អានតួអត្ថបទ
កម្ពុជា-ច្បាប់

​អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​បន្ទន់​ឥរិយាបថ​ចរចា​ជាមួយ​មន្រ្តី​អឺរ៉ុប​ដែល​ចុះ​មក​ស្វែង​រក​ការ​ពិត​

គណៈ​ប្រតិភូ​របស់​សហភាព​អឺរ៉ុប​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ ដើម្បី​បន្ត​បេសកកម្ម​ស្វែង​រក​ការ​ពិត​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​ជា​ចំណែក​មួយ​នៃ​ដំណើរ​ការ​នីតិ​វិធី​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​។ តាម​គម្រោង គណៈ​ប្រតិភូ​នេះ​នឹង​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​។ អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​ខ្មែរ​បន្ទន់​ឥរិយាបថ​ពេល​ជួប​ចរចា​ជាមួយ​គណៈ​ប្រតិភូ​អឺរ៉ុប ដើម្បី​កុំ​ឱ្យ​មាន​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​។ 

សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ស៊ឹង សែនករុណា មន្ត្រីជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​កែ​ប្រែ​ឥរិយាបថ ឫ​បន្ទន់​ជំហរ​ក្នុង​ជជែក​ចរចា​ជាមួយ​គណៈ​ប្រតិភូ របស់​សហភាព​អឺរ៉ុប​ដែល​បាន​ចុះ​មក​ស្វែង​រក​ការ​ពិត​ជា​ថ្មី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​លោក​ស៊ឹង សែនករុណា ប្រសិន​បើ​រដ្ឋា​ភិបាល​កម្ពុជា​បន្ទន់​ជំហរ​ធ្វើ​ការ​ចរចា​ជាមួយ​គណៈ​ប្រតិភូ​អឺរ៉ុប នោះ​នឹង​អាច​ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​សហភាព​អឺរ៉ុប​ឈាន​ទៅ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​។

ចំណែក ​លោ​កអំ សំអាត ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)វិញ បាន​បង្ហាញ​ក្តី​រំពឹង​ថា នៅ​ក្នុង​ជំនួប​នា​ពេល​ខាង​មុខ​នេះ រដ្ឋា​ភិបាល​កម្ពុជា និង​មន្រ្តី​សហភាព​អឺរ៉ុប​នឹង​ជជែក​គ្នា ដើម្បី​ឈាន​ទៅ​រក​ការ​ស្ដារ​ឡើង​វិញ​នូវ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បើ​តាម​លោក​អំ សំអាត តាំង​ពី​ការ​ចុះ​មក​ស្វែង​រក​ការ​ពិត​របស់​គណៈ​ប្រតិភូ​អឺរ៉ុប​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ មក​ដល់​ពេល​នេះ ស្ថានភាព​សិទ្ធិ​មនុស្ស និង លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​។ ដូច្នេះ​ហើយ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​កែ​លម្អ​នូវ​បញ្ហា​ទាំង​នេះ​ឡើង​វិញ ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដល់​កម្ពុជា​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អះអាង​ថា រដ្ឋា​ភិបាល​មិន​មាន​ជំហរ​តឹង​រ៉ឹង​ជាមួយ​សហភាព​អឺរ៉ុប​នោះ​ទេ​។ ប៉ុន្តែ​រដ្ឋា​ភិបាល​កម្ពុជា​ប្រកាន់​ជំហរ​តែ​មួយ​គត់ គឺ​ការពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​។ បើ​តាម​លោក​ផៃ ស៊ីផាន រដ្ឋាភិបាល​កម្ពុជា​មិន​អង្វរ​ករ​សហភាព​អឺរ៉ុប​ទេ​ចំពោះ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ ប៉ុន្តែ​នៅ​តែ​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​នាម​ជា​ដៃ​គូ​។

សូម​បញ្ជាក់​ថា គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​បន្ត​បេសកកម្ម​ស្វែង​រក​ការ​ពិត​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​។ ការ​ចុះ​មក​ស្វែង​រក​ការ​ពិត​ជា​លើក​ទីពីរ​ក្នុង​សប្តាហ៍​នេះ គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​នឹង​ជួប​ជាមួយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃពុធ និង ព្រហស្បតិ៍្ត ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ការ​វិវត្តន៍​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ចុង​ក្រោយ​នៅ​កម្ពុជា​។ ក្រៅ​ពី​នេះ គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ក៏​នឹង​ជួប​ជជែក​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​ផង​ដែរ​។ ប៉ុន្តែ​ការ​ជួប​ជា​មួយ​មន្រ្តី​រូបណា​ខ្លះ និង នៅថ្ងៃ​ណា​នោះ មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ