តម្លៃជ្រូកហក់ឡើងថ្លៃ ខណៈមានការរឹតបន្តឹងការនាំចូលពីប្រទេសជិតខាង
តម្លៃជ្រូករស់នាដើមសប្តាហ៍នេះ បានហក់ឡើងបន្ថែមទៀត ក្រោយពីវិធានការរឹតបន្តឹងការនាំចូលជ្រូកពីប្រទេសវៀតណាម ដើម្បីទប់ស្កាត់ជំងឺឆ្លង។ ប៉ុន្តែសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែបង្ហាញការព្រួយបារម្ភខ្លាចតម្លៃជ្រូករស់ធ្លាក់ចុះវិញ បើជំងឺប៉េស្តជ្រូកអាហ្រ្វិកកើតឡើងក្នុងប្រទេសកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៧
តារាងតម្លៃជ្រូករស់ កាលពីថ្ងៃទី១ ខែមេសា បង្ហាញថាតម្លៃជ្រូករស់របស់ក្រុមហ៊ុននៅក្នុងខេត្តកំពង់ចាម មានតម្លៃ១១ ៧០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងបណ្តាខេត្ត និងក្រុង ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯតម្លៃជ្រូករស់របស់ក្រុមហ៊ុន នៅក្នុងរាជធានីភ្នំពេញវិញមានតម្លៃ១១ ២០០រៀលក្នុងមួយគីឡូក្រាម។
បើប្រៀបធៀបនឹងតម្លៃជ្រូករស់របស់ក្រុមហ៊ុន កាលពីពាក់កណ្តាលខែមីនា តម្លៃជ្រូកក្នុងខេត្តកំពង់ចាមបានហក់ឡើងថ្លៃពី១១ ៣០០រៀល មក១១ ៧០០រៀលក្នុងមួយគីឡូក្រាម ហើយនៅរាជធានីភ្នំពេញតម្លៃជ្រូករស់របស់ក្រុមហ៊ុន បានហក់ឡើងថ្លៃពី១០ ០០០រៀល មក១១ ២០០រៀលក្នុងមួយគីឡូក្រាម។ តាមរយៈតារាងតម្លៃដដែល មានតែខេត្តកំពត និងខេត្តសៀមរាបប៉ុណ្ណោះ ដែលមានតម្លៃជ្រូកទាបជាងគេ គឺមានតម្លៃ១០ ២០០រៀលក្នុងមួយគីឡូក្រាម។
តម្លៃជ្រូករស់របស់ក្រុមហ៊ុននាពេលនេះ បានឡើងថ្លៃខ្ពស់ បើប្រៀបធៀបទៅនឹងតម្លៃជ្រូករស់របស់ក្រុមហ៊ុន ក្នុងខែមេសា ឆ្នាំ២០១៨កន្លងទៅ។ តម្លៃជ្រូករស់របស់ក្រុមហ៊ុន នៅទូទាំងប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០១៨ មានតម្លៃចន្លោះពី៧ ០០០រៀល ទៅ៨ ០០០រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការឡើងថ្លៃជ្រូករស់នាពេលនេះ ដោយសារតែប្រទេសឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក ដូចជាប្រទេសចិន និងវៀតណាមជាដើម បានយកជ្រូកពីប្រទេសថៃមកផ្គត់ផ្គង់ ដូច្នេះទើបធ្វើឲ្យជ្រូករបស់ប្រទេសថៃ ដែលនាំចូលមកប្រទេសកម្ពុជាក៏ត្រូវឡើងថ្លៃដែរ។
ខណៈតម្លៃជ្រូករស់កំពុងឡើងថ្លៃបែបនេះ លោក ស្រ៊ុន ពៅ បានបញ្ជាក់ថានេះក៏ជាឳកាសល្អ ហើយក៏ជាពេលវេលាមួយដ៏ភិតភ័យដែរ។ លោកបន្ថែមថា បើជំងឺប៉េស្តជ្រូកអាហ្វ្រិកឆ្លងចូលក្នុងប្រទេសកម្ពុជា នោះអ្នកចិញ្ចឹមសត្វជ្រូកនៅកម្ពុជានឹងរលាយ។ លោកលើកឡើងជាឧទាហរណ៍ថា បច្ចុប្បន្ននេះ ជ្រូកនៅវៀតណាមគឺមានតម្លៃប្រហែល ៦ ០០០រៀល ប៉ុន្តែមិនមានអ្នកទិញទេ ដោយសារតែជំងឺប៉េស្តបានឆ្លងចូលក្នុងប្រទេសនេះ។
វិទ្យុបារាំងអន្តរជាតិមិនអាចសុំការបញ្ជាក់ពីក្រសួងកសិកម្មបានទេ ប៉ុន្តែលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំង កាលពីថ្ងៃទី៣១ ខែមីនាថា កម្ពុជាមិនទាន់មានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ