អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សំណុំ​រឿង​អតីត​អ្នក​កាសែត​៖ ​តុលាការ​បញ្ជា​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម ​ក្រោយ​ពី​ជំនុំ​ជម្រះ​រួច​រាល់​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចៅ​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះ​ហៅ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា មក​ជួប ដើម្បី​ស្តាប់​ការ​ប្រកាស​សាល​ក្រម​។ ជា​សាល​ក្រម «ចាត់​របៀប​»ឱ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​ចំណុច​មួយ​ចំនួន​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​របស់​ពួក​គេ​។ អតីត​អ្នក​កាសែត​ទាំង​ពីរ បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង និង បាន​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​ការ​យក​យុត្តិ​ធម៌ និង សេរី​ភាព​របស់​ពួក​គេ​មក​លេង​សើច​។ 

អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២រូប
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២រូប @REUTERS
ផ្សាយពាណិជ្ជកម្ម

ចំណុច​ដែល​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទាម​ទារ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​នោះ គឺ​ទៅ​លើ​កញ្ចប់ Hard-Disk ដែល​លោក អ៊ួន ឈិន បាន​យក​ទៅ​ប្រគល់​ឱ្យ​ស្ថាន​ទូត​អាមេរិក នៅ​ក្រោយ​ពេល​ដែល​វិទ្យុ​អាស៊ី​សេរី​បាន​បិទ​ការិយាល័យ​ផ្សាយ​នៅ​កម្ពុជា​។ ចៅ​ក្រម​ចង់​ដឹង​ថា តើ​កញ្ចប់ Hard-Disk នោះ មាន​អ្វី​ខ្លះ​? ហើយ​ថា ការ​យក​កញ្ចប់ Hard-Disk នេះ​ទៅ​ប្រគល់​ឱ្យ​ស្ថាន​ទូត​អាមេរិក វា​មិន​មែន​ជា​ការងារ​របស់​អ្នក​កាសែត​នោះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​លោក យាង សុធារិន្ទ ហៅ យាង សុជា​មេត្តា​។

ចំណុច​មួយ​ទៀត គឺ​ចៅ​ក្រម​ឱ្យ​ស៊ើប​អង្កេត​លើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ចំនួន​ពីរ​ចុង​ក្រោយ​របស់​លោក​យាង សុមេត្តា ដែល​បាន​សរសេរ​ផ្ញើ​ទៅ​ឱ្យ​វិទ្យុ​អាស៊ី​សេរី​នៅ​អាមេរិក បន្ទាប់​ពី​បិទ​ការិយា​ល័យ​ផ្សាយ​នៅ​កម្ពុជា​។ ចៅ​ក្រម​ចង់​ដឹង​ពី​ខ្លឹម​សារ​នៃ​ព័ត៌មាន​ទាំង​ពីរ​នោះ​។ ការ​ស៊ើប​អង្កត​ទាំង​នេះ គឺ​នៅ​ក្នុង​សំណុំ​រឿង​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​ការ​ការពារ​ជាតិ​។ ចំណែក នៅ​ក្នុង​សំណុំ​រឿង​ផលិត​និង​កាន់​កាប់​រូប​ភាព​អាស​អាភាស​វិញ ចៅ​ក្រម​តុលា​ការ​ក្រុង​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ថា តើ​លោក អ៊ួន ឈិន បាន​ចែក​ចាយ​រូប​ភាព​អាស​អាភាស​នេះ​ទៅ​ឱ្យ​អ្នក​ណា​ខ្លះ និង ថា តើ​លោក យាង សុជាមេត្តា បាន​ចូល​រួម​ថត​រូប​ភាព​អាស​អាភាស​នេះ​ដែរ​ឬ​អត់​។

យ៉ាង​ណា​ក៏​ដោយ ចៅ​ក្រម​តុលា​ការ​ក្រុង​ភ្នំពេញ មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​នឹង​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​បន្ថែម​នេះ​នៅ​ពេល​ណា ហើយ​ត្រូវ​ប្រើ​ប្រាស់​ពេល​វេលា​ប៉ុណ្ណា​នោះ​ទេ។ ការណ៍​នេះបាន​ធ្វើឱ្យ​លោក​យាង សុធារិន្ទ ហៅយាង សុជាមេត្តា ខក​ចិត្ត​និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​។ លោក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា លោក​មិន​ខ្លាច​ការ​ស៊ើប​អង្កេត​បន្ថែម​នេះ​ទេ តែ​ការ​សម្រេច​ស៊ើប​អង្កេត​បន្ថែម ដោយ​មិន​កំណត់​រយៈ​ពេល​បែប​នេះ គឺ​ហាក់​ដូច​ជា​យក​យុត្តិធម៌ និង សេរី​ភាព​របស់​ពួក​គេ​ទៅ​លេង​សើច​ដូច្នោះ​ដែរ​។

ម្យ៉ាង​វិញ​ទៀត លោក​យាង សុជា​មេត្តា ក៏​បាន​សម្តែង​នូវ​ការ​ងឿង​ឆ្ងល់​ដែរ ថា​ហេតុអ្វី​បាន​តុលាការ​បញ្ជា​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម បន្ទាប់​ពី​សំណុំ​រឿង​របស់​លោក​ត្រូវ​ជំនុំ​ជម្រះ​រួច​រាល់​ហើយ​នោះ​។ សំណុំ​រឿង​អតីត​អ្នក​កាសែត​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនា​ការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​២៦ ​កក្កដា ឆ្នាំ​២០១៩​ ហើយ​បានលើកពេល​ប្រកាសសាលក្រ​មម្តងរួចមក​ហើយកា​លពីចុងខែ​សីហា។ ប៉ុន្តែ លោ​កសំ ចំរើន មេធាវី​ការពារក្តីអតីត​អ្នកកាសែត​ទាំងពីរបានអះអា​ងថា ការសម្រេច​របស់ចៅក្រ​មនេះ គឺមិនខុ​សនីតីវិ​ធីច្បាប់​ឡើយ តែវាបានប៉ះ​ពាល់យ៉ាងធ្ងន់ធ្ងរ​ដល់សិទ្ធិ​ និង ផលប្រ​យោជន៍របស់​អ្នក​ទាំងពីរ។ លោក​មេធាវីសំ ចំរើន បាន​គូសបញ្ជាក់​ថា លោកនឹង​ពិភាក្សាជា​មួយកូ​នក្តី ដើម្បីស​ម្រេចថានឹងធ្វើយ៉ា​ងណាបន្ត​ទៀតចំពោះ​រឿងនេះ​។

សូមបញ្ជាក់ថា ​អតីត​អ្នក​កាសែតវិទ្យុអាស៊ី​សេរីទាំងពីរត្រូវបានតុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ “ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់ការ​ការពារ​ជាតិ” និង​បទ “ផលិតនិងកាន់កាប់រូបភាពអាសអាភាស”។ ពួកគេត្រូ​វបានតុលា​ការឃុំខ្លួនអស់​រយៈពេលជា​ង៩ ខែ និង បានដោះលែងឱ្យក្រៅឃុំ​បណ្តោះ​អាសន្នរហូ​តមកដល់ពេលប​ច្ចុប្បន្ននេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ