អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

UN៖ ការ​បោះ​ឆ្នោត​គ្មាន​បក្ស​ប្រឆាំង ជា​ការ​បោះ​ឆ្នោត​មិន​ពិត​ប្រាកដ!

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) កាល​ពី​ថ្ងៃ​ទី ៣០​ខែ​មេសា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្ស៊ឺណែវ ដោយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ ប្រព្រឹត្តិ​ទៅ​ដោយ​ត្រឹម​ត្រូវ​ពិត​ប្រាកដ។ ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ បើ​តាម​លោក​ស្រី រ៉ូណា ស្មីត គឺ​ទាល់​តែ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ ដែល​គេ​គិត​ថា​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា
លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

«គ្មាន​ការ​បោះឆ្នោត​ណា​មួយ ដែល​អាច​ចាត់​ទុក​ថា​ត្រឹម​ត្រូវ​ពិត​ប្រាកដ​បាន​ទេ បើ​សិន​ជា​មាន​ការ​ហាម​ឃាត់​គណបក្ស​ប្រឆាំង​ដ៏​សំខាន់ មិន​ឲ្យ​ចូល​រួម​នោះ»។​ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី រ៉ូណា ស្មីត ដែល​ជា​អ្នក​ជំនាញ​ ត្រូវ​បាន​តែង​តាំង​ដើម្បី​ឃ្លាំ​មើល​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​កម្ពុជា។ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​រូប​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ដំណើរ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) កំពុង​តែ​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​ ២​សប្តាហ៍ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៣០​មេសា ដល់​ថ្ងៃ​ទី ១៤​ឧសភា។

លោក​ស្រី រ៉ូណា ស្មីត សង្កត់​ធ្ងន់​ថា អ្នក​ដឹក​នាំ​ប្រទេស​បច្ចុប្បន្ន មាន​ឱកាស​ចុង​ក្រោយ​មួយ ដើម្បី​ធ្វើ​យ៉ាង​ណា​ត្រលប់​ទៅ​ដើរ​លើ​ផ្លូវ​តាម​គន្លង​រដ្ឋធម្មនុញ្ញ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដ៏​ត្រឹម​ត្រូវ​ជាក់​លាក់ តាម​បែប​សេរី​​ពហុបក្ស ​ស្រប​តាម​​ការ​អនុវត្ត​លទ្ធិ​​ប្រជាធិបតេយ្យ ដោយ​ធានា​ឲ្យ​បាន​នូវ​ភាព​ស្មើ​គ្នា ក្នុង​ការ​ចូល​រួម​ពី​គ្រប់​ភាគី​គណបក្ស​នយោបាយ​ទាំង​អស់។​

ដូច្នេះ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ត្រូវ​បាន​ទទួល​ស្គាល់ អ្នក​តំណាង​អង្គការ​សហប្រជាជាតិ​រូប​នេះ បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ត្រូវ​តែ​ប្រញាប់​ដោះ​លែង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក​កឹម សុខា ជា​បន្ទាន់ ព្រម​ទាំង​ដក​ចេញ​នូវ​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​ចំពោះ​តំណាង​រាស្ត្រ​និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ចំនួន​១១៨​រូប ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​រួម​ ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២៩​កក្កដា ខាង​មុខ​បាន។

មិន​ត្រឹម​តែ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល ដក​ការ​រឹត​ត្បិត​លើ​អតីត​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ លោក​ស្រី រ៉ូណា ស្មីត ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត ដល់​បណ្តា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត អាច​ចូល​រួម​ពិភាក្សា ផ្តល់​យោបល់ រិះគន់​ និង​សង្កេតការណ៍​សម្រាប់​កិច្ច​ការ​ប្រទេស​ជាតិ​ផង​ដែរ។ ​

គួរ​ជម្រាប​ជូន​ថា ការ​ប្រកាស​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​នេះ ក៏​ស្រប​ពេល​ដែល​កូន​ស្រី​របស់​លោក​កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា កំពុង​តែ​មាន​វត្ត​មាន​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ដើម្បី​ស្វែង​រក​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ឪពុក​របស់​ខ្លួន។ តាម​កញ្ញា កឹម មនោវិទ្យា ការ​បោះ​ឆ្នោត​ដោយ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ដ៏​សំខាន់ គឺ​ជា​រឿង​ដ៏​អាម៉ាស់។ ទោះ​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល តែង​លើក​ឡើង​ជា​រឿយៗ​ថា អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​តែ​ឆ្ពោះ​ទៅ​មុខ។ ឆ្ពោះ​ទៅ​មុខ ដោយ​សារ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ជា​ច្រើន​ផ្សេង​ទៀត ដែល​បង្ហាញ​ពី​ការ​បោះ​ឆ្នោត​មួយ តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

គួរ​រម្លឹក​ជូន​ថា កាល​ពី​ខែ​មុន​សហគមន៍​អន្តរជាតិ​ចំនួន ៤៥​ប្រទេស ទើប​តែ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ថ្កោល​ទោស និង​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​មនុស្ស​សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ប្រាកដ​ដោយ​សេរី និង​យុត្តិធម៌​ពិត​ប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ