អានតួអត្ថបទ
កម្ពុជា

ក្រសួង​ដែនដីនិង​ក្រុមហ៊ុន​ជប៉ុន គ្រោង​សង់​អគារ​ប៊ូឌីញ​ថ្មី ក្នុង​តម្លៃ​៨០​លាន​ដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​សង់​អគារ​ប៊ូឌីញស​ថ្មី ក្នុង​តម្លៃ​៨០​លាន​ដុល្លារ ខណៈ​សំណង់អគារ​ប៊ូឌីង​ស​ដ៏​ចំណាស់​នៅ​ចំកណ្ដាល​ក្រុង​ភ្នំពេញ​កំពុង​រង​ការ​ខូច​ខាត និង​ទ្រុឌទ្រោម​។ ប្លង់​មេ​នៃ​គម្រោង​នេះ ត្រូវ​បាន​បង្ហាញ​កាល​ពី​ព្រឹក​មិញ នៅ​ទី​ស្ដី​ការ​ក្រសួង​ដែនដី ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋតំណាង​សហគមន៍​ប៊ូឌីញ​ស និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ផង​ដែរ​។

អគារ​ប៊ូឌីញ​ស​ដ៏​ចំណាស់នៅ​ចំ​កណ្ដាលទីក្រុង​ភ្នំពេញ កំពុង​បង្អួត​ខ្លួន​ក្នុង​ស្បៃ​រាត្រី
អគារ​ប៊ូឌីញ​ស​ដ៏​ចំណាស់នៅ​ចំ​កណ្ដាលទីក្រុង​ភ្នំពេញ កំពុង​បង្អួត​ខ្លួន​ក្នុង​ស្បៃ​រាត្រី
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​តំណាង​ប្រជាពលរដ្ឋនៃ​សហគមន៍​ប៊ូឌីញ​ស​ នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៧​តុលា​នេះ លោក ជា សុផារ៉ា រដ្ឋ​មន្ដ្រី​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ប្រកាស​ពី​គម្រោង​សាងសង់​អគារ​ប៊ូឌីញ​ស​ថ្មី ក្នុង​តម្លៃ​៨០​លាន​ដុល្លារ​​។ គម្រោង​របស់​ក្រសួង​ដែនដី​​នេះ ធ្វើ​ឡើង​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Arakawa​ ក្នុង​គោលដៅ​ធានា​ការ​រស់​នៅ​ប្រកប​ដោយ​សុវត្ថិភាព និង​សុខុមាលភាព​ ខណៈ​អគារ​ប៊ូឌីញ​ស មាន​សភាព​ចាស់​ទ្រុឌទ្រោម មិន​មាន​ការ​ថែ​ទាំ និងអាច​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទីនោះ​។

បើ​តាម​លោក​រដ្ឋ​មន្ដ្រី គម្រោង​នេះ​រួម​មាន ការ​សាងសង់​ទីតាំង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​និង​អគារ​ថ្មី​មាន​កម្ពស់​២១​ជាន់ ដែលក្នុង​នោះ​ត្រៀម​ធ្វើ​ទីតាំង​ចំណត​៣​ជាន់ កន្លែង​លក់​ដូរ​១​ជាន់ និង​កន្លែង​ស្នាក់​នៅ​៥​ជាន់​។ បន្ទប់​ស្នាក់​នៅ​នីមួយ​ៗ នឹង​មាន​ទំហំ​ធំ​ជាង​មុន​១០​ភាគរយ ហើយ​ចាប់​ពី​ជាន់​ទី​៩​ឡើង​ទៅ នឹង​ផ្ដល់ជាកម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន Arakawa។

លោក ជា សុផារ៉ា បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​រដ្ឋាភិបាល និង​អត់ធ្មត់​រង់ចាំ​អគារ​ប៊ូឌីញ​ស​ថ្មី ដែល​នឹង​លេច​រូបរាង​ឡើង​នៅ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ខាង​មុខ។ ជា​អគារ​ថ្មី ដែល​លោក​រដ្ឋ​មន្ដ្រី​ជឿជាក់​ថា នឹង​ផ្លាស់​ប្ដូរ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​អគារ​ប៊ូឌីញ​ស​ជាក់​ជា​ពុំ​ខាន​។

នាយក​លេខាធិការដ្ឋាន​ នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀរ ភារម្យ បាន​សាទរ​ និង​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក សៀ ភារម្យ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ជំនួប​រវាង​លោក​ជា សុផារ៉ា និង​តំណាង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ប៊ូឌីញ​ស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ កំពុង​តែ​រង់​ចាំ​មើល​ជំហរ​របស់​ប្រជាពលរដ្ឋ នៅ​ចំពោះ​មុខ​គម្រោង​អភិវឌ្ឍ​នេះ​ដែរ​។ ប្រសិន​បើ​ប្រជាពលរដ្ឋ​យល់​ព្រម​តាម​សំណើ​របស់​​ក្រសួង​ដែនដី នោះ​គម្រោងអភិវឌ្ឍ​អគារ​ប៊ូឌីញ​ស​​នឹង​ក្លាយ​ទៅ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​-ឈ្នះ​សម្រាប់​គ្រប់​ភាគី ទាំង​សម្រាប់ប្រជាពលរដ្ឋ ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​។ នេះ​បើ​តាម​​លោក សៀ ភារម្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ