អានតួអត្ថបទ
កម្ពុជា-នយោបាយ

រដ្ឋាភិបាល​លើក​ពេល​បោះ​ឆ្នោត​ព្រឹទ្ធសភា​ទៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​វិញ

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​២៧ ខែ​តុលា​នេះ​ បាន​សម្រេច​កែ​សម្រួល​កាល​បរិច្ឆេទ នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ទៅ​ថ្ងៃទី​២៥ ខែ​កុម្ភ ឆ្នាំ​ក្រោយ​វិញ។ ការ​លើក​ពេល​នេះ ​ត្រូវ​បាន​អ្នក​ជំនាញ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ចាត់​ទុក​ថា ដោយសារ​រដ្ឋាភិបាល​កំពុង​រង​ចាំ​ឲ្យ​វិសោធនកម្ម​ច្បាប់​៤​ អនុវត្ត​ជា​ផ្លូវ​ការ​ ក្រោយ​ការឡាយ​ព្រះ​ហត្ថ​លេខា​ ដោយ​ព្រះមហាក្សត្រ។

ព្រឹទ្ធសភា​កម្ពុជា
ព្រឹទ្ធសភា​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេច​ក្តី​សម្រេច ​ដែល​មាន​ហត្ថលេខា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៧​ ខែ​តុលា បាន​សម្រេច​កែ​សម្រួល​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​សម្រាប់​នីតិ​កាល​ទី​៤​នៃ​ព្រឹទ្ធសភា ទៅ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​វិញ។

ក្នុង​សេច​ក្តី​សម្រេច​របស់​រដ្ឋាភិបាល​ដដែល​ក៏ បាន​ចាត់​ទុក​សេច​ក្តី​សម្រេច​កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៧ ស្តី​ពី​ការ​ប្រកាស​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី៤ នៃ​ព្រឹទ្ធ​សភា ត្រូវ​ទុក​ជា​និរាករណ៍ និង​ជំនួស​ដោយ​សេច​ក្តី​សម្រេច​ថ្មី​នេះ​។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត គ.ជ.ប បាន​ថ្លែង​ថា​ការ​ផ្លាស់​ប្តូរ​ពេល​វេលា​នេះ គឺ​រដ្ឋាភិបាល​ជា​អ្នក​កំណត់ ទោះ​បី​ជា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ឬ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក៏​ដោយ។ លោក​បញ្ជាក់​ថា​មូល​ហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ គ.ជ.ប មិន​មែន​ជា​អ្នក​ត្រូវ​ឆ្លើយ​នោះ​ទេ។

អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា គ.ជ.ប ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​រៀប​ចំ​បច្ចេក​ទេស​ក្នុង​ការ​បោះឆ្នោត ដូច្នេះ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ពេល​ណា​ក៏​ដោយ គ.ជ.ប បាន​ត្រៀម​ខ្លួន​រួច​ហើយ​ទៅតាម​កាល​បរិច្ឆេទ ដែល​បាន​គ្រោង​ទុក ឬ​មាន​ការ​ផ្លាស​ប្តូរ​ណា​មួយ​នោះ។​

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សម គន្ធាមី​​ អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​២៧ ខែ​តុលាថា​ ការ​ផ្លាស់​ប្តូរ​ពេល​វេលា​នេះ ​ក៏​អាច​ទាក់ទង​នឹង​រឿង​ស្ថានការណ៍​នយោបាយ​នៅកម្ពុជាបច្ចុប្បន្ន​ដែរ​។

ក្រៅពី​នេះ លោក ​សម គន្ធាមី​​​ យល់​ឃើញ​ថា​ការ​ពន្យារ​ពេល​នេះ គឺ​ប្រហែល​ជា គ.ជ.ប រៀបចំ​ចាត់​ចែង​ការងារ​រៀប​ចំការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​មិន​ទាន់។ លោក​បញ្ជាក់​ថា​រដ្ឋាភិបាលក៏ប្រហែលជា​រង​ចាំ​វិសោធនកម្ម​ច្បាប់​ថ្មី៤ ដែល​ព្រះ​មហាក្សត្រ​ទើប​ឡាយ​ព្រះហត្ថលេខា ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ចូល​ជា​ធរមាន ទើប​​រដ្ឋាភិបាល​លើក​ពេល​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​៕

សូមបញ្ជាក់ថា ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នេះ ដំបូង​ឡើយ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី១៤ ខែ​មករា ឆ្នាំ​២០១៨ តែ​ត្រូវ​ពន្យារ​ពេល​ទៅ​ចុង​ខែកុម្ភៈ ពី​ព្រោះ​វា​ទាក់ទិន​ទៅ​នឹង​ការ​រំលាយ​គណបក្ស​នយោបាយ។ នេះ​បើ​តាមប្រសាសន៍​លោក​ហ៊ុន សែន​កាល​ពីថ្ងៃអាទិត្យ ទី២៣ ខែ​តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ