អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​ជា​លើក​ទី ១

ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១២ ខែ​ឧសភា​ខាង​មុខ​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ដើម្បី​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន​ឆ្នាំ ២០១៧​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ វេទិកា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​អ្នក​ចូល​រួម​ដែល​ជា​ប្រមុខ​រដ្ឋាភិបាល រដ្ឋមន្រ្តី និង​តំណាង​ក្រុមហ៊ុន​នានា​ប្រមាណ​ជាង ៦០០​នាក់។

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន​ជា​លើក​ទី ១
កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន​ជា​លើក​ទី ១ @uyfc.cambodia
ផ្សាយពាណិជ្ជកម្ម

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន​ឆ្នាំ ២០១៧​ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ​ថា “យុវជន បច្ចេកវិទ្យា និង​កំណើន” ដែល​ជា​ប្រធាន​បទ​មាន​សារៈ​សំខាន់​មួយ​ជា​ពិសេស​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា​នៅ​ក្នុង​ទីផ្សារ​តំបន់ និង​ពិភព​លោក។ លោក Justin Wood ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក បាន​លើក​ឡើង​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា ការ​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​នឹង​អាច​ឲ្យ​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​ពី​វេទិកា​នេះ​ក៏​ដូច​ជា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​វាលគ្មិន​នានា​ដែល​សុទ្ធ​សឹង​តែ​ជា​មនុស្ស​មាន​ឥទ្ធិពល​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភព​លោក។

ចំណែក​លោក​ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន​នេះ ក៏​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែរ​ថា វេទិកា​នេះ គឺ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ និង​បង្ហាញ​ពី​រូបភាព​នៃ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក។ ជាមួយ​គ្នា​នេះ វា​នឹង​ផ្តល់​ឱកាស​ដល់​វិនិយោគិន​បរទេស​នានា អាច​មក​ដល់​កម្ពុជា​និង​ស្វែង​យល់​ពី​កម្ពុជា​ដោយ​ផ្ទាល់​ដែល​ជា​ការ​ទាក់​ទាញ​វិនិយោគិន​បរទេស​ជា​ច្រើន​បន្ថែម​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា។ លោក​រដ្ឋមន្រ្តី​ស៊ុន ចាន់ថុល ក៏​បាន​រំពឹង​ដែរ​ថា បន្ទាប់​កិច្ច​ប្រជុំ​នេះ កម្ពុជា​ក៏​អាច​នឹង​ទទួល​បាន​វិនិយោគិន​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន​បន្ថែម​ទៀត មក​វិនិយោគ និង​មក​ដើរ​លេង​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន​ឆ្នាំ ២០១៧ នឹង​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ វេទិកា​នេះ នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ៦០០នាក់ ក្នុង​នោះ​នឹង​មាន​ប្រមុខ​រដ្ឋាភិបាល ៤​ប្រទេស​ចូល​រួម​ដូច​ជា​ប្រធានាធិបតី​ហ្វីលីពីន នាយក​រដ្ឋមន្រ្តី​វៀតណាម នាយក​រដ្ឋមន្រ្តី​ឡាវ រួម​ទាំង​រដ្ឋមន្រ្តី​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ ក៏​មាន​តំណាង​ក្រុមហ៊ុន​នានា​ចំនួន​ជាង ៣៥០​នាក់​ទៀត​ចូល​រួម​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ