អានតួអត្ថបទ
កម្ពុជា-នយោបាយ

The WallStreetJournal៖ ចិនចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយកម្ពុជា ដើម្បីឲ្យកងទ័ពចិនឈរជើងនៅកម្ពុជា

កាសែត​ល្បី​ឈ្មោះ​របស់​សហរដ្ឋ​អាមេរិក បាន​ផ្សាយ​កាល​ពី​ម្សិល​មិញ​ថា ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​សម្ងាត់​មួយ​ជាមួយ​កម្ពុជា ដើម្បី​អនុញ្ញាត ឲ្យ​កងទ័ព​របស់​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​របស់​កម្ពុជា​នៅ​សមុទ្រ​ភាគ​ខាង​លិច។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​ ជា​ថ្មី​ម្តង​ទៀត ដោយ​អះអាង​ថា «នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា»។ 

រូបភាពពី WSJ
រូបភាពពី WSJ @WSJ
ផ្សាយពាណិជ្ជកម្ម

​កាសែត​ The Wall​ Street​ Journal ​បាន​ផ្សាយ​ថា ការដែល​ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​សម្ងាត់​មួយ​ជាមួយ​កម្ពុជា​ដោយ​អនុញ្ញាត​ឲ្យ​កង​ទ័ព​ចិន​ប្រើ​ប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា​នៅដែន​ សមុទ្រ​ភាគ​លិច​ប្រទេស​នេះ គឺបានធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មានក្តី​បារម្ភ។ ក្តី​បារម្ភ​របស់​អាមេរិក គឺខណៈ ​ចិន ​ដែល​ជា​មហា​អំណាច​ទី២​តាម​ពីក្រោយ​សហរដ្ឋអមេរិក​នោះ កំពុងតែ​បង្កើន​ឥទ្ធិពល​កងទ័ព​របស់​ខ្លួន​នៅ​ជុំវិញ​ពិភព​លោក​។ នេះ​បើតាម​ការ​អះអាង​របស់​មន្ត្រី​សហរដ្ឋអាមេរិកម្នាក់ ​ដែល​មិន​បាន​ប្រាប់​ឈ្មោះ នៅ​ក្នុង​ការ​ផ្សាយ​របស់​កាសែត​ The Wall Street Journal កាល​ពី​ថ្ងៃទី២១​កក្កដា​។

​កាសែតដដែលនេះ បានបន្ថែម​ថា​កិច្ច​ព្រមព្រៀង​សម្ងាត់​នោះ កម្ពុជា និង​ចិន​មិនទាន់​បាន​បញ្ចេញ​ឲ្យដឹង​ជា​សាធារណៈ​នៅ​ឡើយ​ទេ។ តែបានអះអាងថា កិច្ចព្រមព្រៀង​នោះ​ គឺ​កម្ពុជា​ផ្តល់​ឲ្យភាគី​ចិន​នូវ​សិទ្ធិ ​ផ្តាច់មុខ​ រយៈពេល៣០ឆ្នាំ ធ្វើជា​មូលដ្ឋាន​ទាហាន​ជើង​ទឹកចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ​ដែល​ស្ថិតនៅជិត​ព្រលាន​យន្ត​ហោះ​ដ៏ធំមួយ​កសាង​ដោយ​ចិន។

ក៏​ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន តាមរយៈ​សារព័ត៌មាន​ក្នុង​ស្រុក Fresh News បាន​ចាត់​ទុក​ព័ត៌មាន ដែល​ចេញ​ផ្សាយ​ដោយ The Wall Street Journal ថា «ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។ គ្មាន​រឿង​បែប​នេះ​កើត​ឡើង​នោះ​ទេ ព្រោះ​មូល​ដ្ឋាន​យោធា​បរទេស វា​បាន​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា»។ នេះ​បើ​តាម​លោក ហ៊ុន សែន។

កាលពី​ខែវិច្ឆិកាឆ្នាំ២០១៨ ​កាសែត​ភាសា​អង់គ្លេស​មួយ​នៅ​ទីក្រុង​ហុងកុងក៏​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ ​ដោយ​លើកឡើង​ថា ទំនង​ជា​មាន​ការ​សាងសង់​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​នៅក្នុង​ខេត្ត​កោះកុង ឬ​តាម​ឆ្នេរ​នៃ​សមុទ្រ​កម្ពុជា​។ កាសែត​នេះ​បាន​អះអាង​ដោយ​យោង​លើ​ប្រភព​ការទូត​ថា មូលដ្ឋាន​នេះ​អាច​មាន​ទីតាំង​នៅ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន UDG ដែល​មាន​ទំហំ​រហូត​ដល់​ទៅ ៤៥ ០០០ ហិកតា​។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ លោក Joseph Felter ឧប​ការីរង ក្រសួង​ការពារ​ជាតិ​អាមេរិក ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍ សរសេរ​លិខិត​មួយ ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ទៀ បាញ់ ដើម្បី​ឱ្យ​ពន្យល់​អំពី​មូល​ហេតុ ដែល​កម្ពុជា បដិសេធ​ជំនួយ​របស់ សហរដ្ឋ​អាមេរិក ក្នុង​ការ​ជួស​ជុល​អគារ​ហ្វឹក​ហ្វឺន និង​ផ្ទុក​សម្ភារៈ នៅ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម។ មន្រ្តី​យោធា​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ ដាក់​ការ​សង្ស័យ​ថា ពាក់​ព័ន្ធ​នឹង​រឿង​នេះ កម្ពុជា​អាច​បើក​ផ្លូវ​ឲ្យ​ចិន​មាន​វត្តមាន​នៅ​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​សមុទ្រ​រាម​។

ក៏​ប៉ុន្តែ ម្តង​ហើយ ម្តង​ទៀត លោក ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​មិន​ឱ្យ​មាន​មូល​ដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​ទេ តែ​កម្ពុជា​ស្វាគមន៍​ទាំង​អស់​សម្រាប់​ការ​ហ្វឹក​ហាត់​រួម​គ្នា​ជាមួយ​គ្រប់​ប្រទេស​ទាំង​អស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ