rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អន្តោប្រវេសន៍ សង្គមស៊ីវិល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បារម្ភ​ពី​លំហូរ​ជន​ជាតិ​ចិន​ក្នុង​រយៈ​ពេល​២ ឆ្នាំ​ចុង​ក្រោយ​

media
លោក រ៉ុង ឈុន ©Sun Mesa

«២​ឆ្នាំ​ចុង​ក្រោយ​នេះ ជន​អន្តោ​ប្រវេសន៍​ចិន​បាន​ហូរ​ចូល​មក​កម្ពុជា​យ៉ាង​កំហុក ហើយអាជ្ញាធរ​ពុំ​មាន​វិធាន​ការ​ច្បាស់​លាស់​ដើម្បី​ទប់​ស្កាត់​ឡើយ» ។ នេះ​គឺ​ជាក្ដី​​បារម្ភ​របស់ក្រុម​ប្រឹក្សា​ឃ្លាំមើ​លក​ម្ពុជា តាមរយៈ​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ពុធ​ទី២៦​ធ្នូ​នេះ​។ បន្ថែម​ពី​ការ​ព្រួយ​បារម្ភ​ស្ថាប័ន​ឃ្លាំ​មើល​មួយ​នេះ​និយាយ​ថា ពលរដ្ឋ​ខ្មែរ​អាច​នឹង​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ទឹក​ដី​ខ្លួន បើ​ពុំ​មាន​ការ​ទប់​ស្កាត់​ឲ្យ​ទាន់​ពេល​វេលា​។ ប៉ុន្តែ​យ៉ាង​ណា​មិញ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ចេញ​មក​បដិសេធ​នឹង​ការ​លើក​ឡើង​ទាំង​នេះ​។ 


ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​បរិហា​ថា បច្ចុប្បន្ន​កំណើន​ជន​ជាតិ​ចិន​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ខេត្ត​ក្រុង​មួយ​ចំនួន​គ្មាន​សណ្ដាប់​ធ្នាប់​និង​បង្ក​អន្តិសុខ​។ ជាក់​ស្ដែង​ខេត្ត​ព្រះសីហនុ បាន​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេសចរ​បរទេស​និង​ពលរដ្ឋ​ក្នុង​ស្រុក​ដែល​ទៅ​លេង​កំសាន្ត​នៅ​ខេត្ត​មួយ​នេះ​។ ក្រៅ​ពី​ខេត្ត​ព្រះ​សីហនុ​លំហូរ​ជន​ជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​ កោះកុង កំពត ស្វាយរៀង ជា​ដើម​។

តាម​រយៈ​ក្ដី​ព្រួយ​បារម្ភ​នេះ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ថា ពលរដ្ឋ​ខ្មែរ​អាច​នឹង​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ទឹក​ដី​ខ្លួន បើ​ពុំ​មាន​ការ​ទប់​ស្កាត់​អន្តោប្រវេសន៍​ចិន​ឲ្យ​ទាន់​ពេល​វេលា​។

លោក រ៉ុង​ ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើ​លក​ម្ពុជាបាន​គូស​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើ​លក​ម្ពុជា​មិន​មែន​ជា​ការ​រើស​អើង​ពូជសាសន៍​ឡើយ​ តែ​ចង់​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​មាន​វិធាការ​ទប់​ស្កាត់​ចំពោះ​លំហូរ​ជន​អ​ន្តោ​​ប្រវេសន៍​ចិន​ឲ្យ​បាន​ច្បាស់​លាស់​។ លោក​បន្ថែម​ថា ដោយ​សារ​តែ​ការ​គ្រប់​គ្រង​ពុំ​មាន​ភាព​ច្បាស់​លាស់​ វត្តមាន​ជន​ជាតិ​ចិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ​និង​ការងារ​របស់​ពល​រដ្ឋ​ខ្មែរ​។ លោក រ៉ុង ឈុន​ រំពឹង​ថា កង្វល់​និង​សំណើរ​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​រដ្ឋា​ភិបាល​កម្ពុជា​។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា កង្វល់​បែប​ណា​ក៏​អាជ្ញាធរ​ទទួល​យក​មក​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ដែរ​។ ជាក់​ស្ដែង​បញ្ហា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ថ្នាក់​ជាតិ​បាន​បញ្ជូន​ក្រុម​ការងារ​ទៅ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​។ បន្ថែម​លើ​នេះ​អ្នក​នាំ​ពាក្យ​ដដែល​ស្នើ​ឲ្យ​ពលរដ្ឋ​ជឿ​ជាក់​លើ​រដ្ឋា​ភិបាល​ក្នុង​បញ្ហា​លំហូរ​ជន​ជាតិ​ចិន​។

ជា​ការ​កត់​សម្គាល់ ក្ដី​ព្រួយ​បារម្ភ​ទៅ​លើ​លំហូរ​ជន​ជាតិ​នៅ​កម្ពុជា​តែង​តែ​កើត​មាន​ឡើង​ជា​រឿយៗ​។ វិធាន​ការ​របស់​រដ្ឋា​ភិបាល​តែង​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​ដែរ ប៉ុន្តែ​រលក​រិះគន់​និង​ក្ដី​ព្រួយ​បារម្ភ​ពី​វត្តមាន​ចិន​នៅ​កម្ពុជា​នៅ​តែ​កើត​ឡើង​។ តួលេខ​ដោយ​ឡែក​ស្ដី​ពី​កំណើន​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ទស្សនា​កម្ពុជា​មាន​ជិត​២លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ ៕