សង្គមស៊ីវិលថា ក្រសួងអប់រំតែម្ខាងទប់មិនឈ្នះឡើយចំពោះភាពមិនប្រក្រតី ថ្ងៃនៃក្ដីស្រឡាញ់
មិនខុសពីរាល់ឆ្នាំ ១សប្ដាហ៍មុនទិវានៃក្ដីស្រឡាញ់ ឬមកពីភាសាបរទេសថា Valentine's Day ក្រសួងអប់រំនៅថ្ងៃសុក្រនេះ បានចេញវិធានការទប់ស្កាត់ជាមុនរាល់សកម្មភាពមិនប្រក្រតីណាមួយកើតឡើងទាំងនៅគ្រឹះស្ថានរដ្ឋ និងឯកជន នៅថ្ងៃទី១៤កុម្ភៈ។ សម្រាប់ក្រសួងអប់រំព្រួយបារម្ភនៅត្រង់ថា សិស្សានុសិស្សអាចយកឱកាសនេះ ធ្វើសកម្មភាពផ្សេងៗឈានដល់ការរួមភេទ។ សង្គមស៊ីវិលយល់ថា ក្រសួងអប់រំតែម្ខាងមិនអាចទប់ស្កាត់និន្នាការយល់ខុសចំពោះទិវានៃក្ដីស្រឡាញ់បានឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៤
«សិស្សានុសិស្សមួយចំនួនយល់ច្រឡំថា ទិវានៃក្តីស្រឡាញ់ (Valentine's Day) ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍» ដែលនេះជាកង្វល់របស់ក្រសួងអប់រំ រំលេចក្នុងសេចក្ដីណែនាំមួយនៅថ្ងៃសុក្រនេះ។
សម្រាប់ ក្រសួងអប់រំ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានៃក្តីស្រឡាញ់ ឬValentine's Day កាន់តែមានឥទ្ធិពល ដែលឥទ្ធិពលនេះ ធ្វើឱ្យយុវវ័យ ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរ និងប្រាសចាកវប្បធម៌ និងសីលធម៌។
ដើម្បីទប់ស្កាត់ឥទ្ធិពលនេះ ក្រសួងអប់រំបានជំរុញទៅសាលានានា ប្រើប្រាស់ពេលវេលាគោរពទង់ជាតិពន្យល់សិស្សអំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់ និងតាមដានអវត្តមានរបស់សិស្សជាប្រចាំជាមួយឱពុក ម្ដាយ ឬអាណាព្យាបាលសិស្ស។
ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាយល់ថា ក្រសួងទប់ស្កាត់បានតែក្នុងម៉ោងសិក្សាប៉ុណ្ណោះ។ ដូចនេះក្រៅពីក្រសួងអប់រំ គឺជាតួនាទី ឱពុក ម្ដាយនិងអាណាព្យាបាលសិស្ស សហគមន៍ ជាពិសេសអាជ្ញាធរសម្រាប់កិច្ចសហការទប់ស្កាត់ នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ជាដើម។
ប៉ុន្តែយ៉ាងណាមិញ សម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រផ្ដល់យោបល់ថា មិនមែនជាការលើកទឹកចិត្ត តែក្រសួងអប់រំគួរផ្សព្វផ្សាយបន្ថែមជុំវិញវិធានការការពារ ទប់ស្កាត់ការចម្លងមេរោគអេដសន៍ និងការមានផ្ទៃពោះ។ ហ៊ានថាបែបនេះ ព្រោះក្រសួងអប់រំឬអាណាព្យាបាល មិនអាចទប់ស្កាត់ទាំងស្រុងបានឡើយចំពោះភាពមិនប្រក្រតី ឈានដល់ការរួមភេទ នៅថ្ងៃទិវានៃក្តីស្រឡាញ់ (Valentine's Day) នោះ។ នេះបើតាមអ្នកជំនាញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ