rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នីតិការងារ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សហភាព​ការងារ​កម្ពុជា៖ ច្បាប់​សហជីព​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រៀប​ចំ​ស្តង់​ដារ​ការងារ​នៅ​កម្ពុជា

media
សន្និសីទ​បញ្ចប់​គម្រោង​ស្តី​ពី​ការ​លើក​កម្ពស់​ស្តង់​ដារ​ការងារ

ប្រធាន​សហភាព​ការងារ​កម្ពុជា​លើក​ឡើង​ថា ច្បាប់​សហជីព​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រៀប​ចំ​ស្តង់​ដារ​ការងារ​នៅ​កម្ពុជា ដោយ​សារ​ច្បាប់​នេះ​បង្ក​ឲ្យ​មាន​ឧបសគ្គ​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​សហជីព។ តំណាង​ក្រសួង​ការងារ​បញ្ជាក់​ជា​ថ្មី​ថា​ច្បាប់​នេះ មិន​មាន​គោល​ដៅ​ធ្វើ​ឲ្យសេរីភាព​របស់​សហជីព​ទន់​ខ្សោយ​នោះ​ទេ។


លោក​អាត់ ធន់​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​សន្និសីទ​បញ្ចប់​គម្រោង​ស្តី​ពី​ការ​លើក​កម្ពស់​ស្តង់​ដារ​ការងារ​ថា ច្បាប់​ស្តី​ពី​សហជីព​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រៀប​ចំ​ស្តង់​ដារ​ការងារ​នៅ​កម្ពុជា ដែល​មាន​គោល​ដៅ​ឆ្ពោះ​ទៅ​កាន់​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិត។

លោក​អាត់ ធន់ បាន​លើក​ឡើង​ពី​ចំណុច​រាំង​ស្ទះ​ជា​ច្រើន​របស់​ច្បាប់​ស្តី​ពី​សហជីព​នេះ។ លោក​ថា​ច្បាប់​សហជីព​មាន​គន្លឹះ​ឧបសគ្គ​ច្រើន​ណាស់​សម្រាប់​សហជីព​កម្មករ ដែល​បណ្តាល​ឲ្យ​បាត់​សិទ្ធិ​របស់​សហជីព​ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​របស់​កម្មករ​និយោជិត។ លោក​អាត់ ធន់​បញ្ជាក់​ថា​ចាប់​តាំង​ពី​ច្បាប់​សហជីព​ដាក់​ចេញ​ឲ្យ​អនុវត្ត នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០១៦​មក សហភាព និង​សហជីព​របស់​លោក​មិន​ទាន់​បាន​ចុះ​បញ្ជី​ការ​បាន​មួយ​នៅ​ឡើយ​ទេ។
 
​លោក​បន្ត​ថា​បើ​ឧបសគ្គ​ទាំង​នោះ នៅ​បន្ត​កើត​មាន​ទៀត នោះ​សហជីព​ដែល​គាំទ្រ​កម្មករ​នឹង​ចុះ​ខ្សោយ​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​គ្មាន​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា។ លោក​លើក​ឡើង​ជា​សំនួរ​ថា តើ​មាន​ការងារ​សមរម្យ​មក​ពី​ណា​សម្រាប់​កម្មករ​និយោជិត? ព្រោះ​ការងារ​សមរម្យ​កើត​មាន​ទៅ​បាន​អាស្រ័យ​ដោយ​សិទ្ធិ​របស់​កម្មករ និង​សហជីព។
 
​លោក​សោម ចំណាន ទី​ប្រឹក្សា​ក្រសួង​ការងារ ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​នោះ​ដែរ បាន​កត់​សម្គាល់​ថា​ការ​បង្កើត​ច្បាប់​នេះ​ឡើង​មិន​មាន​គោល​ដៅ​ធ្វើ​ឲ្យ​សេរីភាព​របស់​សហជីព​ទន់​ខ្សោយ​នោះ​ទេ។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ថា​ច្បាប់​នេះ​មាន​ការ​រឹត​ត្បិត លោក​សោម ចំណាន បញ្ជាក់​ថា​ការ​ពិនិត្យ​លើ​ច្បាប់ បើ​មើល​តែ​មួយ​ជ្រុង គឺ​ឃើញ​តែ​មួយ​ជ្រុង​ទេ ប៉ុន្តែ​បើ​ពិនិត្យ​ជា​រួម ដោយ​ឈរ​លើ​គោល​ការណ៍​ឯក​រាជ្យ នោះ​គឺ​នឹង​មើល​ឃើញ​ភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ច្បាប់​នេះ។
 
គិត​ត្រឹម​ឆ្នាំ ២០១៦ ក្រសួង​ការងារ​កម្ពុជា​បាន​ចុះ​បញ្ជី​ការ​សហជីព​មូលដ្ឋាន​បាន​ចំនួន​ប្រមាណ ១៦២ សហព័ន្ធ​សហជីព​ចំនួន ៦ និង​សហភាព​សហជីព​ចំនួន ២។ គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំ ២០១៦ ចំនួន​សហជីព​មូលដ្ឋាន​បាន​កើន​ឡើង​រហូត​ដល់​ប្រមាណ ៣៤៩៧​សហជីព សហព័ន្ធ​សហជីព​ចំនួន ១០៣ សហភាព​សហជីព​ចំនួន ៨។
 
សូម​ជំរាប​ជូន​ថា នៅ​ថ្ងៃ​នេះ​សហភាព​ការងារ​កម្ពុជា ក្រោម​ការ​ឧបត្ថម​របស់​សហភាព​អឺរ៉ុប​បាន​រៀប​ចំ​សន្និសីទ​បញ្ចប់​គម្រោង​ស្តី​ពី​ការ​លើក​កម្ពស់​ស្តង់​ដារ​ការងារ ឆ្ពោះ​ទៅ​កាន់​ការ​ងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា។ គម្រោង​នេះ​បាន​អនុវត្ត​សកម្មភាព​របស់​ខ្លួន​រយៈ​ពេល ៣​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៤ ហើយ​នឹង​បញ្ចប់​នៅ​ដំណាច់​ខែ​មីនា ឆ្នាំ ២០១៧​នេះ៕