rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា វប្បធម៌ ខ្មែរក្រហម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឯកសារ​ជាង​៤​សែន​ទំព័រ ស្តី​ពី​អ្នក​ទោស​គុក​ទួល​ស្លែង នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​អភិរក្ស​បាន​យូរ

media
ឯកសារ​ដើម​ជាង​៤​សែន​ទំព័រ ស្តី​ពីអ្នក​ទោស​ក្នុង​គុក​ទួល​ស្លែង @សហការី

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​អង្គការ UNESCO នៅ​ព្រឹក​ថ្ងៃ​ទី ២៩ មករា​នេះ បាន​ប្រកាស​ជា​ផ្លូវ​ការ នូវ​ការ​អនុវត្ត​គម្រោង ស្តី​ពី ការ​អភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួល​ស្លែង​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។ គម្រោង​នេះ មាន​រយៈ​ពេល​២​ឆ្នាំ ដោយ​ត្រូវ​បញ្ចូល​ឯកសារ​ដើម​ជាង​៤​សែន​ទំព័រ ចែក​ចេញ​ជា​៨​ប្រភេទ ស្តី​ពី អ្នក​ទោស​ក្នុង​គុក​ទួល​ស្លែង ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​រក្សា​ទុក​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ត​ទៅ​ថ្ងៃ​អនាគត។


គម្រោង​នៃ​ការ​អភិរក្ស​នេះ គឺ​ជា​គម្រោង​សំខាន់​ទី​២ បន្ទាប់​ពី​គម្រោង​ជួស​ជុល​និង​អភិរក្ស​វាយនភណ្ឌ ក្រោម​ជំនួយ​ថវិកា​ពី​មូលនិធិ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា សម្រាប់​ថែ​រក្សា​វប្បធម៌​ដែល​បន្សល់​ទុក​ពី​សម័យ​ខ្មែរ​ក្រហម ដែល​បាន​ប្រកាស​ឡើង កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧​កន្លង​ទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្នុង​ពេល​លោក​ចូល​រួម​ប្រកាស ស្តី​ពី “ការ​អនុវត្ត​គម្រោង​អភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួល​ស្លែង​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ” នៅ​ថ្ងៃ​ទី​ ២៩ មករា នៅ​ឯ​សារមន្ទីរ​គុក​ទួល​ស្លែង។ លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា គម្រោង​ថ្មី ដែល​មាន​រយៈ​ពេល​២​ឆ្នាំ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​ នឹង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជា​មូលដ្ឋាន​លើ​ជំនាញ​ថែរក្សា និង​អភិរក្ស​ឯកសារ​នានា​ដល់​មន្រ្តី​ជំនាញ​នៃ​សារមន្ទីរ​ទួល​ស្លែង និង​បញ្ចូល​ឯកសារ​ទាំង​អស់​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ជួយ​សម្រួល​ដល់​ការ​សិក្សា និង​ការ​ស្រាវជ្រាវ​នា​ថ្ងៃ​អនាគត។

គួរ​ជំរាប​ជូន​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២៩ មករា​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​អង្គការ UNESCO បាន​ប្រកាស​ជា​ផ្លូវ​ការ នូវ​ការ​អនុវត្ត​គម្រោង ស្តី​ពី ការ​អភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួល​ស្លែង​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។ គម្រោង​នេះ មាន​រយៈ​ពេល​២​ឆ្នាំ ដោយ​ត្រូវ​បញ្ចូល​ឯកសារ​ដើម​ជាង​៤​សែន​ទំព័រ ស្តី​ពី អ្នក​ទោស​ក្នុង​គុក​ទួល​ស្លែង ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​រក្សា​ទុក។ ឯកសារ​ទាំង​នោះ ចែក​ចេញ​ជា​៨​ប្រភេទ រួម​មាន ចម្លើយ​សារភាព​របស់​ជន​រង​គ្រោះ ជីវប្រវត្តិ​រូប​សង្ខេប​របស់​ជន​រង​គ្រោះ រូប​ថត​ជាង​៥០០០​សន្លឹក ហ្វីល​រូប​ថត ទស្សនាវដ្តី​ទង់​បដិវត្តន៍ និង​សៀវភៅ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​របស់​ពួក​ខ្មែរ​ក្រហម​ជា​ដើម។

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​កម្ពុជា​បាន​រៀប​ចំ​អភិរក្ស​ទីតាំង​ប្រវត្តិសាស្រ្ត​គុក​ទួល​ស្លែង​នេះ សម្រាប់​ជា​ភស្តុតាង​ដាក់​បន្ទុក​ដល់​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​របស់​ខ្លួន​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥-១៩៧៩។ ហើយ​ផែនការ​មួយ​ក្នុង​ចំណោម​ផែនការ​សំខាន់ៗ​នៃ​ដំណើរ​ការ​រៀប​ចំ​អតីត​មន្ទីរ​ឃុំ​ឃាំង​នេះ គឺ​ការ​ចុះ​ប្រមូល​ឯកសារ​គ្រប់​ប្រភេទ ដែល​នៅ​រាយ​ប៉ាយ​យក​មក​រក្សា​ទុក។ មាន​ឯកសារ​ជាង​៤​សែន​ទំព័រ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គុក​ទួល​ស្លែង។ គម្រោង​ដែល​មាន​ទឹក​ប្រាក់​ជាង​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នេះ នឹង​អនុវត្ត​រយៈ​ពេល​២​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១៨-២០១៩ ដែល​ជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA)។

គុក​ទួល​ស្លែង គឺ​ជា​មន្ទីរ​ឃុំ​ឃាំង​ដ៏​ឃោ​ឃៅ​មួយ ដែល​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​ទោស​ជិត​២​ម៉ឺន​នាក់​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩។ បច្ចុប្បន្ន អតីត​ប្រធាន​គុក​ទួល​ស្លែង ដែល​គេ​ស្គាល់​ថា កាំង​ហ្គេចអ៊ាវ ហៅ​ឌុច ត្រូវ​បាន​តុលាការ​ឧក្រឹដ្ឋកម្ម​ខ្មែរ​ក្រហម​កាត់​ទោស ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត៕