អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ចេញ​របាយការណ៍​រិះគន់​តុលាការ​កម្ពុជា ចំ​ពេល​ឃោសនាបោះឆ្នោត

អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) នៅ​ថ្ងៃ​ទី ៣០ ឧសភា នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី ស្តី​ពី​ “ប្រព័ន្ធ​តុលាការ​ដែល​មិន​យុត្តិធម៌”នៅ​កម្ពុជា។ ជា​របាយការណ៍​ដែល​បាន​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ចំ​ពេលដែល​ប្រទេស​នេះ កំពុង​រៀប​ចំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ សម្រាប់​គណបក្ស​ប្រឆាំង បាន​ស្វាគមន៍​ចំពោះ​របាយការណ៍​នេះ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​របាយការណ៍​នេះ​ថា មាន​ចរិត​នយោបាយ និង​លំអៀង​ទៅ​រក​គណបក្ស​ប្រឆាំង។

រូបភាពចាស់៖ សកម្មជន​ដី​ធ្លី និង សកម្មជន​សិទ្ធិ​មនុស្ស ដែល​ត្រូវ​ឃាត់​ខ្លួន
រូបភាពចាស់៖ សកម្មជន​ដី​ធ្លី និង សកម្មជន​សិទ្ធិ​មនុស្ស ដែល​ត្រូវ​ឃាត់​ខ្លួន រូបភាពពីទំពរ័facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ជា​ភាសា​អង់គ្លេស​កម្រាស់​ជាង​៣០​ទំព័រ​នេះ បាន​ចោទ​ដោយ​ត្រង់ៗ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ថា កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិត​សំឡេង​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា។ របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ប្រព័ន្ធ​តុលាការ​ដែល​មិន​យុត្តិធម៌” នេះ បាន​កត់​សំគាល់​ថា ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​មក ប្រព័ន្ធ​តុលាការ​កម្ពុជា ហាក់​បាន​តម្រង់​ទិស​វាយ​ប្រហារ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​សហជីព សកម្មជន​ដី​ធ្លី និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​របស់​គណបក្ស​កាន់​អំណាច។

បើ​តាម Amnesty International ការ​ក្តាប់​យក​ប្រព័ន្ធ​យុត្តិធម៌​យ៉ាង​ណែន​ដៃ បាន​នាំ​អំណាច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ទៅ​លើ​សមាជិក​និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​គិត​មក​ទល់​នឹង​ពេល​នេះ មាន​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​នយោបាយ​សរុប​២៧​នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ហើយ​មនុស្ស​ជាង​១០០​នាក់​ផ្សេងទៀត បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ។ របាយការណ៍​នេះ បាន​ចោទ​ប្រកាន់​តុលាការ​កម្ពុជា​ដោយ​ត្រង់ៗ​ដែរ​ថា មាន​ចេតនា​រក្សា​ទុក​សំណុំ​រឿង​ជា​ច្រើន​ដោយ​មិន​ដំណើរ​ការ​ស៊ើប​អង្កេត​ឬ​កាត់​ទោស​នោះ​ទេ។

អ្វី​ជា​ការ​កត់​សំគាល់ ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​នៅពេល​នេះ គឺ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ដែល​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា អាច​នឹងធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​ផងដែរ។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា លោក ផៃ ស៊ី​ផាន បានចាត់ទុក​របាយការណ៍​នេះ​ថា ជា​របាយការណ៍​ដែល​មាន​ចរិត​នយោបាយ និង​គ្មាន​តម្លៃ​សម្រាប់​ការគិត​នោះទេ។ លោក​បានចាត់ទុក​របាយ​ការណ៍​នេះ​ថា បាន​សំដៅ​វាយប្រហារ​មកលើ​រដ្ឋាភិបាល​នៅ​មុនពេល​បោះឆ្នោត។ យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ី​ផាន បានការ​ពារ​ចំណាត់ការ​របស់​តុលាការ​កម្ពុជា​លើ​ករណី​ទាំងនេះ​ថា គឺជា​ការ​អនុវត្ត​ច្បាប់​តែប៉ុណ្ណោះ។

ចំណែក លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វាគមន៍​ចំពោះ​របាយការណ៍​នេះ​និង​បាន​ចាត់​ទុក​ថា ជា​របាយការណ៍​ដែល​បានផ្តល់​ភាពយុត្តិធម៌​ដល់​គណបក្សប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន ដែល​កំពុង​រង​បណ្តឹង​នៅក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា។ លោក​បានចាត់ទុក​របា​យ​ការណ៍​នេះ​ថា នឹង​អាចជួយ​ដល់​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ក្នុង​ពេល​បោះឆ្នោត​នាពេល​ខាង​មុខ​នេះ។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​បិទ​បញ្ចប់​របាយការណ៍​របស់​ខ្លួន Amnesty International បានផ្តល់​អនុសាសន៍​ជា​ច្រើន​ចំណុច​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​ក៏​បាន​ទាមទារ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ទាំង​នោះ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ