rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ព្រៃឈើ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

WCS សម្តែង​ការ​បារម្ភ​ចំពោះ​ការ​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃ​ឈើ ខណៈ​ជន​សង្ស័យ​ចុង​ក្រោយ​ត្រូវ​បាន​ចាប់​ខ្លួន

media
អ្នក​ស្លាប់​ក្នុង​ករណី​ផ្ទុះ​អាវុធ​នៅ​ខេត្តមណ្ឌលគិរី @សហការី

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ ហៅ​កាត់​ថា WCS​ នៅ​ថ្ងៃ​សុក្រ​នេះ បាន​សំដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ ការ​បាញ់​សម្លាប់​អ្នក​ការ​ពារ​ព្រៃ​ឈើ​ចំនួន​៣​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ច្រក​ព្រំដែន កម្ពុជា និង​វៀតណាម។ នេះ​ជា​ការ​លើក​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​​លិខិត​ចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជន​រង​គ្រោះ ហើយ​បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​លើ​ជន​ល្មើស​ដែល​ពាក់​ព័ន្ធ​ទៅ​តាម​ផ្លូវ​ច្បាប់។


អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

“យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋ​ជន​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅកម្ពុជា​ គំរាម​កំហែង និង​បាញ់​សម្លាប់ អ្នក​ការ​ពារ​សម្បត្តិ​ធម្មជាតិ​កើត​ឡើង​ជាថ្មី​ទៀត​ឡើយ”។ នេះ​ជា​ការ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS)។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចំនួន​២​ទំព័រ​នោះ អង្គការ​អភិរក្ស​សត្វ​ព្រៃ WCS បាន​និយាយ​ថា ជា​រៀង​រាល់​ថ្ងៃ​ មន្រ្តី​ឧទ្យានុរក្ស និង​ក្រុម​អ្នក​អនុវត្ត​ច្បាប់ បាន​ប្រថុយ​ជីវិត​របស់​ខ្លួន​ដើម្បី​ការពារ​សត្វ​ព្រៃ និង​ព្រៃ​ឈើ។

សូម​បញ្ជាក់​ថា អ្នក​ការពារ​ព្រៃ​ឈើ​ចំនួន​៣​នាក់ គឺ​មាន​មន្រ្តី​ក្រសួង​បរិស្ថាន មន្រ្តី​កង​រាជ​អាវុធ​ហត្ថ និង​បុគ្គលិក​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS)​ ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខណៈ​ចុះ​ល្បាត​បទ​ល្មើស​ព្រៃ​ឈើ កាល​ពី​រសៀល​ថ្ងៃ​ទី​៣០​ខែ​មករា។

ក្រោយ​ព្រឹត្តិការណ៍​នេះ មាន​មន្រ្តី​យោធា​៣​នាក់ និង​មន្រ្តី​នគរបាល​នៅ​ប៉ុស្តិ៍​អូររលែ​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ដែល​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃ​ឈើ​នោះ​ ខណៈ ឈ្មោះ ផល ពេញ ដែល​ជា​ប្រធាន​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ច្រក​អូររលែ ដែល​គេ​ចោទ​ថា​ជា​ជន​ដៃ​ដល់​នោះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ដែរ​នៅ​ថ្ងៃ​ទី​២​ខែ​កុម្ភៈ​នេះ។ នេះ​បើ​តាម ​ឧត្តមសេនីយ៍​ត្រី សូ សុវណ្ណ ស្នង​ការ​រង​នគរបាល​ខេត្ត​មណ្ឌលគិរី​ដែល​ត្រូវ​បាន​ដក​ស្រង់​សំដី​ដោយ​បណ្តាញ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

បើ​តាម​មន្រ្តី​អាវុធ​ហត្ថ​ដែល​ចុះ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ ជន​សង្ស័យ​ទាំង​នោះ ក៏​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ករណី​ដែល​អនុញ្ញាត​ឲ្យ​ជន​ជាតិ​វៀតណាម ចូល​មក​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​ដី​កម្ពុជា​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ប្រាប់​វិទ្យុ​បារាំង​RFI​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា កម្លាំង​សមត្ថកិច្ច កំពុង​តែ​ធ្វើ​កិច្ចការ​នេះ ប៉ុន្តែ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា មាន​ជន​ជាប់​ពាក់​ព័ន្ធ​ប៉ុន្មាន​នាក់​ទាក់​ទង​នឹង​ឃាតកម្ម​នេះ​ទេ ហើយ​ក៏​មិន​ទាន់​អាច​បញ្ជាក់​ថា វា​កើត​ចេញ​ពី​មូល​ហេតុ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ដែរ៕