អានតួអត្ថបទ
កម្ពុជា-ច្បាប់

ឧទ្ធរណ៍​តំកល់​សាល​ក្រម​សំណុំ​រឿង​អតីត​គ្រូ​ពេទ្យ យ៉ែម ជ្រិន

នៅ​ថ្ងៃ​ទី​៨​កញ្ញា​នេះ សាលា​ឧទ្ធរណ៍ បាន​សម្រេច​តំកល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ក្នុង​សំណុំ​រឿង​គ្រូ​ពេទ្យ យ៉ែម ជ្រិន ដែល​ជាប់​ចោទ​ពី​បទ​ធ្វេស​ប្រហែស ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​២០០​នាក់​នៅ​ភូមិ​រកា ខេត្ត​បាត់​ដំបង ឆ្លង​មេរោគ​អេដស៍ កាល​ពី​ឆ្នាំ​២០១៤។

លោក​គ្រូពេ​ទ្យ​យ៉ែម ជ្រិន ​ដែល​​ចោទ​ប្រកាន់​ថា ​បាន​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​រកា ​ខេត្ត​បាត់​ដំបង​
លោក​គ្រូពេ​ទ្យ​យ៉ែម ជ្រិន ​ដែល​​ចោទ​ប្រកាន់​ថា ​បាន​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​រកា ​ខេត្ត​បាត់​ដំបង​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្ដី​សម្រេច​របស់ ឧទ្ធរណ៍​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​អតីត​លោក​គ្រូ​ពេទ្យ ​យ៉ែម ជ្រិន ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​២៥​ឆ្នាំ ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​៥​លាន​រៀល។

តែ​យ៉ាង​ណា​ក៏​ដោយ​មុន ឧទ្ធរណ៍​សម្រេច​តំកល់​សាល​ក្រម​នេះ​គ្រូ​ពេទ្យ យ៉ែម ជ្រិន កាល​ពី​ថ្ងៃ​ទី​១៧​សីហា បាន​ស្នើ​ឲ្យ​ចៅ​ក្រម​បន្ថយ​ទោស​ខ្លួន​ពី​២៥​ឆ្នាំ មក​ត្រឹម​១៥​ឆ្នាំ​វិញ។ តែ​ព្រះ​រាជ​អាជ្ញា​លើក​ឡើង​ថា ការ​ដាក់​ទោស​២៥​ឆ្នាំ​របស់​សាលា​ដំបូង​ខេត្ត​បាត់​ដំបង គឺ​តុលាការ​បាន​សម្រាល​ទោស​ឲ្យ​ហើយ។ តាម​ត្រូវ លោក យ៉ែម ជ្រិន​ត្រូវ​ជាប់​ទោស​ពី​៣០​ឆ្នាំ​ដល់​១​ជីវិត​ឯណោះ។

លោក អ៊ុក វណ្ណដេត មេធាវី​ការពារ​ក្ដី​គ្រូពេទ្យ យ៉ែម ជ្រិន បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា នៅ​សប្ដាហ៍​ក្រោយ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​លោក យ៉ែម ជ្រិន នៅ​បាត់​ដំបង ដើម្បី​ពិភាក្សា​លើ​បណ្ដឹង​សារ​ទុក្ខ​ទៅ​កាន់​តុលាការ​កំពូល។

សូម​រម្លឹក​ថា តុលាការ​បាត់​ដំបង ​ចោទ​ប្រកាន់​លោក​យ៉ែម ជ្រិន ​បី​បទ​ល្មើស​ផ្សេង​គ្នា​ គឺ​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ​បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ ​និង​បទ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​តែ​មរណៈ​នៃ​ជន​រងគ្រោះ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ឃុំរកា ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង តាំងពី​អំឡុង​ឆ្នាំ​១៩៩៦ ​ដល់​ឆ្នាំ​២០១៤។ ក្រៅ​ពី​នេះ​តុលា​ការ​ខេត្ត​បាត់ដំបង​ក៏​បាន​ហាម ​លោក​យ៉ែម ជ្រិន ​ប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្រ្ត ​អម​វេជ្ជសាស្រ្ត​ និង​ជំនួយ​វេជ្ជសាស្រ្ត​ថែម​ទៀតផង។​

តាម​រយៈ​ការ​ជំនុំ​ជម្រះ​នា​ពេល​កន្លង​មក លោក យ៉ែម ជ្រិន បាន​ទទួល​ស្គាល់​កំហុស​ឆ្គង​​​ និង​ការ​ធ្វេស​ប្រហែស​របស់​ខ្លួន​ដោយ​ការ​ច្រឡំ​ប្រើ​ប្រាស់​ម្ជុល​រួម​គ្នា។ អ្វី​ដែល​លោក​កាន់​តែ​សោក​ស្ដាយ​ទៀត​នោះ​គឺ​ម្ដាយ​ក្មេក​ និង​ញាតិ​គាត់​ក៏​មា​ន​ផ្ទុក​មេរោគ​អេដសន៍​នេះ​ដែរ។

​គិត​ក្នុង​ឆ្នាំ​២០១៥ ​អ្នក​​ភូមិ​រកា​ ដែល​​រង​ការ​​ចម្លង​​មេរោគ​​អេដស៍​​ដោយ​សារ​​តែ​​លោក​​គ្រូ​​ពេទ្យ​​យ៉ែម ​ជ្រិន​ មាន​​១០​​នាក់​​ហើយ​​បាន​​ស្លាប់​​បាត់​បង់​​ជីវិត។ ​អ្នក​​ស្លាប់​​ទាំង​​នោះ ​មាន​​ប្រុស​​ ៦​​នាក់ និង​​ស្រី ​ចំនួន​​៤​​នាក់។ មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល​បាន​អះ​អាង​មាន​មនុស្ស​ចាស់​មួយ​ចំនួន​បាន​ស្លាប់​ដែរ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក។​

ដោយ​ឡែក​ចំពោះ​ស្ថានភាព​ទូទៅ​នៅ​ភូមិ​រកា​ពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​ពួក​គាត់​១០០​ភាគ​រយ​ទទួល​បាន​ការ​ព្យា​បាល។ នៅ​ទី​នោះ​ក្រសួង​​ក៏​បាន​បង្កើត​មន្ទីរពេទ្យ​បង្អែក​ជំនួស​មណ្ឌល​សុខភាព​ផង​ដែរ​ ដែល​មាន​វិសាលភាព​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​មិន​ខ្វះ​ខាត​ដូច​មុន។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក លី ពេញស៊ុន ប្រធាន​​មជ្ឈមណ្ឌល​​ជាតិ​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​​ សើ​​ស្បែក និង​​កាមរោគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ