rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កម្ពុជា​ស្នើ​ឲ្យ​អាមេរិក​ពិចារណា​ឡើង​វិញ​ពី​ទណ្ឌកម្ម​ទិដ្ឋាការ

media
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ធ្វើបាឋកថានៅសាលាភូមិន្ទរដ្ឋបាល @FB

ភ្លាមៗ​បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ប្រកាស​ផ្អាក​ចេញ​ទិដ្ឋាការ​ប្រភេទ​ខ្លះ ដល់​មន្ត្រី​ការ​ទូត​មួយ​ចំនួន​ ក្រសួង​ការ​បរទេស​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែ​កញ្ញា​ម្សិល​មិញ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ទណ្ឌកម្ម​ថ្មី​នេះ។ ក្រៅ​ពី​សោក​ស្ដាយ ក្រសួង​នេះ​បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ពិចារណា​ពី​​ទណ្ឌកម្ម​ចំពោះ​ខ្លួន​ឡើង​វិញ។


នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី​១៣​កញ្ញា ក្រសួង​ការ​បរទេស​កម្ពុជា​បាន​សម្ដែង​ការ​សោក​ស្ដាយ នៅ​ពេល​ដែល​អាមេរិក​សម្រេច​ដាក់​កម្ពុជា​ជា «​ប្រទេស​មិន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ» ​និង​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ប្រភេទ​ធុរកិច្ច​និង​ទេសចរណ៍ ដល់​មន្ដ្រី​ការ​ទូត​ខ្មែរ ដែល​មាន​តួ​នាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក រហូត​ដល់​ថ្នាក់​ដឹក​នាំ​កំពូល ព្រម​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​។

សូម​ជម្រាប​ជូន​ថា ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​ពន្យល់​ថា ធ្វើ​ឡើង​ដោយ​សារ​តែ​ប្រទេស​កម្ពុជា មិន​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​អាមេរិក​ត្រឡប់​មក​វិញ​។ បើ​តាម​ស្ថានទូត​អាមេរិក​ដដែល ស្ថានទូត​អាមេរិក​អាច​ត្រឡប់​មក​ផ្ដល់​ទិដ្ឋាការ​ដល់កម្ពុជាវិញ គឺ​ដរាប​ណា​កម្ពុជា កែ​ប្រែ​ជំហរ ហើយ​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ក្រសួង​ការ​បរទេស​កម្ពុជា ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​ដោយ​មិន​បាន​ពិចារណា​ទៅ​លើ​កំណត់​ទូត​របស់​ខ្លួន អំពី​ប្រតិបត្តិការ​កម្មវិធី​មាតុភូមិ​និវត្តន៍​រវាង​ប្រទេស​ទាំង​ពីរ ចុះ​ថ្ងៃ​ទី​៣១ សីហា កន្លង​ទៅ​ថ្មី​ៗ​នេះ​ឡើយ​។

គួរ​ជម្រាប​ជូន​ថា មុន​ពេល​អាមេរិក​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​កម្ពុជា ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ខែ​តុលា​ឆ្នាំ​២០១៦ ​ធ្លាប់​បាន​ដាក់​សំណើ​សុំ​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០០២ ស្ដី​ពី​ការ​ទទួល​ពលរដ្ឋ​កម្ពុជា​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​អាមេរិក​ឲ្យ​ត្រឡប់​មក​ប្រទេស​វិញ​ ដោយ​ផ្អែក​លើ​គោលការណ៍​មនុស្ស​ធម៌​និង​សិទ្ធិ​មនុស្ស​។ បើ​តាម​ក្រសួង​ការ​បរទេស​កម្ពុជា សំណើ​នោះ​មិន​មាន​គោល​បំណង​លុប​ចោល​កិច្ច​ព្រម ព្រៀង​ឆ្នាំ​២០០២ រវាង​កម្ពុជា​និង​អាមេរិក​ឡើយ​។

ក្រសួង​​ការ​បរទេស​​កម្ពុជា រំពឹង​​ថា សហរដ្ឋ​​អាមេរិក នឹង​​ពិចារណា​​ឡើង​​វិញ​​លើ​​ការ​​សម្រេច​​ចិត្ត​​ផ្អាក​​ផ្ដល់​​ទិដ្ឋាការ​​ខ្លះ​​ដល់​​មន្ដ្រី​​ការ​ទូត​​ខ្មែរ ក្នុង​​គោល​ដៅ​​លើក​​កម្ពស់​​ទំនាក់​ទំនង​​មិត្ត​ភាព និង​​កិច្ច​​សហប្រតិបត្តិការ​​ល្អ​​រវាង​​ប្រទេស​​ទាំង​​ពីរ​​។

ផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​ចេញ​ផ្សាយ​កាល​​ពី​ឆ្នាំ​២០១៦​គឺ​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​មាន​ចំនួន​៥៤៤​​នាក់។ ក្នុង​ចំណោម​ពួក​គេ​ទាំង​នេះ​មាន​អ្នក​ខ្លះ​ស្លាប់​ដោយ​សារ​ជំងឺ​និង​មួយ​ចំនួន​ទៀត​កំពុង​ជាប់​ឃុំ។ នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ៕