rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចរាចរណ៍ ទំនៀមទម្លាប់ប្រពៃណី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចូល​ឆ្នាំ​ចិន​៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​៣៧​នាក់ កើន​ឡើង​ជាង​ឆ្នាំ​មុន

media
គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បាត់ដំបង សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៨​នាក់ និង​៣៣​នាក់​ផ្សេង​ទៀត​រង​របួស រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក

រយៈពេល​៣​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​​សែន​ចូល​ឆ្នាំ​ចិន​​ថ្ងៃ​ទី​១៥ ដល់ថ្ងៃទី១៧​ ខែកុម្ភៈ​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក ចំនួន​៥៤លើក បាន​កើត​ឡើង និង​មាន​មនុស្ស​៣៧​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​​ទូទាំង​​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​របាយ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ។


ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៧ ខែ​កុម្ភៈ មាន​ចំនួន ​៥៤​លើក ថយ​ចុះ​៦​លើក ឬ​១០​ភាគ​រយ ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​២០១៧​។ បើទោះបីជា​ចំនួន​ករណីគ្រោះ​ថ្នាក់​ចរាចណ៍​ថយ​ចុះ​ក្តី ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​មាន​ប្រមាណ​៣៧​នាក់ កើន​ឡើង​៥នាក់ ឬ​១៦​ភាគ​រយប្រៀប​ធៀប​រយៈ​ពេល​ចូល​ឆ្នាំ​ចិន​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧​។

ក្នុង​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ចូល​ឆ្នាំចិន-វៀតណាម បណ្តាល​ឲ្យ​មនុស្ស​របួស​៧៤​នាក់ ថយ​ចុះ​២៣​នាក់ ឬ២៤​ភាគរយ ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

របាយការណ៍​របស់​ប៉ូលីស​ចរាចរណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា មូល​ហេតុ​គ្រោះ​ថ្នាក់​កើត​ឡើង​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​មាន​ចំនួន​២៥លើក ករណី​ស្រវឹង​៦លើក ប្រជែង​៧លើក មិន​ប្រកាន់​ស្តាំ៤​លើក មិន​គោរព​សិទ្ធិ​៥លើក បត់​គ្រោះ​ថ្នាក់​៣លើក និង​កត្តា​យានយន្ត​៤លើក​។ ក្នុង​ចំណោម​មូល​ហេតុខាង​លើ គឺ​ការ​បើក​លើស​ល្បឿន​កំណត់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​១៨នាក់​។​

លោក​ឧត្តម​សេនីយ៍​ឯក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈបាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ​ថា​សម្រាប់​រយៈ​ពេល​៣ថ្ងៃ​នៃ​ឱកាស​ចូល​ឆ្នាំ​ចិន-វៀតណាម​នេះ ករណី​ស្រវឹង​បែរ​ជា​មាន​ការ​ថយចុះ​ទៅ​វិញ ដោយ​សារ​តែ​អ្នក​បើក​បរ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច​នៅ​តាម​ដង​ផ្លូវ​នានា​ទូទាំង​ប្រទេស​។

បើ​តាម​លោក​រុន រ័ត្នវាសនា កាល​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៧ ខែកុម្ភៈ សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ច្រើន​ជាង​ថ្ងៃ​ធម្មតា ដូច​ជា​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​រហូត​ដល់​តំបន់​កម្សាន្ត​នានា​ក្នុងប្រទេស​កម្ពុជា​ដែរ​។

​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១,៧៨០​នាក់​ស្លាប់ និង​រងរបួស​ចំនួន​១,០៦៨​នាក់ ។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចេញ​ផ្សាយ​កាល​ពីដើម​ឆ្នាំ២០១៨​។​

សូមជម្រាប​ជូន​ថា លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ធ្លាប់បាន​បង្ហាញ​ពី​ជំហរ​របស់​កម្ពុជា ក្នុង​ការ​កាត់​បន្ថ​យគ្រោះ​ថ្នាក់​ចរាចរណ៍​ ឬចំនួន​អ្នក​ស្លាប់​ដោយ​​គ្រោះថ្នាក់​ចរាចរណ៍ យ៉ាងហោច​ណាស់ ៩ភាគរយ ក្នុង​មួយ​ឆ្នាំនា​ឆ្នាំ ២០២០៕