អានតួអត្ថបទ
កម្ពុជា

បុណ្យ​អុំ​ទូក​ថ្ងៃ​ទី​២៖ អាជ្ញាធរ​ឃាត់សួរ​ពលរដ្ឋ​ពាក់​អាវ Police និង Army ជាង​១០០​នាក់

ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ ដែល​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​ទី​២​នៅ​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​​ម្សិលមិញ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដើម្បី​សាកសួរ​។ សាកសួរ​ព្រោះ​ពួក​គាត់​ពាក់​អាវ​ដែល​មាន​អក្សរ Police និង Army ដែល​មាន​ន័យ​ថា ប៉ូលីស និង​ទាហាន​។ ក្រោយ​ការ​សាកសួរ​ដឹង​ថា ពលរដ្ឋ​គ្មាន​ចេតនា​អាក្រក់ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ដើរ​កម្សាន្ត​វិញ ប៉ុន្តែ​ត្រូវ​ដក​ហូត​អាវ​ទុក​។

យុវជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួនដើម្បី​សាកសួរ ដោយ​សារ​ពាក់​អាវ​មាន​ពាក្យ Police និង Army
យុវជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួនដើម្បី​សាកសួរ ដោយ​សារ​ពាក់​អាវ​មាន​ពាក្យ Police និង Army Police
ផ្សាយពាណិជ្ជកម្ម

នៅ​តាម​គោលដៅ​ផ្សេង​គ្នា តែ​ឃាត់​ខ្លួន​ដោយ​សារ​មូលហេតុ​តែ​មួយ នោះ​គឺ ពាក់​អាវ​មាន​ពាក្យ Police និង Army ឬ​ជា​ភាសា​ខ្មែរ ប៉ូលីស និង​ទាហាន ដើម្បី​ដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​។ ប្រជាពលរដ្ឋ​ជាង​១០០​នាក់ រាប់​តាំង​ពី​មនុស្ស​វ័យ​ចំណាស់​ដល់​យុវជន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន នៅ​គោល​ដៅ​ខ្លះ​មាន​ចំនួន​៥០នាក់, ខ្លះ​២០​នាក់, ខ្លះ​១០​នាក់, និង​ខ្លះ​ទៀត​៥​នាក់​ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា ​ពួក​គាត់​ដែល​ពាក់អាវ​​មាន​ពាក្យ Police និង Army នោះ មាន​ចេតនា​បង្ក​ហេតុការណ៍​អាក្រក់​នៅ​ក្នុង​អំឡុង​ពេល​បុណ្យអុំ​ទូក​។

យ៉ាង​ណា​ក៏​ដោយ ក្នុង​ពេល​សាក​សួរ ក្រុម​ប្រជាពលរដ្ឋ​បាន​គូស​បញ្ជាក់​ប្រាប់​កង​កម្លាំង​មាន​សមត្ថកិច្ច​ថា ពួក​គាត់​មក​ដើរ​កម្សាន្ត​ធម្មតា គ្មាន​ចេតនា​អាក្រក់​ទេ​។ ហើយដោយ​សារ​តែ​ធ្លាក់​ខ្យល់​រងារ ទើប​ពួក​គាត់​សម្រេច​ចិត្ត​ទិញ​អាវ​ធំ​ ពណ៌​ខ្មៅ ដែល​មានពាក្យ​ថា ប៉ូលីស​និង​ទាហាន ជា​ភាសា​អង់គ្លេស​នេះ​ពាក់​។ ដោយ​យល់​ថា ថា ពលរដ្ឋ​ពិត​ជា​គ្មាន​ចេតនា​អាក្រក់មែន អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ដើរ​កម្សាន្ត​វិញ ប៉ុន្តែ​ត្រូវ​ដក​ហូត​អាវ​​ដើម្បី​ទុក​។

ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍ ទី​៤​តុលា​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឈប់​ទិញ​និង​ប្រើ​ប្រាស់​សម្លៀក​បំពាក់ និង​ឧបករណ៍​ដែល​ពាក់​ព័ន្ធ​នឹង​កង​កម្លាំង​នគរបាល កង​កម្លាំង​អាវុធ​ហត្ថ និង​កង​កម្លាំង​យោធា ដើម្បី​ជៀសវាង​ការ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​។ តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ដល់​អាជីវករ​និង​អ្នក​រក​ស៊ី​ទាំង​អស់ បញ្ឈប់​ការ​លក់​និង​នាំ​ចូល​សម្លៀក​បំពាក់ និង​ឧបករណ៍​ទាំង​នេះ​ទៀត ព្រោះ​ការ​នាំ​ចូល​និង​លក់​សម្ភារៈ​ទាំង​នេះ អាច​ត្រូវ​ប្រឈម​មុខ​នឹងការ​ផ្ដន្ទាទោស​តាម​ច្បាប់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ