អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ

ជាថ្មី​ទៀត អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​បាតុភូត​ភ្លើង​ឆេះ​ព្រៃ។ ជា​ការ​អំពាវនាវ​ធ្វើ​ឡើង​បន្ទាប់​ពី​ករណី​ឆេះ​ព្រៃ​បាន​កើត​មាន​ជា​បន្តបន្ទាប់ នា​ពេល​អំឡុង​ពេល​រដូវ​ប្រាំង​នេះ។ បើតាម​ក្រសួង​បរិស្ថាន​ករណី​ឆេះ​ព្រៃ​កើត​មាន​នៅរៀង​រាល់​ឆ្នាំ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ពលរដ្ឋ​និង​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្ប​ទាន ត្រូវ​ចូល​រួមទ​ប់ស្កាត់ ព្រោះ​រដូវ​ប្រាំង​ឆ្នាំ​នេះ​អូស​បន្លាយ​យូរ។

រូបភាព៖ទិដ្ឋភាពភ្លើងឆេះព្រៃ​នាពេលកន្លងមក
រូបភាព៖ទិដ្ឋភាពភ្លើងឆេះព្រៃ​នាពេលកន្លងមក @សហការី
ផ្សាយពាណិជ្ជកម្ម

លោក នេត្រ ភត្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​​ថា ករណី​ឆេះ​ព្រៃ​បណ្តាល​មក​ពី​កត្តា​ពីរ​គឺ​ដោយ​សារ​ធម្មជាតិ និង​ទង្វើ​មនុស្ស។ ទង្វើ​មនុស្ស​តាម​រយៈ​ការ​ធ្វេស​ប្រហែស​នៅ​ក្នុង​ការ​ដុត​កម្ទេច​កម្ទីរ​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ចម្ការ​រួម​នឹង​ចោល​កន្ទុយ​បារីជា​ដើម។

តាមរយៈ​សកម្មភាព​នេះ​ក្រសួង​បរិស្ថាន​ស្នើ​ឲ្យ​ពលរដ្ឋ​ពន្លត់​សំណល់​ភ្លើង​ទាំង​នោះ​ដើម្បី​ចូលរួម​ចំណែក​ទប់​ស្កាត់​ការ​ឆេះ​ព្រៃ​ដោយ​ចៃ​ដន្យ។ នៅ​ក្នុង​ក្រប​ខណ្ឌធម្មជាតិ​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ជា​រឿង​ធម្មតា​ដែល​តែង​កើត​មាន​នៅ​រៀង​រាល់​ឆ្នាំ ហើយ​វា​មាន​ប្រយោជន៍​សម្រាប់​ដុត​បំផ្លាញស្លឹក​ឈើ​ដែល​មាន​កម្រាស​ក្រាស​ជ្រុល​មក​ជា​រៀង​រាល់​ថ្ងៃ។ ម្យ៉ាង​គ្រាប់​ធម្មជាតិ​ខ្លះ​ត្រូវ​ការ​ឆេះសិន ទើប​ដុះ​ពន្លក​មក​ជា​ថ្មី។

គេ​នៅ​ចាំ​បាន​ថា ក្រសួង​បរិស្ថាន កាល​ពី​ខែ​មករា បាន​ជូន​ដំណឹង ជុំវិញ​វិធានការ​ការពារ និងទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់​ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ។ ក្នុង​ករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃធ្ងន់ធ្ងរ សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រញាប់​ចាត់​វិធានការ​ទប់​ស្កាត់​ជា​បន្ទាន់ តាមរយៈការ​ប្រកាស​អាសន្ន ។

ប៉ុន្តែ​ជា​ការ​កត់​សម្គាល់​ទោះ​ជា​មាន​ការ​អំពាវនាវ​ម្ដង​ជា​ពីរ​ដង​យ៉ាង​ណា​ក៏​ដោយ​តែ​ករណី​ឆេះព្រៃ​នៅ​កើត​មាន​ចាប់​តាំង​ពី​រដូវ​ប្រាំង​ចូល​មក។ លោក គឹម សេតារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​ខ្លាំង​នៅ​តំបន់​កោះកេរ​គឺ​ភ្លើង​ឆេះ​ព្រៃ។ ភ្លើង​ឆេះ​ព្រៃ​ដែល​ជា​រឿយៗ​នៅ​តំបន់​កោះកេរ​ក្នុង​រដូវ​ប្រាំង អ្នក​ពាក់ព័ន្ធ​ពិបាក​ទប់ស្កាត់ ដោយ​សារ​ខ្វះ​សម្ភារ​ដូច​ជាឡាន​ទឹក​ជា​ដើម។

គួរ​ជម្រាប​ជូន​ថា កម្ពុជា​បាន​ទទួល​រង​ដោយ​ប្រយោល នូវ​ឥទ្ធិពល​បាតុភូត អែល​នីណូ (El Nino) ដែល​នឹង​បង្ក​ឱ្យ​ធាតុ​អាកាស​នា​រដូវ​ប្រាំង​នេះ ពិសេស​ក្នុងខែមេសា និងឧសភា មានសភាព​ក្តៅ​ហួត​ហែង សីតុណ្ហ​ភាព​អតិបរមា នៅ​ពេល​ខ្លះ​អាច​ហក់​ឡើង​ដល់ ៤០​អង្សា ទៅ៤២អង្សា។ អាកាសធាតុ​ក្តៅហួត​ហែង​របៀប​នេះ នឹង​ធ្វើ​ឱ្យ​ព្រៃ​ឈើ​នៅ​កម្ពុជា ងាយ​ទទួល​រង​នូវបាតុភូត​ភ្លើង​ឆេះ​ព្រៃ ដោយ​សារ​កត្តា​ធម្មជាតិ និង​សកម្ម​ភាព​មនុស្ស៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ