អានតួអត្ថបទ
កម្ពុជា-ច្បាប់

វៀត​ណាម​ទាម​ទារ​ជា​ថ្មី​ឲ្យ​កម្ពុជា​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​​ដល់​ជន​ជាតិ​ខ្លួន

បន្ទាប់​ពី​រដ្ឋា​ភិ​បាល​កម្ពុជា​ប្រ​កាស​ថា​នឹង​​ដក​​ហូត​​ឯក​សារ​ពី​ជន​បរ​ទេស​ដែល​កាន់​កាប់​មិន​ប្រ​ក្រ​តីឬ​អាច​និយាយ​​បាន​ថា​​កាន់​​កាប់​ដោយ​​ខុស​ច្បាប់ រហូត​ដល់​៧ម៉ឺន​នាក់ ដែល​ភាគ​​ច្រើន​​ជា​ជន​ជាតិ​វៀត​ណាម​នោះ រដ្ឋា​ភិបាល​វៀត​ណាម​​បាន​បញ្ចេញ​​ប្រតិ​កម្ម​តប​ភ្លាម​ៗ​។ តែ​មន្រ្តី​​ក្រ​សួង​មហា​ផ្ទៃបញ្ជាក់​ថានេះ​ជា​ការ​អនុ​វត្ត​ច្បាប់​​របស់​​ប្រ​ទេស​​កម្ពុជា​។

លោកស្រី ឡេធីធូហាំង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម
លោកស្រី ឡេធីធូហាំង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម @សហការី
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖​ អ៊ឹង ប៊ុនថន

តាម​រយៈ​សេច​ក្តី​ថ្លែ​ង​ការណ៍​នៅ​ថ្ងៃ​អង្គារ វៀត​ណាម​បាន​អំ​ពាវ​នាវ​ដល់​រដ្ឋា​ភិ​បាល​កម្ពុជា ធា​នាសិទ្ធិ​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​របស់​ខ្លួន​ដែល​កំ​ពុង​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​។​ការ​​អំ​ពាវ​នាវ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រ​សួង​ម​ហា​ផ្ទៃ​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​លើក​ឡើង​ថា នឹង​ដកហូត​ឯក​សារ​មិន​ត្រឹម​ត្រូវ​ពី​ជន​អន្តោ​ប្រ​វេសន៍​ប្រ​ហែល​៧​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​ជ​ន​ជាតិ​វៀត​ណាម​។

អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរ​ទេស​វៀត​ណាម​លោក​ស្រី ឡេ​ធី​ធូ​ហាំង បាន​និ​យាយ​នៅ​ក្នុង​សេច​ក្តីថ្លែង​ការណ៍​ថា​វៀត​ណាម​សង្ឃឹម​ថា​ប្រ​ទេស​កម្ពុជា​នឹង​ចាត់​វិធាន​ការ​សម​ស្រប​ដើម្បី​ធា​នា​សិទ្ធិស្រប​ច្បាប់​ដល់​ជន​ជាតិ​វៀត​ណាម​នៅ​​កម្ពុជា​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន ​Reuter​ ។

ស្រ្តី​អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ថា "​វៀត​ណាម​សង្ឃឹម​ថា​ពួក​គេ​នឹង​មាន​ឯក​សារ​ស្រប​ច្បាប់​កាន់កាប់​និង​អាច​រក្សា​ជីវិត​ដោយ​មាន​ស្ថេរ​ភាព​និង​បន្ត​រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ "​។

ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​របស់​វៀត​ណាម​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​​សួង​​ម​ហា​ផ្ទៃ ប្រាប់​​វិទ្យុ​​បារាំង​RFI​ថា ចំ​ណាត់​ការ​​របស់​​កម្ពុជា ធ្វើ​​ឡើង​​ទៅ​​តាម​​ផ្លូវ​ច្បាប់​ដោយ​ថា​​មិន​​ចាប់​បញ្ជួន​​ចេញ​ទាំង​ឡាន​ៗ​​ដូច​កាល​ពី​​សម័យ​ លន់ នល់ និង​​សម័យ​​ប៉ុល ពត នោះ​ទេ​។

បើ​តាម​​លោក ខៀវ សុភ័គ ជន​ជាតិ​​វៀត​ណាម​​ដែល​​កាន់​​កាប់​​ឯក​សារ​​ខុស​ច្បាប់​នេះ​គឺ​ធ្វើ​ឡើងដោយ​​ក្រ​សួង​​មហា​ផ្ទៃ​តាំង​ទស្ស​វត្ស​៨០​​មក​ម្លេះ​។ ​លោក​ថា ឯក​សារ​​ខុស​​ច្បាប់​ខ្លះ​​ដែល​ផ្តល់​សញ្ជាតិ​​ឲ្យ​ជន​ជាតិ​​វៀត​ណាម​​ខ្លះ​គឺ​ធ្វើ​ឡើង​​ដោយ​មន្រ្តី​ក្រ​សួង​មហា​ផ្ទៃ​មួយ​ចំនួន​កាល​ពី​ជំ​នាន់មុន​។

លោក ខៀវ សុភ័គ អះ​អាង​ថា​មូល​ហេតុ​​ដែល​​ក្រ​សួង​មហា​ផ្ទៃ​ទើប​ចាប់​ផ្តើម​ដក​​ហូត​​ឯក​សារ​ខុស​​ច្បាប់​​ទាំង​​នោះ​​ពី​​ជន​ជាតិ​វៀត​ណាម​​វិញ​គឺ​ដោយ​សារ​​ទើប​តែ​មាន​ច្បាប់​ថ្មី​។​

បើ​តាម​របាយ​ការណ៍ របស់​ក្រ​សួង​ម​ហា​ផ្ទៃ ជន​បរ​ទេស​អន្តោ​ប្រវេសន៍ នៅ​កម្ពុជា​សរុប​ជាង ១៦​ម៉ឺន​នាក់ ក្នុង​នោះ ជន​ជាតិ​វៀត​ណាម មាន​រហូត​ដល់​ទៅ​ជាង​៩៩​%​ឬ​ស្មើ​នឹ​ង​ជាង​១៥​ម៉ឺននាក់​​។ ប៉ុន្តែ​មជ្ឈ​ដ្ឋាន​ខ្លះ​ក៏​ដូច​ជា​ក្រុម​​គណ​បក្ស​នៅ​ក្រៅ​រដ្ឋា​ភិ​បាល​មួយ​ចំនួន​ ជឿ​ជាក់​ថា​ជនជាតិ​វៀត​ណាម​នៅ​កម្ពុជា មាន​ចន្លោះ​ពី ៧​សែន​ទៅ​១​លាន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ