អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អ្នក​សង្កេត​ការណ៍​ថា​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន តែ​មាន​ការ​ទិញ​សន្លឹក​ឆ្នោត​និង​ភាព​មិន​ប្រក្រតី តិច​តួច!​​

អ្នក​សង្កេត​ការណ៍​ជាតិ​និង​អន្តរជាតិ ស្ថានទូត​ធំៗ​ រួម​ទាំង​គ.ជ.ប. សុទ្ធ​តែ​មើល​ឃើញ​ស្រដៀង​គ្នា​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន។​ ផ្ទុយ​ពី​នេះ អ្នក​សង្កេត​ការណ៍​ខ្លះ​ មើល​ឃើញ​ថា​ ​ភាព​មិន​ប្រក្រតី​មាន​តិច​តួច ហើយ​និង​ការ​ទិញ​សន្លឹក​ឆ្នោត​ ក៏​នៅ​តែ​បន្ត​មាន​ខ្លះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

អង្គការ​ ANFREL​បណ្តាញ​អ្នក​សង្កេត​ការណ៍​តំបន់​អាស៊ាន​សម្រាប់​ការ​បោះ​ឆ្នោត​សេរី Asian Network for Free Election បាន​រក​ឃើញ​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​លើក​នេះ មាន​ចំណុច​ពីរ​ធំៗ ដែល​ត្រូវ​កែ​លម្អ។ ទី១ គឺ​នៅ​តែ​មាន​ការ​ទិញ​សន្លឹក​ឆ្នោត​ខ្លះ​ដែរ​ តែ​អង្គការ​នេះ មិន​បាន​បញ្ជាក់​ថា ការ​ទិញ​សន្លឹក​ឆ្នោត​នេះមាន​ចំនួន​ប៉ុន្មាន​ករណី ឬ​បក្ស​ណា​ជា​អ្នក​ទិញ​នោះ​ឡើយ។ ​ទី​២ ការ​រៀប​ចំ​បញ្ជី​ឈ្មោះ​ល្អ​ហើយ តែ​អ្នក​ចុះ​ឈ្មោះ​នៅ​ព្រំដែន​ គឺ​នៅ​តែ​គ្មាន​លទ្ធភាព​មក​បោះ​ឆ្នោត​នៅ​ឡើយ។ ទោះ​យ៉ាង​ណា​ក្តី​ អង្គការ​នេះ មិន​បាន​ប្រើ​ពាក្យ​ថា សេរី និង​យុត្តិធម៌​នោះ​ទេ តែ​បាន​ប្រើ​ពាក្យ​ថា ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ការ​ប្រើ​ពាក្យ​ដូច្នេះ​ ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ ដោយ​ស្ថានទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា។ ឯកអគ្គរដ្ឋទូត ចច អេដហ្កា ថា​អ្វី​ដែល​លោក​បាន​ឃើញ និង​បាន​ដឹង​ឮ គឺ វា​បង្ហាញ​ថា ដំណើរ​ការ​បោះ​ឆ្នោតនិង​ការ​រាប់​សន្លឹក​ឆ្នោត ប្រព្រឹត្ត​ទៅ បាន​យ៉ាង​រលូន។​ ជាមួយ​គ្នា​នេះ​ លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប. បាន​អះអាង​តាំង​ពី​ថ្ងៃ​បិទ​ការិយាល័យ​បោះ​ឆ្នោត​មក​ម្ល៉េះ​ថា ការ​បោះ​ឆ្នោត​លើក​នេះ ដំណើរ​ការ​ដោយ​រលូន។​

ចំពោះ​ស្ថានទូត​អាមេរិក​វិញ ជា​ទូទៅ​ កន្លែង​បោះ​ឆ្នោត​ដែល​ក្រុម​អ្នក​សង្កេត​ការណ៍​អាមេរិក​ជាង​៣០០​នាក់ នៅ​ភ្នំពេញ​និង​នៅ​១៣​ខេត្ត​ បាន​មើល​ឃើញ​នោះ គឺ​មាន​របៀប​រៀប​រយ​ និង​ភាព​ស្ងប់​ស្ងាត់។​ ស្ថានទូត​អាមេរិក សង្កត់​ធ្ងន់​ថា ការ​បោះ​ឆ្នោត​លើក​នេះ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ក្នុង​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបេតយ្យ​បន្ត​នៅ​កម្ពុជា។ ​ទូត​អាមេរិក សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​ បក្ស​នយោបាយ និង​ស្ថាប័ន​នានា ទទួល​យក​លទ្ធផល​បោះ​ឆ្នោត ដោយ​ស្ងប់​ចិត្ត ហើយ​ក្នុង​ស្មារតី​ផ្សះផ្សា និង​សហប្រតិបត្តិការ​គ្នា។

ទន្ទឹម​នេះ អង្គការ​អ្នក​ប្រជាធិតេយ្យ​និយម​កណ្តាល អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ ហៅ​កាត់​ថា ខាប់ឌី ដែល​ជា​អង្គការ​អន្តរជាតិ​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នេះ​ គ្មាន​សញ្ញាណ​នៃ​ការ​យាយី ឬ​អំពើ​ហិង្សា​ណា​មួយ​ឡើយ​។ ចំណែក​អង្គការ​តម្លាភាព​កម្ពុជា ដែល​មាន​អ្នក​អង្កេត​ការណ៍​ ជាង​១​ពាន់​២​រយ​នាក់ និង​ប្រើ​វិធីសាស្ត្រ​ស្ថិតិ​វិភាគ​សំណាក​គំរូ​វិទ្យាសាស្រ្ត​បាន​គូស​បញ្ជាក់​យ៉ាង​វិជ្ជមាន​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ កន្លង​ទៅ​នេះ មាន​លក្ខណៈ​សន្តិភាព ប្រសិទ្ធភាព និង​តម្លាភាព ហើយ​ការ​អនុវត្ត​នីតិវិធី​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​រំខាន​ធំ​ដុំ​នោះ​ទេ។ រីឯ​ភាព​មិន​ប្រក្រតី​គឺ​តិច​តួច។

សម្រាប់ ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ Situation Room ដែល​ផ្តុំ​ដោយ​អង្គការ​សង្គម​ស៊ីវិល ជាង​៤០ មាន​អ្នក​សង្កេត​ការណ៍​នៅ​គ្រប់​មណ្ឌល​បោះឆ្នោត  មើល​ឃើញ​ដែរ​ថា ការិយាល័យ​ភាគ​ច្រើន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​នីតិវិធី។ ប៉ុន្តែ​ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដូច​ជា​ កន្លែង​ខ្លះ ពន្យារ​ពេល​រាប់​សន្លឹក​ឆ្នោត រាប់​សន្លឹក​ឆ្នោត​ដោយ​បិទ​ទ្វារ ឬ​បិទ​បង្អួច ឬ​ក៏​រាប់​នៅ​កន្លែង​ងងឹត។ ពេល​រាប់​ទៀត​សោត គឺ​ស្រែក​អាន​ឬ​គូស មិន​ច្បាស់ ហើយ​និង​អ្នក​មិន​ឲ្យ​អ្នក​សង្កេត​ការណ៍​ចូល​មើល​ពេល​រាប់​សន្លឹក​ឆ្នោត ព្រម​ទាំង​មាន​កំហុស​ មិន​ចែក ឬ​មិន​ប្រកាស​ផ្សាយ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត។​ នោះ​គឺ​ទម្រង់ ១១០២។ នេះ​បើ​តាម​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ