សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តហើយ នៅព្រឹកថ្ងៃសុក្រនេះ
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានគណៈរដ្ឋមន្ត្រីកម្ពុជា សម្រេចអនុម័តហើយនៅព្រឹកថ្ងៃសុក្រនេះ។ តែមិនមានឃើញមានការបញ្ជាក់ពីទំហំថវិកាជាតិសរុបដែលរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយនៅឆ្នាំ២០២០ខាងមុខនោះទេ ប៉ុន្តែ គេសង្កេតឃើញថា ខ្ទង់ចំណាយទៅលើក្រសួង និងស្ថាប័នរដ្ឋមួយចំនួនបន្តកើនឡើងជាងឆ្នាំ២០១៩។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៦
ជាមួយនឹងការបង្កើនការចំណាយថវិកាជាតិនៅឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ចអះអាងថា កម្ពុជាបានកំណត់ពិដាននៃការខ្ចីលុយបានចំនួន១៤០០លានSDR ខណៈកំណើនសេដ្ឋកិច្ចនឹងថយមកនៅត្រឹម៦,៥%។ ជាមួយគ្នានោះ កញ្ចប់ថវិកាសម្រាប់មួយ ឃុំ សង្កាត់ ក៏ត្រូវបានបង្កើនពី ៣៥០០០ដុល្លារទៅ៧០០០០ដុល្លារក្នុងមួយឆ្នាំផងដែរ។
ដោយឡែក វិស័យអប់រំ គឺមានចំណែក ២,៦៩% នៃផសស ដែលមានកំណើន ៨,៧% ច្រើនជាងឆ្នាំ២០១៩ ខណៈវិស័យសុខាភិបាល គឺមានចំណែក ១,៣៧% នៃផសស ដែលមានកំណើន ៥,៩% ច្រើនជាងឆ្នាំ២០១៩។ រីឯវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់ គឺមានចំណែក ៣,៩៧% នៃផសស ដែលមានកំណើន ៩,៣% ច្រើនជាងឆ្នាំ២០១៩។
សូមបញ្ជាក់ថា ខ្ទង់ថវិកាឆ្នាំ ២០១៩នេះ គឺមានសរុបចំនួន ជាង២៧លានលានរៀល (២៧ ១៦៤ ៩៩៦ លានរៀល ) ឬប្រមាណជា ៦.៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៤% បើប្រៀបធៀបនឹងច្បាប់ឆ្នាំ២០១៨។
ស្របពេលកម្ពុជាកំពុងរងនូវការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសពីការត្រៀមយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីគ្រប់គ្រងផលប៉ះពាល់ដែលកើតចេញពីបញ្ហានេះផងដែរ។ បើតាមរដ្ឋាភិបាល «កម្ពុជាចាំបាច់ត្រូវត្រៀមខ្លួន និងពង្រឹងសមត្ថភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីទប់ទល់បញ្ហាប្រឈមនិងហានិភ័យ ទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងត្រូវធ្វើការវះកាត់ដោះស្រាយបញ្ហាជារចនាសម្ព័ន្ធរាំរ៉ៃមួយចំនួន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា និងដើម្បីអាចឈរដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសផ្សេងៗទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត»។
តាមសេចក្តីថ្លែងហេតុ ថវិកាឆ្នាំ២០២០ ក៏បន្ដផ្ដោតលើ វិស័យអាទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឺក ព្រមទាំងកិច្ចការមួយទៀត ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មី គឺការអភិវឌ្ឍធនធានមនុស្ស ការបន្ដកែលម្អប្រព័ន្ធឡូជីស្ទីក ការពង្រឹងការប្រកួតប្រជែង ការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ