rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សង្គម គ្រឿងញៀន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មន្ត្រី៖ ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​កាត់​កម្ពុជា មាន​ការ​កើន​ឡើង​អំឡុង​ពេល កម្ពុជា​ជាប់​ដៃ​បោះ​ឆ្នោត

media
លោក​ មាស វី​រិ​ទ្ធ ​អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន @សហការី

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​លើក​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ ​​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​កាត់​កម្ពុជា មាន​ការ​កើន​ឡើង​អំឡុង​ពេល​ដែល​កម្ពុជា​ជាប់​ដៃ​រៀប​ចំ​ការ​បោះ​ឆ្នោត។ ក៏​បុន្តែ​អាជ្ញាធរ​បាន​អះអាង​ថា ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​មាន​ការ​រវល់ មមាញឹក​នេះ ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក៏​មិន​បាន​បាត់​ការ​ប្រុង​ប្រយ័ត្ន និង​ភ្លេច​ខ្លួន ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ឧក្រិដ្ឋ​ទាំង​នេះ​ឡើយ។


លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​អះ​អាង​ថា​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​នេះ​ថា នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​កម្ពុជា​បង្ក្រាប​បាន​បទ​ល្មើស​ធំៗ​ចំនួន​២​ករណី ខណៈ​បរិមាណ​គ្រឿង​ញៀន​ដែល​រឹប​អូស​មក​ជាមួយ​ក៏​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។

ជាក់​ស្ដែង ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ពី​បទ​លួច​ចរាចរ​គ្រឿង​ញៀន​ចំនួន​ជិត ១០០ គីឡូក្រាម​ចូល​មក​​ប្រទេស​កម្ពុជា​តាម​ច្រក​ប្រៃសណីយ៍​។ លោក មាស វីរិទ្ធ ចាត់​ទុក​ថា នេះ​ជា​ករណី​កម្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ការ​បង្ក្រាប​នៅក្នុង​ឆ្នាំ​ ២០១៨ នេះ។ ជុំវិញ​សំណុំ​រឿង​នេះ អាជ្ញាធរ​ខ្មែរ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដើម្បី​ចង់​ដឹង​ថា ឈ្មួញ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​នេះ យក​មក​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក ឬ​ក៏​មាន​បំណង​ត្រឹម​ឆ្លង​កាត់។ ព្រោះ​ថា បរិមាណ​គ្រឿង​ញៀន​ជិត​១០០​គីឡូក្រាម​នេះ ជា​ប្រភេទ​គ្រឿង​ញៀន​ថ្មី មិន​ធ្លាប់​មាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។

ផ្អែក​តាម​រូបភាព​នេះ លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​អះអាង​ថា ក្រុម​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​ទំនង​ជា​យល់​ថា​ អាជ្ញាធរ​កម្ពុជា​អាច​មាន​ភាព​ឆក​ល្វែង ឬ​ខ្វះ​ចន្លោះ​នៅ​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន អំឡុង​ពេល​រៀប​ចំ​ការ​បោះ​ឆ្នោត ទើប​ពួក​គេ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​កាត់​កម្ពុជា ដោយ​ពុំ​មាន​ការ​កោត​ខ្លាច។ ផ្ទុយ​ពី​ការ​គិត​របស់​ឈ្មួញ​បែប​នេះ លោក មាស វីរិទ្ធ ថ្លែង​ការពារ​ថា អាជ្ញាធរ មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​នៅ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​គ្រប់​រូបភាព​ ហើយ​ថា ចំពោះ​ការ​ដឹក​ជញ្ជូន​គ្រឿង​ឆ្លង​កាត់​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ គឺ​ជា​និន្នការ​ថ្មី​របស់​ឈ្មួញ​ដែល​កំណត់​ទិស​ដៅ​មក​លើ​បណ្ដា​ប្រទេស ដែល​មាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច។ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

ដោយ​ឡែក​ចំពោះ​ការ​បង្ក្រាប និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​វិញ ​គឺ​មាន​ការ​ថយ​ចុះ​គិត​ត្រឹម​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៨​នេះ។ ប្រយោជន៍​នៃ​ការ​ថយ​ចុះ​ការ​បង្ក្រាប​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​ធ្វើ​ឲ្យ​បាន​កាត់​បន្ថយ​បទ​ល្មើស​ផ្សេងៗ​ទៀត ជា​ពិសេស​បទ​ល្មើស​ទាក់​ទង​ទោស​ឧក្រិដ្ឋ។

សូម​បញ្ជាក់​ថា មនុស្ស​ជាង​១ម៉ឺន​៥​ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លូន​ទាក់​ទង​បទ​ល្មើស​គ្រឿង​ញៀន ចាប់​តាំង​ពីដើម​ឆ្នាំ​២០១៧ ពោល​គឺ​នៅ​ពេល​ដែល​អាជ្ញាធរ​ប្រកាស​បើក​ប្រតិបត្តិការក្ដៅ​​ថ្នាក់​ជាតិ ​ដើម្បី​បង្ក្រាប​គ្រឿង​ញៀន​ខុស​ច្បាប់​។ ចំនួន​អ្នក​ជាប់​ឃុំ​ដែល​កើន​ឡើង​យ៉ាង​គំហុក​នេះ ធ្វើ​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​នៅ​ក្នង​ពន្ធនាគារ។ កន្លងមក លោក នុត សាវនា ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លើក​ឡើង​ថា អាជ្ញា​ធរ​កំពុង​រកវិធាន​ការណ៍​ដោះ​ស្រាយ​បញ្ហា​នេះ តាម​រយៈ​កិច្ច​សហការ​ជាមួយ​ដៃ​គូ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ឬការ​អនុវត្ត​ទោស​ជំនួស ឬ​វិធី​សាស្ត្រ​នៅ​ក្នុង​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ជា​ដើម៕