rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ដើម្បី​ថែ​រក្សា​អ្នក​អាន​

ដោយ អ៊ឹម រចនា

ថ្ងៃ​ទី​១១​មីនា​នេះ គឺ​ជា​ទិវា​ជាតិ​អំណាន​។ ចាប់​តាំង​ពី​មាន​ការ​បង្កើត​ទិវា​ជាតិ​អំណាន​នៅ​ឆ្នាំ២០១៦​មក គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ងាក​មក​អាន​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​​​។ កំណើន​និង​សេចក្ដី​ត្រូវការ​របស់​អ្នក​អានដូច្នេះ កើត​ឡើង​ស្រប​ពេល​ដែល​ចំនួន​និង​សមត្ថភាព​របស់​អ្នក​និពន្ធ​ខ្មែរ​​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​។ ដើម្បី​ថែ​រក្សា​កំណើន​នៃ​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា អ្នក​ជំនាញ​ស្នើ​ឲ្យ​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី ​រួស​រាន់​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​​បន្ថែម​ទៀត​។ 

ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អាន​សៀវភៅ​នៅ​កម្ពុជា មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​ស្គាល់​។ សន្ទុះ​អ្នក​អាន​សៀវភៅ​ខ្មែរ​ដែល​កើន​ឡើង​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។ មាន​កត្តា​សំខាន់​ៗ​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​អាន​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​។ ទី​១ គឺ​ការ​អប់រំ​ផ្សព្វផ្សាយ​ទូលំទូលាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​បណ្ដាញ​សង្គម ដែល​ចាប់​ផ្ដើម​ផ្ដល់​តម្លៃ​ និង​លើក​កម្ពស់​​ការ​អាន​សៀវភៅ​។ ទី​២ គឺ​ការ​បង្កើត​ឲ្យ​មាន​ពិព័រណ៍​សៀវភៅ​ជា​ទៀងទាត់ ជា​រៀង​រាល់​ឆ្នាំ​។ និង​ទី​៣ ការ​បង្កើត​ទិវា​ជាតិ​អំនាន ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​។

មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​អំពី​ចំនួន​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា​ដែល​កើន​ឡើង​សព្វ​ថ្ងៃ​នេះ​ទេ​។ ប៉ុន្តែ​សន្ទុះ​នៃ​កំណើន​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ឡើង តាម​រយៈ​ចំណង​ជើង​សៀវភៅ ​ដែល​បោះ​ពុម្ព​ដាក់​លក់​កាន់​តែ​ច្រើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​បណ្ណាគារ និងតូប​​លក់​សៀវភៅ​នានា​។ ​ការ​បោះពុម្ព​សៀវភៅ​កាន់​តែ​ច្រើន មាន​ន័យ​ថា អ្នក​អាន​ក៏​មាន​ចំនួន​ច្រើន​ឡើង​។

ទន្ទឹម​នឹង​សន្ទុះ​កើន​ឡើង​នៃ​អ្នក​អាន​សៀវភៅ​នៅ​កម្ពុជា​នេះ គេ​សង្កេត​ឃើញ​ថា នៅ​តាម​តូប​លក់​សៀវភៅ និង​បណ្ណាគារ​នានា សៀវភៅ​ថ្មី​ៗ​ដែល​បោះ​ពុម្ព​ផ្សាយ​ជា​ខេមរភាសា ភាគ​ច្រើន​លើស​លុប គឺ​ជា​សៀវភៅ​ដែល​បក​ប្រែ​ពី​ភាសា​បរទេស​។ សៀវភៅ​​របស់​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​ មាន​ចំនួន​តិច​តួច​នៅ​ឡើយ​។ នេះ​ក៏​ព្រោះ​តែ​អ្នក​និពន្ធ​ខ្មែរ​នៅ​មាន​ចំនួន​តិច​។ ហើយ​​ក្នុង​ចំណោម​ចំនួន​​ដ៏​តិច​នោះ​ទៀត​សោត អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី​ដែល​មាន​សមត្ថភាព ក៏​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ទៀត​។

អ្នក​និពន្ធ​ ជា​មនុស្ស​សេរី និង​ជា​អ្នក​ច្នៃ​ប្រឌិត​បង្កើត​ថ្មី ដែល​ត្រូវ​ការ​ដឹង​រឿង​រ៉ាវ​ ក្នុង​ធម្មជាតិ​​ និង​សង្គម​ជា​ច្រើន ដើម្បី​យក​មក​ប្រឌិត​ប្រៀប​ធៀប​ ទៅ​តាម​ទំនោរ​នៃ​ឆន្ទៈរបស់​ខ្លួន ទុក​ជា​ការ​កំសាន្ត និង​ពិចារណា សំដៅ​ទៅ​រក​ការ​បង្កើត​គំនិត​ថ្មី។ អ្នក​និពន្ធ​អាច​តាក់​តែង​ព្រឹត្តិការណ៍​មួយ​ ទៅ​ជា​កំណាព្យ​ ជា​រឿងប្រឌិត ជា​ចម្រៀង ភាព​យន្ត និង​រូប​ត្លុកកំប្លុក​កំប្លែង​ក៏​មាន​ដែរ ទៅ​តាម​ជំនាញ​ ឬ​ទេពកោសល្យ​របស់​ខ្លួន ដោយ​រើស​យក​​ស្ថានការណ៍​​សង្គម​ណាមួយ​​ ទុក​ឲ្យ​អ្នក​អាន​ពិចារណា។​

ក្នុង​ទសវត្សរ៍ទី​៥០ ៦០ និង​៧០ អ្នក​និពន្ធ​ខ្មែរ​មួយ​ចំនួន ប្រឹង​ប្រែង​ត្រួស​ត្រាយ​កសាង​ស្នា​ដៃ​របស់​ខ្លួន​ រហូត​ទទួល​បាន​ការ​គាំទ្រ​​ពី​សាធារណជន ពិសេស​ក្នុង​របប​សាធារណរដ្ឋ ដែល​មាន​ការ​បោះ​ពុម្ព​ផ្សាយ​ច្រើន។ ឯ​​បច្ចុប្បន្ន អ្នក​និពន្ធ​ហាក់​បាន​ចាត់​ទុក​ជា​ក្រុម​មនុស្ស​ ដែល​មិន​មាន​សារៈ សំខាន់ និង​ពុំ​មាន​អ្នក​គ្រប់​គ្រង​ត្រឹម​ត្រូវ​។ ទោះ​បី​មាន​ក្រុម​ សមាគម​អ្នក​និពន្ធ​ពីរ ឬ​បី ប្រឹង​ប្រែង​ឈរ​ដោយ​​ខ្លួន​ឯង ទាំង​ត្រដាប​ត្រដួស​ក៏​ដោយ​ ក៏​គេ​មិន​អាច​រក​ឃើញ​ភាព​​ច្បាស់​លាស់​មួយ​​ ដើម្បី​អភិវឌ្ឍ​​ន៍​វិស័យ​សំណេរ​ និង​ជា​ទី​សង្ឃឹម​ សម្រាប់​អ្នក​និពន្ធ​ខ្មែរ​ស្រករ​ថ្មី​ឡើយ។​​

នៅ​ប្រទេស​កម្ពុជា វិជ្ជា​និពន្ធ មិន​ទាន់​ជា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​មួយ ដូច​មុខ​វិជ្ជា​ឯទៀត​ទេ។ ការ​ដែល​ប្រជា​ជន​ខ្មែរ​មួយ​ចំនួនបច្ចុប្បន្ន អាច​តាក់​តែង​និពន្ធ​បាន ការ​ដែល​គេ​ហៅ​អ្នក​និពន្ធ​ ជា​អ្នក​និពន្ធ​ មាន​តិច​ណាស់​ ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​និពន្ធ។ ឯ​ការ​បណ្តុះ​បណ្តាល​ទៀត​សោត​ មាន​រយៈ​ពេល​ខ្លី​ ហើយ​មិន​មាន​មេរៀន​ច្បាស់​លាស់​តាម​បែប​វិជ្ជា​ជីវៈ សម្រាប់​អ្នក​សិក្សា​ឡើយ។ គ្រូ​បង្រៀន​មួយ​ចំនួន​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ទៅ​ក្នុង​ថ្នាក់​ គ្រាន់​តែ​ជា​អ្នក​ឧទ្ទេស​នាម រំលែក​បទ​ពិសោធន៍​ ដែល​ពួកគាត់​មាន​ទៅ​ឲ្យ​អ្នក​ជំនាន់​ថ្មី​តែ​ប៉ុណ្ណោះ។ គ្រូ​បង្រៀន​មុខ​វិជ្ជា​តែង​និពន្ធ​នោះ​ទៀត​សោត ច្រើន​តែ​​បង្ហាញ​សើ​ៗទៅ​សិក្ខាកាម​ ពី​របៀប​សរសេរ​កំណាព្យ​ ឬ​ប្រលោមលោក​តាម​បែប​បុរាណ ​ជាជាង​វែក​ញែក​បង្ហាញ​ពី​គំនិត​ដែល​មាន​នៅ​ក្នុង​អត្ថបទ​អក្សរ​សិល្ប៍​ទាំង​នោះ​ ឬ​បង្កើត​គំនិត​ថ្មី សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​អាន​ក្នុង​សង្គម​សព្វថ្ងៃ។ ពេល​ខ្លះ វាគ្មិន​មិន​ហ៊ាន​បក​ស្រាយ​នូវ​ទស្សនៈ​របស់​រឿង​ ដែល​ឆ្លុះ​បញ្ចាំង​មក​សង្គម​ ឬសំណួរ​របស់​សិក្ខាកាម​ ព្រោះ​គាត់​បារម្ភ​ គឺ​បារម្ភ​ថា អាច​នឹង​ប៉ះ​ពាល់​ដល់​ផ្នែក​នយោបាយ​ ឬ​ការ​ដឹកនាំ​របស់​ស្ថាប័ន​ខ្លះ​ក្នុង​រដ្ឋាភិបាល​ក៏​មាន​ដែរ។​ នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី មិន​បាន​ឈាន​ឲ្យ​ដល់​ស្តង់ដារ​នៃ​អត្ថន័យ​និង​តម្លៃ​នៃ​អ្នក​និពន្ធ​ដ៏​ពិត​ប្រាកដ​។

អ្នក​និពន្ធ គឺ​ជា​មូលដ្ឋាន​គ្រឹះ​បង្កើត​ស្នាដៃ​សម្រាប់​អ្នក​អាន​។ ហើយ​សន្ទុះ​កើន​ឡើង​នៃ​អ្នក​អាន​សៀវភៅ គឺ​ជា​សាក្សី​ដ៏​សំខាន់ ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា គ្រាប់​ពូជ​នៃ​ទម្លាប់​អាន​សៀវភៅ​នៅ​កម្ពុជា ចាប់​ផ្ដើម​រីក​ដុះ​ដាល​​ឡើង​វិញ​ហើយ​​។ គឺ​ទម្លាប់​អាន​សៀវភៅ​នេះ​ហើយ ដែល​ជា​កត្តា​រួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​​អភិវឌ្ឍ​ប្រាជ្ញា​ស្មារតី​របស់​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​ប្រទេស​។ ប៉ុន្តែ​ប្រសិន​បើ​ខ្មែរ នៅ​តែ​ខ្វះ​អ្នក​និពន្ធ​ប្រកប​ដោយ​សមត្ថភាព​និង​គុណភាព ហើយ​បណ្ដែត​បណ្ដោយ​ឲ្យ​ទីផ្សារ​សៀវភៅ​ខ្មែរ ​លុកលុយ​ដោយ​សៀវភៅ​បក​ប្រែ​ពី​ភាសា​បរទេស នោះ​ចំណាប់​អារម្មណ៍​របស់​អ្នក​អាន​អាច​នឹង​ថយ​ចុះ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំ​ខាន​។ ការ​បណ្ដុះទម្លាប់​អាន​សៀវភៅ​ជា​រឿង​ដ៏​ល្អ​ ដែល​ត្រូវ​តែ​បន្ត​លើក​ទឹក​ចិត្ត ប៉ុន្តែ​ការ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ក៏​ជា​រឿង​ចាំ​បាច់ ដែល​មិន​អាច​មើល​រំលង​បាន​ដែរ​៕

​ជំនឿ​អរូបិយ​នៅ​តែ​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ខ្មែរ​

​កម្ពុជា-ចិន​៖ ​ទំនាក់​ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​

​កា​ររួប​រួម​គណ​បក្ស​រាជា​និយម ​ផ្ដល់​ប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​

​អាជ្ញា​ធរ​ខ្មែរ​គួរ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​

​ប្រាសាទ​បុរាណ​ខ្មែរ ​ត្រូវ​ការ​​ចូល​រួម​ថែ​រក្សា​ពី​សំណាក់​ពល​រដ្ឋ​គ្រប់​រូប​​

​វប្បធម៌​លើក​តម្កើង​បុគ្គល​នៅ​ក្នុង​សង្គម​កម្ពុជា​

​គុណ​ភាព សុក្រឹត​ភាព តម្លា​ភាព ​និង​យុត្តិ​ធម៌​នៃ​ការ​ប្រលង ​នៅ​តែ​មាន​បើ​ទោះ​ណា​គ្មាន​ACU​

​ចប់​បាក់​ឌុប ​យុវ​ជន​គួរ​សម្រុក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​

​ច្បាប់​ស្តី​ពី​គោល​នយោ​បាយ​ជាតិ​ភាសា​ខ្មែរ ​នឹង​ជួយ​ផ្តល់​តម្លៃ​ខេមរៈ​ភាសា ស្រប​ពេល​ស្លាក​យី​ហោ​ភាសាខ្មែរ ត្រូវ​ចិន​សរសេរ​ខុស​យ៉ាង​អាណាធិបតេយ្យ​?​

​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង​!​

​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​តែ​អត់​ពាក្យ​នាំ​ដដែល ខណៈ​រដ្ឋា​ភិបាល​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ និង​ផ្តល់​ការ​រៀន​សូត្រ​

​តុលា​ការ​ប្រជាជន​ នៅ​តែ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​!​

​ដល់​ពេល​ដែល​ត្រូវ​គិត​គូរ​ពី​គុណ​ភាព​សំណង់​!​

​ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ?

​បរិស្ថាន​ល្អ គ្មាន​សំរាម អាស្រ័យ​ដោយ​ឆន្ទៈ​រួម​គ្នា​រវាង​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋ​

​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​ផ្លូវ​ទាល់​?​

ការ​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​របស់​វិនិយោគិន​ចិន ​និង​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ ​មិនអាច​ខ្វះ​មួយ​ណា​ឡើយ

​គួរ​បើក​វចនា​នុក្រម​ខ្មែរ ឲ្យ​បាន​ញឹក​ញាប់​ដូច​បើក​វចនានុ​ក្រម​ភាសា​បរទេស​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​