អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារ​ពិភព​លោក៖ កម្ពុជា​រួច​ផុត​ពី​ភាព​ក្រីក្រ​តោក​យ៉ាក តែ​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ

កាល​ពី​ពេល​ថ្មីៗ​នេះ ធនាគារ​ពិភព​លោក​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដោយ​លើក​ឡើង​ថា​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ជា​ក្រុម​ប្រទេស “ចាក​ផុត​ពី​ភាព​ក្រីក្រ​តោក​យ៉ាក” ប៉ុន្តែ​វណ្ណៈ​កណ្តាល​ស្ថិត​ក្នុង​ទំហំ​តូច​នៅ​ឡើយ។ ចំណែក អ្នក​សេដ្ឋកិច្ច​វិញ មើល​ឃើញ​ថា​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៤​លាន ទៅ​៥​លាន​នាក់​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ។

ធនាគារ​ពិភព​លោក៖ កម្ពុជា​រួច​ផុត​ពី​ភាព​ក្រីក្រ​តោក​យ៉ាក តែ​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ
ធនាគារ​ពិភព​លោក៖ កម្ពុជា​រួច​ផុត​ពី​ភាព​ក្រីក្រ​តោក​យ៉ាក តែ​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ @google
ផ្សាយពាណិជ្ជកម្ម

ក្នុង​របាយការណ៍​ស្តី​ពី ផល​ចំណេញ​ពី​ភាព​ចម្រុង​ចម្រើន​បច្ចុប្បន្ន៖ អព្ភូតហេតុ​តំបន់​អាស៊ី​បូព៌ា​សម្រាប់​សតវត្សរ៍​ទី​២១ ចាត់​ទុក​ក្រុម​ប្រទេស ដែល​មាន​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​កម្ពុជា ថា​ជា​ក្រុម​ប្រទេស “ចាក​ផុត​ពី​ភាព​ក្រីក្រ​តោក​យ៉ាក” ឬ​ដែល​មាន​ភាព​ក្រីក្រ​តោក​យ៉ាក​ក្នុង​កម្រិត​ទាប ប៉ុន្តែ​វណ្ណៈ​កណ្តាល​ស្ថិត​ក្នុង​ទំហំ​តូច​នៅ​ឡើយ ហើយ​ប្រជាជន​មួយ​ភាគ​នៃ​ប្រទេស​ទាំង​នេះ គឺ​អាច​ងាយ​រង​គ្រោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​នោះ បាន​ប្រែ​ក្លាយ​ពី​តំបន់​មួយ​សម្បូរ​ភាគ​ច្រើន​ទៅ ដោយ​ប្រទេស​ក្រីក្រ​នៅ​ក្នុង​ឆ្នាំ​១៩៨០ ទៅ​ជា​សំណុំ​ប្រទេស​មាន​ចំណូល​មធ្យម ដែល​ក្នុង​នោះ មាន​ទិដ្ឋភាព​វណ្ណៈ​សេដ្ឋកិច្ច​ចម្រុះ។ គិត​ត្រឹម​ឆ្នាំ​២០១៥ ជិត​ពីរ​ភាគ​បី​នៃ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ គឺ​ជា​អ្នក​រស់​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មាន​សន្តិសុខ ឬ​ជា​ជន​វណ្ណៈ​កណ្តាល គឺ​កើន​ឡើង​ពី​២០​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០០២។

លោក​បណ្ឌិត​សេដ្ឋកិច្ច តេង ដឺលុច បាន​លើក​ឡើង​ថា​តួ​លេខ​នៃ​ប្រជាជន ដែល​មាន​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ច្រើន ប៉ុន្តែ​លោក​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​ចំនួន​ពី​៤​លាន ទៅ​៥​លាន​នាក់​នឹង​ងាយ​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ ប្រសិន​បើ​មាន​ការ​ប្រែ​ប្រួល​ចំណូល​បន្តិច​បន្តួច​នោះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​រូប​នេះ បាន​លើក​ឡើង​ដោយ​ផ្អែក​លើ​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​មក​របស់​ធនាគារ​ពិភព​លោក​ថា កាល​ពី​ឆ្នាំ​មុន​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី​២០​ភាគ​រយ មក​នៅ​ត្រឹម​តែ​ប្រហែល​១០​ភាគ​រយ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​មាន​ការ​ប្រែ​ប្រួល​ណា​មួយ​កើត​ឡើង នោះ​ភាព​ក្រីក្រ​នឹង​កើន​ឡើង​វិញ​២ ទៅ​៣​ដង។ នេះ​បើ​តាម​លោក តេង ដឺលុច។ លោក​ថា​ពេល​នេះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប (ផលិត​ផល​ក្នុង​ស្រុក​សរុប​ប្រហែល​១,២០០​ដុល្លារ) បើ​ធៀប​នឹង​ពិភព​លោក។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​កម្ពុជា បាន​បញ្ជាក់​ថា ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​នា​ពេល​នេះ គឺ​មាន​ភាព​ប្រាកដ​និយម ដែល​ប្រជាជន​កម្ពុជា​នឹង​អាច​រួច​ផុត​ពី​ភាព​ក្រីក្រ​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។ លោក​បន្ថែម​ថា​វិស័យ​សំខាន់ៗ ដែល​បាន​ជួយ​ធ្វើ​ឲ្យ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ពលរដ្ឋ​រួច​ផុត​ពី​ភាព​ក្រីក្រ រួម​មាន​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​សេវាកម្ម​នានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ