លោក​អូបាម៉ា​កំពុង​ស្ថិតនៅក្នុង​ផ្លូវ​ដើរ​មួយដ៏លំបាក ដោយ​លោក​ចង់​បំពេញចិត្ត​ក្រុមសាធារណរដ្ឋផង និង​ចង់​យកចិត្ត​ក្រុម​ប្រជាជន​អាមេរិក​ដើមកំណើត​អាមេរិកឡាទីន និង​អាស៊ី​ផង។ ដោយ​ចង់​បំពេញចិត្ត​ក្រុមបក្ស​សាធារណរដ្ឋ ដែល​ជា​អ្នកមាន​អំណាច​ធ្វើ​ច្បាប់​នានា ជាពិសេស​ច្បាប់​ថវិកា ដែល​ជា​តម្រូវការ​ចាំបាច់​របស់​រដ្ឋាភិបាល លោកអូបាម៉ា​បាន​ពង្រឹង​នយោបាយ​ជន​អន្តោប្រវេសន៍ ទៅតាម​ការទាមទារ​របស់​បក្ស​សាធារណរដ្ឋ ដែល​មាន​ចំនួន​ភាគច្រើន គ្រប់គ្រង​​រដ្ឋសភា។ ក្នុង​រយៈពេល​គ្រប់គ្រង​ជិត​ពីរអាណត្តិ​​ លោកអូបាម៉ា​បាន​បញ្ជា​ឲ្យ​គេ​ចាប់ បញ្ជូន​ចេញ​ប្រជាជន​បរទេស​ខុសច្បាប់​ប្រមាណ ជាង​២​លាន​នាក់ ដែល​នៅក្នុង​នោះ មាន​៧៥​ភាគរយ​ ជាជន​ជាតិ​ម៉ិចស៊ិក ដែល​រស់នៅ​ខុស​​ច្បាប់​ក្នុងប្រទេស​អាមេរិក។

 
ការចាប់បញ្ជូន​ជនបរទេស​ដែល​ភាគច្រើន​មក​ពី អាមេរិកឡាទីន ​អាច​នឹង​បង្ក​ការមិន​សប្បាយចិត្ត​របស់​ម្ចាស់សំឡេងឆ្នោត​អាមេរិក​ដែល​មាន​ដើមកំណើត​មក​ពី​អាមេរិក​ឡាទីន។ លោក​អូបាម៉ា​ធ្លាប់​ពឹង​លើ​ក្រុមប្រជាជន​ទាំងនេះ​ដើម្បី​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ ក្នុង​អាណត្តិទីពីរ។ ដូច្នេះ នយោបាយ​តឹងរ៉ឹង​​ទៅលើ​​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​​​នឹង​អាច​ធ្វើ​ឲ្យ​លោក​អូបាម៉ា​បាត់បង់​ប្រជាប្រិយភាព ពីក្នុង​ចំណោម​ប្រជាជន​​ដើម​កំណើត​អាមេរិកឡាទីន។ ជាលទ្ធផល គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកអូបាម៉ា​នឹង​អាច​គ្រោះថ្នាក់ បាត់បង់​សំឡេង​ឆ្នោត​​ភាគច្រើន​ពី​ព្រឹទ្ធសភា​ នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​ដែល​នឹង​ត្រូវ​រៀបចំ​នៅ​ខែ​វិច្ឆិកា​ខាងមុខ។

នៅ​សល់​តែ​ប៉ុន្មាន​ខែ​មុនការបោះឆ្នោត ពាក់កណ្តាល​អាណត្តិ ​លោក​អូបាម៉ា​ដើរ​នយោបាយ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត។ កាលពី​ថ្ងៃ​ពុធ លោក​បាន​បង្ខិត​ខ្លួន​ចូល​ជិតជាមួយ​​អភិបាល​រដ្ឋ​តិចសាស់​។ បំណង​របស់លោកអូបាម៉ា គឺ​អូសទាញ​​អភិបាល​រដ្ឋ​​មក​ពី​បក្ស​សាធារណរដ្ឋ​​ឲ្យ​ចូលរួម​ជាមួយ​លោក​ដើម្បី​ដាក់គំនាប​ទៅលើ​សភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ។ លោកអូបាម៉ា​យល់​ស្រប​ជាមួយ​លោក​រីក ផេរីដែល​ថា គេ​ត្រូវការ​បន្ថែម​ចំនួន​ប៉ូលិស អាជ្ញាធរ​ដើម្បី​ត្រួតពិនិត្យ​ព្រំដែន ទប់ទល់​កុំ​ឲ្យ​ជនបរទេស​មក​ពី អាមេរិកឡាទីន​លួចឆ្លងដែន​ចូល​ក្នុង​ទឹកដីអាមេរិក។ ដើម្បី​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍នេះ​បាន ប្រធានាធិបតី​អាមេរិក​ត្រូវការ​ឲ្យ​សភា​អនុម័ត​ផ្តល់​ថវិកា​ប្រមាណ​៣ពាន់ ៧រយលានដុល្លារ។

ថវិកា​នេះ​ភាគច្រើន​ត្រូវ​យក​ទៅ​ចំណាយ​លើ​ការផ្គត់ផ្គង់​ផ្តល់​សេវា​ដល់​​ក្រុម​​​កុមារ ដែល​បាន​លួច​ឆ្លងដែនខុសច្បាប់ និង​ដែលបច្ចុប្បន្ននេះ កំពុង​​ត្រូវ​ប៉ូលិសអាមេរិក​​ចាប់ដាក់​ឃុំ នៅក្នុង​មជ្ឈមណ្ឌល​។ ថវិកា​នៅសល់​ពីនេះ​ត្រូវ​ផ្តោត​ទៅលើ​ការពង្រឹង​សន្តិសុខ និង​យាមល្បាត​របស់​ប៉ូលិស​នៅតាម​ព្រំដែន និង​មួយចំនួន ត្រូវ​ចាយ​សម្រាប់​ប្រាក់ខែ​របស់​ចៅក្រម ដែល​លោក​អូបាម៉ា​សន្យា​នឹង​រើស​ចូល ៤០នាក់​​ ​​បន្ថែមទៀត។
 

កុមារជាច្រើនមកពី អាមេរិកឡាទីនធ្វើដំណើរតាមរថភ្លើង ដោយសង្ឃឹមធ្វើដំណើរលួចឆ្លងដែនទៅរស់នៅទឹកដីអាមេរិក
កុមារជាច្រើនមកពី អាមេរិកឡាទីនធ្វើដំណើរតាមរថភ្លើង ដោយសង្ឃឹមធ្វើដំណើរលួចឆ្លងដែនទៅរស់នៅទឹកដីអាមេរិក ©REUTERS/Jose de Jesus Cortes

រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​កំពុង​ប្រឈមនឹង​ការកើនឡើង​នៃ​ចំនួន​​កុមារ​ដែល​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​ទឹកដី​អាមេរិក ដោយ​គ្មាន​ការអមដំណើរ​ពី​ក្រុមគ្រួសារ។ កុមារនេះ​​ភាគច្រើន​ធ្វើដំណើរ​ចេញ​មក​ពី​ប្រទេស​អាមេរិក​កណ្តាល ដើម្បី​រត់គេច​ចេញ​ពី​ភាពក្រីក្រ និង​អំពើ​ហិង្សា។ គេ​មើលឃើញថា អំពើហិង្សា​ដែល​បង្ក​ដោយ​ក្រុមបងធំ ក្រុមជួញដូរ​ថ្នាំញៀន នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅក្នុង​ប្រទេសក្វាតេម៉ាឡា ហុងឌូរ៉ាស និង​អ៊ែល សាវ៉ាដរ ​ បាន​ជំរុញ​ឲ្យ​កុមារ​ជាច្រើន​រត់ចេញ​ពី ប្រទេស​ ដោយ​ធ្វើដំណើរ​ឆ្លង​កាត់​ម៉ិចស៊ិក ឆ្លងចូល​ទៅក្នុងទឹកដី​អាមេរិក។

បច្ចុប្បន្ន អាជ្ញាធរ​អាមេរិក​ចាប់ឃុំ​កុមារ ដែល​គ្មានអមដំណើរ​ដោយ​ឪពុកម្តាយ ជាង​៥ម៉ឺននាក់។ គណបក្ស​ប្រឆាំង​បាន​រិះគន់​រដ្ឋបាល​លោកអូបាម៉ា​ថា ជា​អ្នកលើកទឹកចិត្ត​ឲ្យ​កុមារ​បរទេស​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​ទឹកដី​អាមេរិក។ តាម​ ​ច្បាប់​ដើម្បី​ប្រឆាំង​ការជួញដូរ​មនុស្ស​ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៨ កុមារ​ឆ្លងដែន​ខុសច្បាប់ ដែល​គ្មាន​ឪពុកម្តាយ​អមដំណើរ និង​មាន​ប្រភព​មក​ពី​ប្រទេស​ផ្សេង​ក្រៅពី​កាណាដា​ និង​ម៉ិចស៊ិកមិន​ត្រូវ​​បាន​គេ​បញ្ជូន​​ភ្លាម​ឲ្យ​ត្រលប់​ទៅ​ប្រទេស​កំណើត​ទេ។ ពួកគេ​ត្រូវ​ឆ្លងកាត់​ជំនុំជម្រះ​របស់​ចៅក្រម​អាមេរិក ដែល​នឹង​ត្រូវ​ពិចារណា​តើ​កុមារ​ទាំងនោះ​នឹង​គួរ​បាន​សុំ​សិទ្ធិ​ជ្រកកោន ដើម្បី​ជៀសវាង​ពី​អំពើ​ហិង្សា​ក្នុង​ប្រទេស​កំណើត​ដែរឬទេ។ ​​​ដោយសារ​តែ​ខ្វះ​ចំនួន​ចៅក្រម និង​នីតិវិធី​មាន​រយៈពេល​យូរ កុមារ​មក​ពី​អាមេរិកកណ្តាល​កាន់តែច្រើន នៅជាប់ឃុំ។ ក្នុង​មួយឆ្នាំ ២០១៣​ រដ្ឋាភិបាល​អាមេរិក​បាន​ចំណាយ​ថវិកា​ជាង​ពីពាន់​លាន​ដុល្លារ សម្រាប់​ចិញ្ចឹម ផ្គត់ផ្គង់​សេវា​ដល់​កុមារ​អន្តោប្រវេសន៍។

ក្រុមបក្ស​សាធារណរដ្ឋ​បាន​បន្ទោស​ផងដែរ​ទៅលើ​នយោបាយ​របស់លោកអូបាម៉ា ដែល​កាលពី​ឆ្នាំ ២០១២ បាន​អនុញ្ញាត​ផ្តល់​លិខិត​រស់នៅ​បណ្តោះអាសន្ន ដល់​កុមារ​មួយចំនួន ដើម្បី​អាច​ឲ្យ​ពួកគេ​រស់នៅ​ជាមួយ​ឪពុកម្តាយ នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត​របស់​ចៅក្រម។ គួរដឹងថា មានឪពុកម្តាយ ជាច្រើន​បាន​ធ្វើលួច​ឆ្លងដែនជាមុន ​ចូល​មករស់នៅ​អាមេរិក និង​បាន​រត់ការ​ជួល​ក្រុម​មេខ្យល់​ឲ្យ​នាំផ្លូវ​កូន​របស់ខ្លួន​ទៅ​អាមេរិក​តាមក្រោយ។ ​តាមក្រុមសាធារណរដ្ឋ នយោបាយ​យោគយល់​របស់លោកអូបាម៉ា​បាន​ធ្វើ​ឲ្យ​កុមារ​ជាច្រើន​គិតថា ពួកគេ​នឹង​បាន​សិទ្ធិរស់នៅ​ស្របច្បាប់ និង​គ្មាន​ថ្ងៃ​ពួកគេ​ត្រូវ​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​​កំណើត​វិញទេ។​

ដើម្បី​បញ្ជាក់ថា លោក​មាន​ម៉ត់ចត់​ក្នុង​រឿង​ជនអន្តោប្រវេសន៍​ខុសច្បាប់ លោក​អូបាម៉ា​បាន​យល់ព្រម​ឲ្យ​គេ​បង្កើន​ប៉ូលិស ការយាមល្បាត តាមព្រំដែន និង​បាន​បញ្ជូន​អនុប្រធានាធិបតី​ គឺ​លោក​ចូ បាយឌិន​ឲ្យ​ធ្វើដំណើរ​ទៅបញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្វាតេម៉ាឡា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កុមារ​ធ្វើ​ដំណើរ​ផ្សងព្រេង​ចូល​ទៅក្នុង​ទឹកដី​អាមេរិក។ ប៉ុន្តែ យ៉ាងណាក៏ដោយ វិធានការ​របស់លោកអូបាម៉ា​នៅ​តែមាន​លក្ខណៈ​ស្រទន់​ នៅឡើយ ដោយ​វា​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​គេ​ចាប់បញ្ជូន​កុមារ​ដែល​ទើប​ឆ្លងចូលថ្មីៗ​ ទៅប្រទេស​កំណើត​វិញ។ ប៉ុន្តែមើលទៅ កុមារ​អន្តោប្រវេសន៍​រាប់ម៉ឺននាក់ ដែល​ឆ្លងចូល​យូរមកហើយ និង​កំពុង​រស់នៅ​ពាសពេញ ទឹកដី​អាមេរិក​ដោយខុសច្បាប់ នឹង​មិនត្រូវ​ប៉ះពាល់​ដោយ​នយោបាយ​រឹតបន្តឹង​ចុងក្រោយ​របស់​លោក​អូបាម៉ាទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ