អានតួអត្ថបទ
កម្ពុជា-អាមេរិក

អាមេរិក​ប្រកាស​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​ខ្មែរ​ដែល​ខ្លួន​ចាត់​ទុក​ថា បាន​ចូល​រួម​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ក្រសួង​ការ​បរទេស​អាមេរិក​នឹង​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្រោម​ហេតុ​ផល​ថា មន្រ្តី​ទាំង​នោះ​បាន​រួម​ចំណែក​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​អាមេរិក​នៅ​ថ្ងៃ​ទី​៦ ធ្នូ។ ចំពោះ​វិធានការ​នេះ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថា ជា​ទង្វើ​មួយ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​វិញ​ទេ។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ដែល​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​នេះ គឺ​សំដៅ​ទៅ​លើ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​អ្វី​ដែល​អាមេរិក​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទង្វើ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ គឺ​អាមេរិក​ចង់​សំដៅ​ទៅ​លើ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា និង​ការ​ហាម​ឃាត់​មិន​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ធ្វើ​សកម្មភាព​នយោបាយ ការ​ចាប់​លោក​កឹម សុខា ដាក់​ពន្ធនាគារ ការ​រឹត​បន្តឹង​លើ​សង្គម​ស៊ីវិល និង​ការ​បង្រ្កាប​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ទៀត។

យ៉ាង​ណា​ក៏​ដោយ ក្រសួង​ការ​បរទេស​អាមេរិក​មិន​បាន​ចុច​ឲ្យ​ចំ​ឈ្មោះ​ថា​តើ​មាន​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ណា​ខ្លះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សមាជិក​គ្រួសារ​របស់​មន្រ្តី​ទាំង​នោះ ក៏​នឹង​ត្រូវ​លែង​ផ្តល់​ទិដ្ឋាការ​ក្នុង​ការ​ចូល​ទៅ​កាន់​ដឹក​ដី​អាមេរិក​ផង​ដែរ។ បន្ថែម​លើ​វិធានការ​ថ្មី​នេះ អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្វិល​ស្ថានការ​ទាំង​អស់​ឲ្យ​ដូច​ដើម​ឡើង​វិញ​ដែល​ទង្វើ​នេះ​អាច​ឈាន​ទៅ​រក​ការ​លើក​លែង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​នេះ​វិញ ។

លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​កម្ពុជា​បាន​ចាត់​ទុក​ការ​ប្រកាស​ដាក់​ទណ្ឌកម្មផ្នែក​ទិដ្ឋាការ​របស់​អាមេរិក​នេះ​ថា​ ជា​ទង្វើ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ខ្លួន​បាន​កសាង​នៅ​កម្ពុជា ហើយ​វា​ក៏​ជា​ការ​បំផ្លាញ​នូវ​ទំនាក់​ទំនង​និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ សម្រាប់​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ីផាន អះអាង​ថា ការ​អំពាវនាវ​របស់​អាមេរិក​គឺ​មិន​អាច​ធ្វើ​តាម​បាន​ទេ ដោយ​កម្ពុជា​នៅ​តែ​បន្ត​ដើរ​ទៅ​មុខ​ដដែល។

ជា​ការ​សម្គាល់ នេះ​គឺ​ជា​វិធានការ​ទី​ពីរ​ហើយ​របស់​អាមេរិក​មក​លើ​កម្ពុជា បន្ទាប់​ពី​វិធានការ​ទី​មួយ​បាន​ដាក់​ចេញ ​នោះ​គឺ​ការ​បញ្ឈប់​ជំនួយ​របស់​អាមេរិក​មក​កាន់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា។ ដោយ​ឡែក​សម្រាប់​ស្ថានការ​នយោបាយ​នៅ​កម្ពុជា អាមេរិក​អះ​អាង​ថា នឹង​នៅ​តែ​បន្ត​ឃ្លាំ​មើល​ត​ទៅ​ទៀត​ហើយ​ថា នឹង​ចាត់​វិធានការ​បន្ថែម បើ​មាន​ការ​ចាំ​បាច់។

កញ្ញា​កឹម មនោវិទ្យា ដែល​ធ្លាប់​ជា​អគ្គនាយក​រង​កិច្ច​ការ​សាធារណៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជឿ​ថា​ វិធានការ​បន្ទាប់​របស់​អាមេរិក អាច​ជា​ការ​ដាក់​មន្ត្រី​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ(Specifically Designated Nationals list) និង​ការ​កាត់​ជំនួយ​មក​រដ្ឋាភិបាល​កម្ពុជា​ទាំង​ស្រុង​ក្នុង​ឆ្នាំ​២០១៨ ព្រម​ទាំង​ឈាន​ដល់​ការ​ដក​ហូត​កូតា​នាំ​ចេញ​ពី​កម្ពុជា​ផង។ ប្រឈម​នឹង​វិធានការ​ទាំង​នេះ កញ្ញា​កឹម មនោវិទ្យា ដែល​ជា​កូន​ស្រី​លោក​កឹម សុខា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ខ្មែរ ពិចារណា​ឲ្យ​ទាន់​ពេល​ដោះ​ស្រាយ​នូវ​បញ្ហា​ទាំង​អស់​ដែល​បាន​កើត​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ