rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អាមេរិក ប្រជាធិបតេយ្យ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋាភិបាលកម្ពុជា ច្រាន​ចោល​របាយការណ៍​អាមេរិក​ដែលថា ប្រមុខ​ដឹកនាំ​កម្ពុជា ជា​អ្នក​គំរាមកំហែង​ប្រជា​ធិ​តេ​យ្យ​

media
របាយការណ៍​ទី​ភ្នាក់​ងារ​ចារកិច្ច​អាមេរិក @សហការី

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ទីភ្នាក់ងារ​ចារ​កិច្ច​អាមេរិក ចាត់​ទុក​ជា​មេដឹកនាំ​គំរាមកំហែង​ប្រជាធិបតេយ្យ នៅក្នុង​របាយការណ៍​វាយតម្លៃ​ការគំរាម​កំហែង​ប្រជាធិបតេយ្យ​នៃ​ទី​ភ្នាក់​ងារ​ចារកិច្ច​អាមេរិក ចុះផ្សាយ​កាល​ពី​ថ្ងៃទី ១៣ ខែ​កុម្ភៈ។ យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ច្រាន​ចោល​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ និង​ចាត់ទុក​របាយការណ៍​អាមេរិក​នេះ​ថា មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថាន​ភាព​នៅ​កម្ពុជា​។


របាយការណ៍​ទី​ភ្នាក់​ងារ​ចារកិច្ច​អាមេរិក ​ចំនួន​២៨ ទំព័រ បាន​វាយតម្លៃ​ទៅ​លើ​ប្រទេស​ច្រើន​ជាង​១០ ដោយ​ផ្ដោត​លើ​បញ្ហា​ផ្សេងៗ​គ្នា រួម​មាន​គំរាមកំហែង​សិទ្ធិ​មនុស្ស ការ​បង្ក្រាប​ដោយ​ខុសច្បាប់ និង​រឹត​ត្បិត​សិទ្ធិ​បញ្ចេញ​មតិ​ជា​ដើម​។ ក្នុង​របាយការណ៍ ក៏​បាន​វាយតម្លៃ​ប្រទេស​ចំនួន​៤ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ដែរ ដោយ​ក្នុង​នោះ​រួម​មាន ប្រទេស​ថៃ ភូមា កម្ពុជា និង​ហ្វីលីពីន​។​ តាមរយៈ​ការ​វាយ​តម្លៃ​របស់​របា​យ​ការណ៍​អាមេរិក​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គូ ឌូ​ទែរ​តេ ត្រូវ​បាន​ចាត់​ទុកថា ជា​មេ​ដឹក​នាំ​គំរាម​កំហែង​ប្រជាធិបតេយ្យ​។

ទី​ភ្នាក់ងារ​ចារកិច្ច​អាមេរិក តាម​រយៈ​របាយការណ៍​វាយតម្លៃ​ការ​គំរាម​កំហែង​ប្រជាធិបតេយ្យ​របស់​ខ្លួន បានលើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​កៀប​សង្កត់​លើ​ស្ថាប័ន​ឯករាជ្យ និង​សង្គម​ស៊ីវិល​។ ហើយ​លោក ហ៊ុន សែន នឹង​បន្ត​ប្រើ​ប្រាស់​ស្ថាប័ន​យុត្តិធម៌ អំណាច​និង​អំពើហិង្សា​ផ្នែក​នយោបាយ ដើម្បី​ធានា​ដល់​ការ​ឈ្នះឆ្នោត ​កាន់​អំណាច នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៨ ខាង​មុខ​នេះ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន កំពុង​បំផ្លាញ​ទំនាក់ទំនង​ជាមួយ​ដៃគូ​លោក​ខាង​លិច ហើយ​ងាក​ទៅ​ពឹង​ផ្អែកលើ​គោលនយោបាយ​ក្រុង​បេ​កាំ​ង និង​ការទទួល​ហិរញ្ញ​វ​ត្តុ​គាំទ្រ​ពី​ចិន ដែល​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ជាមួយ​ប្រទេស​មហា​អំណាច​មួយ​នេះ។​ នេះ​បើ​តាម​ទីភ្នាក់ងារ​ចារ​កិច្ច​អាមេរិក​។

យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផា​ន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ច្រាន​ចោល​នូវ​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក និងចាត់​ទុក​ ស្ថាប័ន​ដែល​ចេញ​ផ្សាយ​របាយការណ៍​នេះ ​មិន​យល់​ច្បាស់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា។ ការណ៍​មិន​យល់​ច្បាស់​ពី​ស្ថាន​ភាព​នៅ​កម្ពុជា​ ដែល​អាច​នាំឲ្យ​មជ្ឈដ្ឋាន​ជាតិ និងអន្តរជាតិ យល់​ច្រឡំ​ពី​កម្ពុជា។ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​អះអាង​ថា រដ្ឋា​ភិបាល​កម្ពុជា​បច្ចុប្បន្ន រក្សា​បាន​នូវ​សន្តិភាព និង​ស្ថេរភាព ជាពិសេស​ការ​ធានា បាន​នូវ​សេរី​ពហុបក្ស​ សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​។ លោក ផៃ ស៊ីផាន បន្ថែម​ថា សូម្បី​តែ​សហរដ្ឋអាមេរិក​ខ្លួន​ឯង ក៏មិន​ទាន់​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ​នោះ​ដែរ។

ក្រៅ​ពី ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​ជាប់​ឈ្មោះ មេ​ដឹក​នាំ​គំរាម​កំហែង​ប្រជាធិបតេយ្យ​ នៅ​ក្នុង​របាយការណ៍​របស់​ទីភ្នាក់ងារ​ចារ​កិច្ច​កម្ពុជា ក៏​មាន​ផង​ដែរ ប្រធានាធិបតី​ហ្វីលពីន លោក រ៉ូឌ្រីហ្គូ ឌូទែរតេ។ របាយការណ៍​ដដែល បាន​លើក​ទឡ្ហីករណ៍​ពី​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ការប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​របស់​រដ្ឋា​ភិ​បាល​លោក​ឌូ​ទែរ​តេ ខណៈ​រដ្ឋាភិបាល​ប្រើប្រាស់​អំណាច ដើម្បី​គំរាមកំហែង​ដល់​អ្នកប្រឆាំង​ខ្លួន​។​ ក្រៅពី​វាយតម្លៃ​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ហ្វីលីពីន​នេះ របាយការណ៍​អាមេរិក ក៏បាន​វាយតម្លៃ​ទៅលើ​បញ្ហា​រៀបចំ​ច្បាប់​ក្នុងប្រទេស​ថៃ និង​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា នៅ​ប្រទេស​មី​យ៉ាន​ម៉ា ក៏ដូចជា​បញ្ហា​អាវុធ​នុយក្លេអ៊ែរ ក្នុងប្រទេស​កូរ៉េខាងជើង​ជាដើម​៕