rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សង្គម សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សហគមន៍​ឥន្ទធនូ៖ ១​ទសវត្ស​ចុង​ក្រោយ ការ​រើស​អើង​ចំពោះ​អ្នក​ស្រឡាញ់​ដូច​គ្នា ត្រូវ​បាន​កាត់​បន្ថយ

media
កិច្ច​សន្ទនា​អំពី​គោល​នយោបាយ​សាធារណៈ​លើក​កម្ពស់​សិទ្ធិ​របស់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្ដូរ​យេនឌ័រ​នៅ​កម្ពុជា @សហការី

អង្គការ​ចំនួន​៦​នៅ​ថ្ងៃ​ទី​៣១​ឧសភា​នេះ បាន​បើក​កិច្ច​សន្ទនា​អំពី​គោល​នយោបាយ​សាធារណៈ​លើក​កម្ពស់​សិទ្ធិ​របស់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្ដូរ​យេនឌ័រ​នៅ​កម្ពុជា។​ ក្នុង​នោះ​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា (Rock) កត់​សម្គាល់​ថា​ ក្នុង​រយៈ​ពេល​១​ទសវត្ស​ចុង​ក្រោយ​នេះ ការ​រើស​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវបាន​កាត់​បន្ថយ​នៅ​តាម​សាលា​រៀន ក្នុង​វង្វង់​គ្រួសារ និង​អាជ្ញាធរ​ជា​ដើម។


កញ្ញា លី ពិសី ប្រធាន​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា (Rock) បាន​លើក​បង្ហាញ​ថា ការ​កាត់​បន្ថយ​នៃ​ការ​រើស​អើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្ដូរ​ភេទ​ឬ​ហៅ​ថា​អ្នក​ប្ដូរ​យេនឌ័រ​នៅ​កម្ពុជា ផ្ដើម​ចេញ​ពី​ការ​បញ្ជ្រាប​អំពីសិទ្ធិ​ស្មើ​ភាព​គ្នា​នៅ​តាម​សហគមន៍​តាម​រយៈ​ការ​ធ្វើ​ការងារ​រួម​គ្នា​រវាង​អង្គការ​ដៃ​គូ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។ ម្យ៉ាង​ទៀត សាមី​ខ្លួន​ដែល​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​តែ​ម្ដង បាន​អត់ធ្មត់​នៅ​ក្នុង​ការ​ពន្យល់​មនុស្ស​ជុំវិញ​ខ្លួន​អំពីសមត្ថភាព​របស់​ពួក​គេ ទៅ​កាន់​គ្រួសារ និង​កន្លែង​ការងារ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​គាំទ្រ​ពួកគេ តាម​រយៈការ​ជួយ​ផ្សព្វ​ផ្សាយ​ពី​សិទ្ធិ​ស្មើ​គ្នា​នៅ​ក្នុង​សង្គម ខណៈ​អាជ្ញាធរ​បាន​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ការ​ទទួល​ស្គាល់​ទំនាក់​ទំនង​ស្រប​ច្បាប់​របស់​ពួក​គេ។ នេះ​បើ​តាម កញ្ញា លី ពិសី។

តែ​យ៉ាង​ណា​ក៏​ដោយ កញ្ញា លី​ ពិសី សង្កេត​ឃើញ​ថា ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​ជួប​បញ្ហា​ប្រឈម​ផ្នែកច្បាប់​ទាក់​ទង​ការ​ស្មុំ​កូន និង​ការ​ធ្វើ​លិខិត​ស្នាក់​នៅ​ជា​ដើម។ ចំពោះ​ចំណុច​នេះ ពួក​គេ​បន្ត​ទទូច​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រប​សម្រួល។

ដោយ​ឡែក អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ផ្ទាល់​តែ​ម្ដង បាន​ចែក​រំលែក​បទ​ពិសោធ​ជា​សាធារណៈថា កន្លង​មក​ពួក​គេជួប​បញ្ហា​ប្រឈម​ខ្លាំង​មែនទែន​ពី​ក្រុម​គ្រួសារ​សាលា​រៀន និង​សមាជិក​គ្រួសារ។ មាន​ពេល​ខ្លះ​ពួក​គេ​ប្រឈម​និងការ​សើច​ចំអក​និង​បណ្ដេញ​ចេញ​ពី​សាលា​រៀន​និង​ឱកាស​ការងារ។ តែ​ពេល​នេះ​ពួក​គេ​មិន​ឯកា​ឡើយ។ នេះ​បើ​តាម​លោក រុំ សំបូរ ។

ចំណែក​តំណាង​ក្រសួង​កិច្ចការ​នារី លោក​ស្រី ញាណ សុចិត្រា អគ្គនាយក​ដ្ឋាន​អភិវឌ្ឍន៍​សង្គម នៃ​ក្រសួង​កិច្ចការនារី​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​នៅ​ថ្ងៃ​ទី​៣១នេះ​ថា បញ្ហា​ប្រឈម​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​កើត​មាន​យូរ​មក​ហើយ ប៉ុន្តែ​ពួក​គេ​មាន​ភាព​ខ្មាស​មិន​ហ៊ាន​លើក​មក​និយាយ។ តែ​និយាយ​នៅ​ពេលនេះក៏មិន​ទាន់​ហួស​ពេល​ដែរ ព្រោះ​ចំណុច​នេះ ត្រូវ​បាន​ក្រសួង​គិត​គូរ​ដូច​បញ្ហា​ដទៃ​ទៀត​ដែរ​ដូច​ជា អំពើ​ហិង្សា​លើ​ស្ត្រី និង​ការ​រើស​អើង​ចំពោះ​ស្ត្រី​ជា​ដើម។

សូម​បញ្ជាក់​ថា ផ្អែក​តាម​ទិន្នន័យ​ការ​ចង​ក្រង​របស់​អង្គការ​រ៉ក់​ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​មាន​ចំនួន ១​០​៥០​នាក់ ដោយ​មិន​រាប់​បញ្ចូល​អ្នក​មិន​ទាន់​ចេញ​មុខ​ជា​ចំហរ។