អានតួអត្ថបទ
កម្ពុជា

ហុងគ្រី ​ឈរ​ខាង​កម្ពុជា​ជុំវិញ​ភាព​ចម្រូង​ចម្រាស់ ​EBA ​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប

នាយក​រដ្ឋមន្ត្រី​ហុង​គ្រី​ លោក វិ​ចទ័​រ អ័រ​បេន ​(Viktor Orban) ​បាន​ថ្លែងថា ​ជំហរ​របស់ ​ហុងគ្រី តែង​គាំទ្រ​ជានិច្ច ជុំវិញ​ការ​ប្រទាញ​ប្រទង់​គ្នា​រឿង​ចំណាត់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ ​អ្វី​ៗ​ទាំង​អស់​លើកលែង​តែ​អាវុធ ​(EBA) ​របស់​សហភាព​អឺរ៉ុប​ ពី​ប្រទេស​កម្ពុជា​។ ​ការ​លើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​ហុងគ្រី​ដូច្នេះ ​ធ្វើឡើង​បន្ទាប់ពី ​មាន​ជំនួប​ទ្វេរភាគី​មួយ​កាលពី​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​តាម​រយៈដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី ​និង​ចូលរួម​សន្និសីទ​កំពូល ​CICA ​នៅ​ប្រទេស​តាគីជីស្ថាន​។

ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban
ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban @SPM page
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​រយៈពេល​ជិត​២​ម៉ោង ​លោក​នាយក​រដ្ឋ​មន្ត្រី​ហុងគ្រី ​វិចទ័រ អ័របេន ​បាន​លើក​ឡើងថា ​បញ្ហា​EBA ​វា​គឺជា​រឿង​ខ្វែង​គំនិត​គ្នា​រវាង​សហភាព​អឺរ៉ុប​ និង​កម្ពុជា ​ផ្ទុយ​ទៅ​វិញ​ហុង​គ្រី​ តែងតែ​ឈរ​ និង​គាំទ្រ​កម្ពុជា​ជានិច្ច​។

លោក​នាយក​រដ្ឋមន្ត្រី ​ហុងគ្រី ​បញ្ជាក់​ដែរ​ថា ​ហុងគ្រី​ មិន​គាំទ្រ​បញ្ហា​នយោបាយ ​និង​បញ្ហា​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច ​ដែល​មាន​ភាព​ច្របូកច្របល់​គ្នា​នោះ​ទេ ​ព្រមទាំង​ប្រាប់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ទុកចិត្ត​ចំពោះ​ហុង​គ្រី​ ដែល​ជា​សមាជិក​មួយរួប​របស់​សហភាព​អឺរ៉ុប ​ក្នុង​ការ​តស៊ូ​មតិ​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ទាក់ទិន​ទៅ​នឹង​បញ្ហា​EBA​ នេះ​។ ​

សូម​បញ្ជាក់​ថា​ជំនួប​ពិភាក្សា​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ ​ដែល​រំលេច​ឡើង​នូវ​ប្រធានបទ​ EBA ​នៅ​ទីក្រុង​ប៊ុយដាប៉េស​នេះ ​គឺ​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​របស់​គណៈ​កម្មការ​អឺរ៉ុ​ប ​និង​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​អន្តរជាតិ​អឺរ៉ុប ​បាន​បញ្ចប់​បេស​ក​កម្ម​ស្វែងរក​ការ​ពិត​​របស់​ខ្លួន​រយៈពេល​១សប្តាហ៍ ​នៅ​​កម្ពុជា​​កាល​ពី​ដើម​ខែ​នេះ​។ ​ទស្សនកិច្ច​នេះ ​ជា​ផ្នែក​មួយ​នៃ​ការ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​​ដែល​នឹង​ធ្វើ​​ឡើង​រហូត​ដល់​ពាក់​កណ្ដាល​ខែ​សីហា​ ដែល​ជា​នីតិ​វិធី​មុន​ឈាន​ដល់​ការសម្រេច​ថា​ តើ​ត្រូវព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​កម្ពុជា​ឬ​ក៏​អត់​។

ដោយឡែក ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ប្រទេស​ហុងគ្រី ​ក៏​បាន​នាំមក​នូវ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​៣​ផង​ដែរ​គឺ ​ទី​១​៖ ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា ​និងរ​ដ្ឋាភិបាល​ហុងគ្រី ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​។ ​ទី​២​៖​ កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ ​រវាង​ក្រសួង​អប់រំ​កម្ពុជា ​និង​ក្រសួង​ធនធាន​មនុស្ស​ហុងគ្រី​សម្រាប់​ឆ្នាំ​២០២០ ​២០២១ ​និង​ឆ្នាំ២០២២​។ ​ទី​៣​៖ ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ​និង​អភិវឌ្ឍន៍ធនធាន​មនុស្ស ​ទេសចរណ៍ ​រវាង​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា ​ជាមួយ​សាកល​វិទ្យាល័យ ​Milton Friedman University ​នៃ​ប្រទេស​ហុងគ្រី​។

ដោយឡែក ​សមភាគី​កម្ពុជា-​ហុងគ្រី ​ក៏​បាន​ឯកភាព​គ្នា ​បើក​ស្ថានទូត​ជា​ថ្មី​ឡើងវិញ ​នៅ​ឆ្នាំ​២០២១ ​ដែលជា​ខួប​៦៥​ឆ្នាំ ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ ​រួមនឹង​ស្នើ​ឲ្យ​ហុងគ្រី ​ជួយ​ជួសជុល​ប្រាសាទ​កោះកេរ ​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះវិហារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ