rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អង្គការ​សហប្រជាជាតិ ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​កម្ពុជា ​ដាក់​របាយការ​ណ៍​ការពារ​ខ្លួន​ មុន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស UN នៅ​ខែ​ក្រោយ​

media
កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ កាលពីពេលកន្លងទៅនេះ (រូបភាពឯកសារ) ©REUTERS/Shannon Stapleton

រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ដាក់​របាយការណ៍​កម្រាស់ ២០​ទំព័រ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ពេល​ថ្មីៗ​ ដើម្បី​បង្ហាញ​ពី​ដំណើរ​វិវត្ត និង​បញ្ហា​ប្រឈម​នៃ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។ ជា​របាយការណ៍ ដែល​រដ្ឋា​ភិបាល​កម្ពុជា បាន​ចង​ក្រង​ឡើង​ដាក់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ មុន​ពេល​អង្គការ​សហប្រជាជាតិ នឹង​បើក​សម័យប្រជុំ​ជាសាលក​ លើកទី ៣២ ដើម្បី​ពិនិត្យលើបញ្ហា​សិទ្ធិមនុស្ស ពីថ្ងៃទី ២១ខែមករា ដល់​ថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ ២០១៩។ 


បើតាមការ​គ្រោង​ទុក បញ្ហា​កម្ពុជា នឹង​ត្រូវក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ លើក​យក​ទៅពិភាក្សា​ក្នុង​សម័យ​ប្រជុំ​ជាសកល​លើកទី ៣២​ នៅថ្ងៃទី ៣០ខែមករា ឆ្នាំ ២០១៩។ ដូច្នេះនៅមុន​កិច្ច​ប្រជុំនោះ កម្ពុជាបាន​ដាក់​របាយការណ៍មួយ និយាយ​ពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ដើម្បី​ជាភស្តុតាង​បន្ថែម​សម្រាប់កិច្ចប្រជុំ។

របាយការណ៍ដែល​កម្ពុជា​បាន​ដាក់​ជូននោះ មាន​រៀបរាប់​លម្អិតពី​ផ្នែកសិទ្ធិមនុស្ស​ក្នុងប្រទេសកម្ពុជា ដូចជា​ការ​កែលម្អ​លើ​ការ​អនុវត្ត​ច្បាប់​ក្នុងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់​ច្បាប់​យុត្តិធម៌អនីតិជន យុទ្ធនាការ​ប្រឆាំងនឹង​ពលកម្ម​កុមារ ការអប់រំ សេរីភាពបញ្ចេញ​មតិ និង​បញ្ហា​ផ្សេងៗទៀត។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បានទទួល​ស្គាល់​ថា បញ្ហា​សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នៅមិន​ទាន់​ឥតខ្ចោះ​នៅឡើយ។

រដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា នៅមានបញ្ហា​ប្រឈម​ក្នុង​វិស័យ​ជាច្រើននៃសង្គម​ ដូចជា​នៅក្នុង​វិស័យអប់រំ កសិកម្ម សេវាសាធារណៈ​នៅក្នុង​វិស័យរដ្ឋបាល និងយុត្តិធម៌ និង​សេវាគាំពារសុខភាព។ ក្នុង​របាយការណ៍នោះ រដ្ឋាភិបាលកម្ពុជា អះអាងថា នៅ​ត្រូវការ​ការ​កែលម្អ​អំពីការ​យល់​ដឹង​អំពីសិទ្ធិ​មនុស្ស ក្នុងចំណោម​ប្រជាពលរដ្ឋរបស់​ខ្លួន និង​តួអង្គ​ដទៃៗទៀត។

គួរជម្រាបជូនថា នៅ​ក្នុង​សម័យ​ប្រជុំ ​នាខែក្រោយ​នោះ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ មាន​ឯកសារ​ក្នុង​ដៃពីកម្ពុជា ចំនួន ៣ច្បាប់​រួចហើយ។ ឯកសារទាំង ៣នោះ គឺក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលបាន​ពីអង្គការ​ក្រៅរដ្ឋាភិបាលដែល​ធ្វើកា​រពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។​ ហើយព័ត៌មានមួយ​ចំនួន​ទៀត គឺជាការចងក្រងឯកសារ​បាន​មក​ពី​អ្នក​ជំនាញ និង​របាយការណ៍របស់​លោក​ស្រី រ៉ូណា ស្មីត្រអ្នក​រាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្សនៅកម្ពុជាជាដើម។ ​

ប៉ុន្តែឯកសារ​យោងទាំង ៣ច្បាប់នោះ មានលើកឡើង​ច្រើន​ពី​ការ​បំបិទសិទ្ធិ​សេរីភាពអ្នកសារព័ត៌មាន អ្នក​ការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្ម​ជនបរិស្ថាន សង្គមស៊ីវិល និង​ករណី​ចាប់ និង​ឃុំខ្លួន​អ្នក​នយោបាយ ដូចជាលោក​កឹម សុខា ជាដើម៕