អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រដូវ​អាពាហ៍​ពិពាហ៍​ជា​ការ​ដាក់​សម្ពាធ​លើ​អ្នក​ចូលរួម តែ​ជា​ការ​គ្មាន​ជម្រើស

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាង​ហោច​ណាស់​ក៏​មាន​រយៈ​ពេល​ពី​ ៦ ទៅ ៧​ខែ​ដែរ បើ​គេ​និយាយ​ពី​រដូវ​អាពាហ៍​ពិពាហ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​រយៈ​ពេល​នេះ មាន​រឿង​រ៉ាវ និង​សំណួរ​ជា​ច្រើន​កើត​ឡើង ដែល​សំណួរ​ខ្លះ​មាន​ចម្លើយ ហើយ​សំណួរ​ខ្លះ​ទៀត​រក​ចម្លើយ​មិន​ឃើញ។ ជា​ទូទៅ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ ដែល​តំណាង​ឲ្យ​គ្រួសារ ជា​មធ្យម​ត្រូវ​ចំណាយ​លើ​ការ​ចង​ដៃ​ពិធី​មង្គល​ការ​យ៉ាង​ហោច​ណាស់​ក៏​ ១​ពាន់​ដុល្លារ​ដែរ ក្នុង​មួយ​រដូវ។ ការ​ចំណាយ​ដែល​ចៀស​មិន​រួច​នេះ អាច​ជា​សម្ពាធ​ផង​ដែរ ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​ចំណូល​ទាប និង​មធ្យម។

រដូវអាពាហ៍ពិពាហ៍ជាការដាក់សម្ពាធលើអ្នកចូលរួម តែជាការគ្មានជម្រើស
រដូវអាពាហ៍ពិពាហ៍ជាការដាក់សម្ពាធលើអ្នកចូលរួម តែជាការគ្មានជម្រើស
ផ្សាយពាណិជ្ជកម្ម

ចូល​មក​ដល់​ដើម​ខែ​វិច្ឆិកា គេ​ពិនិត្យ​ឃើញ​ថា​ជា​រៀង​រាល់​សប្តាហ៍ អាពាហ៍​ពិពាហ៍​ត្រូវ​បាន​គេ​រៀបចំ​ឡើង គ្រប់​ទី​កន្លែង និង​គ្រប់​ច្រក​ល្ហក​ទៅ​តាម​ពេល​វេលា​ ឬ​ថ្ងៃ​សមរម្យ ដែល​គេ​ចាត់​ទុក​ថា​មាន​សិរី​សួស្តី ជ័យ​មង្គល។ ពិធី​ខ្លះ​ក៏​តូច ពិធី​ខ្លះ​មធ្យម ហើយ​ខ្លះ​ទៀត​ធ្វើ​ធំដុំ ដែល​ពិធី​ទាំង​អស់​នេះ មិន​អាច​ចៀស​ផុតពី​ការ​អញ្ជើញ​ភ្ញៀវ​ចូល​រួម​ពិសារ​អាហារ ទោះ​តិច​ក្តី​ច្រើន​ក្តី។

ថ្វី​ត្បិត​តែ​ពិធី​រៀប​អាពាហ៍ពិពាហ៍ ជា​ពិធី ម្តង​គេ​ម្តង​យើង​ក៏​ដោយ ក៏​ប៉ុន្តែ​បើ​គេ​ធ្វើ​ការ​គិត​គូរ​ឲ្យ​បាន​ល្អិត​ល្អន់ ពិធី​នេះ​ហាក់​បង្ហាញ​ពី ផល​ប៉ះពាល់​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន សម្រាប់​អ្នក​ចូល​រួម។ មុន​នឹង​និយាយ​ពី​ផល​ប៉ះពាល់​នានា ដែល​នឹង​ជះ​ឥទ្ធិពល​សេដ្ឋកិច្ច​ និង​ជីវភាព ជា​ពិសេស​ដល់​អ្នក​ចូលរួម យើង​គួរ​ពិនិត្យ​មើល​បន្តិច​ពី​មូលហេតុ​នៃ​ការ​ប្រែប្រួល​នៃ​ប្រពៃណី និង​របត់​របស់​សង្គម។

តាម​ការ​វិវត្ត​របស់​សម័យ​កាល អាពាហ៍​ពិពាហ៍​ត្រូវ​បាន​គេ​បង្រួញ ពី​ ៣​ថ្ងៃ​មក​នៅ​ត្រឹម ១​ថ្ងៃ ឬ​១​ថ្ងៃ​កន្លះ។ ពី​សម័យ​មុន​ៗ ចំណង​ដៃ​សម្រាប់​ពិធី​មង្គល​ការ មាន​លក្ខណៈ​មិន​សូវ​ជា​ដុំ​អ្វី​ទេ ហើយ​ក៏​ជា​វត្ថុ របស់​របរ ជ្រូក មាន់ ទា ដើម្បី​ជា​ពិធី​ជប់​លៀង​ទាំង​ម្ចាស់​ការ​ និង​អ្នក​ចូលរួម។ ប៉ុន្តែ​ការ​វិវត្ត​សម័យ​បច្ចុប្បន្ន​នេះ មនុស្ស​មាន​ការ​ប្រជែង​គ្នា​លើ​មុខ​មាត់ កិត្តិយស ដែល​ធ្វើ​ឲ្យ​ចំណង​ដៃ មាន​ការ​កើន​ឡើង​កាន់​តែ​ធំ និង​គិត​ជា​រូបិយប័ណ្ណ ប្រាក់​ដុល្លារ​ឬ​ប្រាក់​រៀល។

ជុំវិញ​បញ្ហា​នេះ មនុស្ស​ចាប់​ផ្តើម​មាន​គំនិត​ផ្សេង​ៗ​គ្នា ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ខាត​បង់​បន្ទាប់​ពី​ពិធី​មង្គល​ការ។ ភាគ​ច្រើន​បាន​គិត​តៗ​គ្នា​ពី​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ចំណេញ ​បន្ទាប់​ពី​អាពាហ៍ពិពាហ៍​បាន​បញ្ចប់​ទៅ។ ជា​ទូទៅ​គេ​សម្គាល់​ឃើញ​ថា អាពាហ៍​ពិពាហ៍​ខ្លះ បាន​សម្លឹង​រក​ភ្ញៀវ​ដែល​មាន​មុខមាត់ មាន​ធនធាន។ ប្រធាន​ស្ថាប័ន​មួយ​ចំនួន​បាន​យក​បញ្ជី​ឈ្មោះ​មន្ត្រី​រាជ​ការ​នានា អញ្ជើញ​ទាំង​អស់​ដោយ​មិន​រើស​មុខ ឬ​ក៏​ជា​អ្នក​ស្គាល់​គ្នា​ស្រពិច​ស្រពិល​ក៏​ត្រូវ​ហៅដែ​រ ដើម្បី​ឲ្យ​មាន​មនុស្ស​ច្រើន ញាំង​ឲ្យ​ពិធី​មាន​ភាព​អធិកអធម។

ការ​ចូលរួម​ដឹង​ឮ និង​ពិសារ​អាហារ ប្រកប​ដោយ​ភាព​អធិក​អធម វា​ជា​រឿង​មួយ​ដែល​គ្រប់​គ្នា​ចង់​បាន។ ក៏​ប៉ុន្តែ​បើ​យើង​សម្លឹង​ឲ្យ​បាន​វែង​ឆ្ងាយ វា​ជា​សម្ពាធ​មួយ​ទៅ​វិញ​ទេ សម្រាប់​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ចូលរួម។ ពោល​គឺ ពេល​ខ្លះ​អ្នក​ចូលរួម​ត្រូវ​បង្ខំ​ចិត្ត​ចង​ដៃ​ច្រើន បើ​ទោះ​ណា​ជា​ មើល​ទៅ​វា​អាច​លើស​ចំណូល​ ដែល​គេ​រក​បាន​ក៏​ដោយ។ អតុល្យភាព​រវាង​ចំណូល និង​ចំណាយ​ដោយសារ អ្នក​ខ្លះ​បាន​រៀប​ចំ​ផែនការ​ចំណាយ​ប្រចាំខែ ប្រចាំ​គ្រួសារ​ច្បាស់​លាស់ ក្នុង​នោះ​មិន​មាន​រាប់​បញ្ចូល​ការ​ចំណាយ​ផ្សេង​ៗ​ដូចជា​ការ​ចង​ដៃ​ពិធី​មង្គល​ការ​ជា​ដើម។ តែ​វា​ជា​រឿង«ហាស្លាក់ ខ្ជាក់ស្លែង»។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិនហៅ​ ឬ​អញ្ជើញ តែង​មាន​ពាក្យ​ថា​គេ​មិន​រាប់​អាន នេះ​ជា​ការ​លំបាក​មួយ!

ទោះ​យ៉ាង​ណា ការ​ចង​ដៃ​អាពាហ៍ពិពាហ៍ ក៏​គេ​សម្គាល់​ឃើញ​ថា អាច​ចែក​ចេញ​ជា​ច្រើន​ប្រ​ភេទ​ដែរ ក្នុង​នោះ​មាន​ប្រភេទ​ចង​តាម​មុខ​ម្ហូប ច្រើន​ឬ​តិច ឆ្ងាញ់​ឬ​មិន​ឆ្ងាញ់ ភេសជ្ជៈ​ប្រភេទ​ថ្លៃ​ៗ​ឬ​ធម្មតា។ ការ​ចងដៃ​ធ្វើ​ឡើង​តាម​ការ​ស្គាល់​ ឬ​រាប់​អាន​ជិត​ស្និទ្ធ តាម​ស្ថានភាព​ម្ចាស់​ដើម​ការ ជា​អ្នក​មាន​មុខ​មាត់ ហើយ​មាន​អ្នក​ខ្លះ​ក៏​ចង​ដៃ​តាម​ទម្លាប់​ដោយ​មិន​ខ្វល់​អ្វី​ទេ។

រីឯ​ផល​អវិជ្ជមាន​ផ្សេង​ទៀត គឺ​ប៉ះពាល់​ដល់​សុខភាព​ចំពោះ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ខ្លះ​ ដើម្បី​ការ​សប្បាយ​ក្នុង​នាម​ជា​អ្នក​រាប់​អាន ខ្លះ​ហូប​ដើម្បី​ឲ្យ​សក្តិសម​នឹង​ប្រាក់​ចង​ដៃ​ច្រើន។ ក្រៅ​ពី​ប៉ះពាល់​ដល់​សុខភាព ការ​ស្រវឹង​ទន់​ទោរ ក៏​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។

តាម​ពិត​ការ​រាប់​អាន ការ​ប្រមែ​ប្រមូល​ភ្ញៀវ​ដើម្បី​ពិធី​មួយ ដែល​មាន​ភាព​អធិកអធម ក្នុង​គោល​ដៅ បង្ហាញ​នូវ​មង្គល​មួយ​ដ៏​ធំធេង វា​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ ក៏​ប៉ុន្តែ​ជា​សំណួរ តើ​គេ​គួរ​ធ្វើ​កម្រិត​ណា? ហេតុ​អ្វី​ត្រូវ​ហៅ​ភ្ញៀវ​ច្រើន? ​បើ​ជា​ប្រពៃណី មិន​មែន​គ្រប់​កាលៈ​ទេសៈ​សុទ្ធ​តែ​ធ្វើ​ទៅ​តាម​ប្រពៃណី​នោះ​ទេ? តែ​បើ​មាន​ធនធាន​ច្រើន​នោះ​មិន​អ្វី​ទេ ក៏​ប៉ុន្តែ​ជា​បទ​ពិសោធន៍​មាន​អ្នក​ដើម​ការ​មួយ​ចំនួន ក៏​ប្រឈម​នឹង​ការ​ជំពាក់​បំណុល​គេ ប្រឈម​នឹង​បញ្ហា​ក្នុង​គ្រួសារ ដោយ​សារ តែ​មាន​ការ​ខាត​បង់​ជាយ​ថាហេតុ បន្ទាប់​ពី​អាពាហ៍​ពិពាហ៍​កូន​ចៅ។

សរុប​មក​ការ​វិវត្ត​របស់​សង្គម នា​ពេល​បច្ចុប្បន្ន​នេះ កាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​រវល់​ខ្លាំង។ នេះ​គ្រាន់​តែ​ពិធី​មង្គល​ការ ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពិធី​បន្ទាប់​បន្សំ​ផ្សេង​ៗ​ទៀត ដូចជា​បុណ្យ​គ្រប់​ប្រភេទ ពិធី​ឡើង​គេហដ្ឋាន​ថ្មី ឬ​ពិធី​ខួប​កំណើត​ជា​ដើម។ ដូច្នេះ ចម្លើយ​លើ​បញ្ហា​សង្គម​មួយ​នេះ មើល​ទៅ​ហាក់​ពិបាក​ឆ្លើយ​ឲ្យ​ចំ​ណាស់ ព្រោះ​ជា​ប្រពៃណី​នៃ​ការ​ពឹង​ពាក់​គ្នា​ម្តង​ម្នាក់។ ទោះ​ជា​យ៉ាង​នេះ​ទៅ​ហើយ ចម្លើយ​មាន​តែ​ម្យ៉ាង​គត់ គឺ​ជា​ការ​គិត​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ថា​តើ​គេ​គួរ​រៀបចំ​កម្រិត​ណា ធ្វើ​យ៉ាង​ណា​ដើម្បី​សក្តិសម ទាំង​អ្នក​រៀបចំ​ និង​អ្នក​ចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ