អានតួអត្ថបទ
កម្ពុជា-សង្គម

​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​តម្រូវ​ឲ្យ​ជន​ជាតិ​វៀត​ណាម​នៅ​លើ​ទឹក​បឹង​ទន្លេ​សាប​ទៅ​នៅ​លើ​គោក​ឲ្យ​អស់​ត្រឹម​ចុង​ឆ្នាំ​នេះ​

តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​ អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង នៅ​ថ្ងៃ​ទី​០១ ខែ​តុលា​នេះ បាន​អនុវត្ត​វិធាន​ការ​របស់​ខ្លួន ដោយ​ធ្វើ​ការ​បម្លាស់​ទី​ជន​ជាតិ​វៀត​ណាម​ ជាង​២០០០​គ្រួសារ ដែល​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ក្នុង​បឹង​ទន្លេសាប​នោះ ឲ្យ​ទៅ​រស់​នៅ​លើ​ដី​គោក​វិញ​ឲ្យ​អស់​ត្រឹម​ចុង​ឆ្នាំ​នេះ​។ អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង បាន​បញ្ជាក់​ថា ទី​តាំង​ថ្មី ដែល​ជន​ជាតិ​វៀត​ណាម​ត្រូវ​ទៅ​រស់​នៅ​នោះ គឺ​នៅ​មិន​ឆ្ងាយ​ពី​ទីតាំង​ចាស់​នោះ​ឡើយ​។ 

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

លោក ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់​ឆ្នាំង បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បម្លាស់​ទី​ជន​ជាតិ​វៀត​ណាម​ចំនួន​២,៣៩៧​គ្រួសារ ដែល​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ឲ្យ​ទៅ​នៅ​លើ​គោក​វិញ​នេះ ​គឺ​មាន​កិច្ច​សហ​ការ​ជាមួយ សមាគម​វៀត​ណាម​នៅ​កម្ពុជា ដោយ​សមា​គម​នេះ​បាន​សហ​ការ​ជាមួយ​ដៃ​គូឯក​ជន ដើម្បី​ផ្ដល់​ទីតាំង​សម្រាប់​តាំង​លំ​នៅ​ថ្មី​របស់​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​។

ទី​តាំង​ថ្មី​ដែល​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​ត្រូវ​ទៅ​រស់​នៅ គឺ​មាន​ចំងាយ​តែ​ប្រមាណ​មួយ​គីឡូ​ម៉ែត្រ​ពី​កន្លែង​ចាស់​ប៉ុណ្ណោះ ហើយ​ខ្លះ​ទៀត ត្រូវ​កំណត់​ឲ្យ​ទៅ​រស់​នៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ ដោយ​មាន​ទំហំ​ដី​៤០​ហិកតា ដែល​សមា​គម​វៀត​ណាម បាន​សហ​ការ​ជាមួយ​ដៃ​គូ​ឯក​ជន ដោយ​ជួល​ឲ្យ​ពួក​គេ​រស់​នៅ​។ នេះ​បើ​តាម​អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​។

តាម​ផែន​ការ​របស់​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង ការ​បម្លាស់​ទី​ជន​ជាតិ​វៀត​ណាម​ឲ្យ​ចេញ​ពី​បឹង​ទន្លេ​សាប​នេះ គឺ​បាន​ជូន​ដំណឹង​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដោយ​ដាក់​កំហិត​ត្រូវ​ជម្លៀស​ចេញ​ឲ្យ​អស់​នៅ​ចុង​ឆ្នាំ​២០១៨​នេះ​។ កន្លែង​ដែល​ជន​ជាតិ​វៀត​ណាម​រស់​នៅ​ច្រើន​ជាង​គេ គឺ​នៅ​ម្តុំ​ផ្សារ​ក្រោម និង​នៅ​តំបន់​ឆ្នុក​ទ្រូ ស្ថិត​ក្នុង ស្រុក​បរិបូរណ៌ និង​នៅ​ស្រុក​កំពង់​ត្រឡាច ជា​ដើម​។

ការ​ធ្វើ​បម្លាស់​ទី​ជន​ជាតិ​វៀត​ណាម ឲ្យ​ចេញ​ពី​ផ្ទះ​បណ្តែត​ទឹក​លើ​បឹង​ទន្លេ​សាប គឺ​ក្រោម​ហេតុ​ផល​លើក​កម្ពស់​សោ​ភ័ណ​ភាព​បរិស្ថាន ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព ជា​ពិសេស​ទឹក​ប្រើ​ប្រាស់​។ នេះ​ជា​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ខេត្ត​។

បើ​តាម​អាជ្ញាធរ​ខេត្ត ពី​ដំបូង​ឡើយ ​នៅ​ពេល​អាជ្ញាធរ​ចេញ​សេច​ក្ដី​ជូន​ដំណឹង និង​នៅ​ពេល​អនុ​វត្ត​ការងារ​នេះ ក៏​មាន​ការ​តវ៉ា​ពី​ក្រុម​ជន​ជាតិ​វៀត​ណាម​ដូច​គ្នា​ផង​ដែរ ប៉ុន្ដែ​អាជ្ញាធរ​អះ​អាង​ថា ខ្លួន​បាន​ប្រើ​ប្រាស់​វិធាន​ការ​រដ្ឋ​បាល​យ៉ាង​តឹង​រឹង​បំផុត ដើម្បី​ជម្លៀស​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​ចេញ​ពី​លើ​ទឹក​បឹង​ទន្លេ​សាប​ឲ្យ​អស់​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​ទៅ​តាម​ផែន​ការ​កំណត់​។

ជា​ការ​កត់​សម្គាល់ វត្ត​មាន​របស់​ជន​ជាតិ​វៀត​ណាម នៅ​លើ​ទឹក​បឹង​ទន្លេ​សាប ដែល​ជា​ជង្រុក​ត្រី​របស់​ខ្មែរ​រាប់​ទសវត្សរ៍​មក​ហើយ​នោះ ត្រូវ​បាន​អង្គ​ការ​សង្គម​ស៊ីវិល ធ្វើ​ការ​រិះ​គន់​ថា បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ផល​ប្រយោជន៍​ធន​ធាន​ធម្មជាតិ​របស់​ខ្មែរ តាម​រយៈ​ការ​បោះ​កាក​សំណល់​ចោល​ទៅ​ក្នុង​ទឹក ការ​បង្ហៀរ​ប្រេង​ម៉ាស៊ីន​កាណូត ជា​រៀង​រាល់​ថ្ងៃ និង​ការ​បំពុល​បរិស្ថាន​ទឹក​ផ្សេងៗ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ