rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

គណបក្សនយោបាយ គណបក្សប្រជាជនកម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បក្ស២​ចុះបញ្ជី ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​ចូល​រួម​ការ​បោះ​ឆ្នោត​ខែ​កក្កដា

media
ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប RFI/Siv Channa

ថ្ងៃទី៣០ ខែមេសា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ មាន​តែ​គណបក្ស២​ប៉ុណ្ណោះ​បាន​ចុះ​បញ្ជី​។ នេះ​បើ​តាម គ.ជ.ប។ ការ​ចុះ​បញ្ជី​គណ​បក្ស​នយោបាយ​ពេល​នេះ​ ធ្វើ​ឡើង​ខណៈ​គណបក្ស​នយោបាយ​មួយ​ចំនួន​ប្រកាស​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​។

 


គណបក្សទាំង​ពីរ ដែល​បាន​ចុះ​បញ្ជី​នៅ​ថ្ងៃ​ទី៣០ ខែ​មេសា​នេះ រួម​មាន​គណបក្ស​ប្រជា​ជន​កម្ពុជា របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ក្នុង​មណ្ឌល​ទាំង​២៥ ខណៈ​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ត្រឹម​តែ​១៧​មណ្ឌល​ប៉ុណ្ណោះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ គ.ជ.ប។

លោក ឌឹម សុវណ្ណារុំ សមាជិក និង​ជា​អ្នក​នាំពាក្យ គ.ជ.ប បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បំពេញ បែប​បទ​របស់​ខ្លួន​បាន​១០០ភាគរយ ចំណែក​គណបក្ស​យុវជន​កម្ពុជា​វិញ បាន​បំពេញ​បែប​បទ​តែ​៦០ភាគ​រយ​ប៉ុណ្ណោះ​។​

អ្នក​នាំ​ពាក្យ​រូប​នេះ បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១៨​បាន​មក​ទទួល​ពាក្យ​ពី គ.ជ.ប ដើម្បី​រៀបចំ​ដាក់​បេក្ខជន​ឈរ​ឈ្មោះ និង​ចុះបញ្ជី​គណបក្ស។ លោក​បន្ថែម​ថា គណបក្ស​នយោបាយ​ដែល​ចុះ​បញ្ជី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​ចំនួន​១០ ដែល គ.ជ.ប ​តម្រូវ។

គួរ​ជម្រាប​ជូន​ថា​ការ​ទទួល​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​អាណត្តិទី៦ ឆ្នាំ​២០១៨ មាន​រយៈពេល​១៥ថ្ងៃ ពោល​គឺ​ចាប់​ពីថ្ងៃទី៣០ ខែ​មេសា រហូត​ដល់​ថ្ងៃទី​១៤ ខែ​ឧសភា។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា​នេះ បាន​បញ្ជាក់​ថា​ខ្លួន បាន​នឹង​កំពុង​ត្រៀម​ខ្លួន​ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ ប៉ុន្តែ គណបក្ស​នេះ ក៏​អាច​ដក​ខ្លួន​ចេញ​ពី​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​វិញ​ដែរ ក្នុង​ករណី​មាន​ការ​រំខាន​ក្រោម​រូបភាព​នានា។

នៅ​ក្នុង​សមាជ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី៣០ ខែមេសា​ ដែរ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​ដឹក​នាំដោយ​លោក លន់ ឬទ្ធិ កូន​ប្រុស​លោក​សេនា​ប្រមុខ​លន់ ណល់ ក៏​បាន​ប្រកាស​ចូល​រួម​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨​នេះ​ដែរ។ ក៏​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ប្រាកដ​ថា គណបក្ស​មួយ​នេះ នឹង​ដាក់​ពាក្យ​ចូល​រួម​ទៅ​កាន់ គ.ជ.ប នៅ​ពេល​ណា​នៅ​ឡើយ​។

ដោយ​ឡែក គណបក្ស​អំណាច​ខ្មែរ បាន​ប្រកាស​ថា នឹង​មិន​ចូល​រួម​បោះឆ្នោត​ថ្នាក់ជាតិ​នៅខែកក្កដាខាងមុនទេ។ ការ​បដិសេធ ដោយ​គណបក្ស​អំណាច​ខ្មែរ អះអាង​ថា មកពី គ្មាន​អាជ្ញា​កណ្តាល​ឯករាជ្យ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​ហូត​អាសនៈរបស់​បក្ស​ជាប់​ឆ្នោត​ដែល​ផ្ទុយ​នឹង​ឆន្ទៈ​ប្រជា​ពលរដ្ឋ។

លោក ខៀវ សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី៣០ ខែ​មេសា​នេះ ថា​បច្ចុប្បន្ន​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៣៨​បាន​ចុះបញ្ជី និងទទួល​ស្គាល់ ដោយ​ក្រសួង​មហាផ្ទៃ។ ដោយ​ឡែក​នៅ​ថ្ងៃទី៣០ ខែ​មេសា​នេះ ក្រសួង​មហាផ្ទៃ​ក៏​បាន​ទទួល​ស្គាល់​គណបក្ស​នយោបាយ​២ទៀត គឺ​គណបក្ស​ឆន្ទៈខ្មែរ​របស់ លោក គង់ មុនីកា និង​គណបក្ស​ខ្មែរ​ក្រោក ប៉ុន្តែ​មិន​ទាន់​បាន​ចុះបញ្ជី​គណបក្ស​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​៕