អានតួអត្ថបទ
កម្ពុជា-ច្បាប់

​កាសែត​ឌឹ​ខេម​បូឌា​ដេលី​អះអាង​ថា គ្មាន​គម្រោង​វិល​មក​កម្ពុជា​វិញ​ទេ​

ម្ចាស់​កាសែត​ឌឹ​ខេម​បូឌា​ដេលី(The Cambodia Daily) អះ​អាង​ជា​ថ្មី​តាម​ទំព័រ​កាសែត​ខេម​បូឌា​ដេលី​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​នេះ​ថា កាសែត​មួយ​នេះ​នឹង​មិន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​ដាច់​ខាត ដរាប​ណា​ច្បាប់​របស់​កម្ពុជា​មិន​ទាន់​រឹង​មាំ​ល្អ​។ ការ​បញ្ជាក់​ជា​ថ្មី​នេះ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ កន្លង​ទៅ​។ 

កាសែត ឌឹខេមបូឌាដេលី ដែលត្រូវបានបិទ
កាសែត ឌឹខេមបូឌាដេលី ដែលត្រូវបានបិទ @FB/ The Cambodia Daily
ផ្សាយពាណិជ្ជកម្ម

ម្ចាស់​កាសែត​ឌឹ​ខេម​បូឌា​ដេលី លោក​ស្រី Deborah Krisher Steele បាន​អះអាង​ជា​ថ្មី​ថា​កាសែត​នេះ​នឹង​មិន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ​ទេ ដរាប​ណា​កម្ពុជា​នៅ​តែ​អនុវត្ត​នយោបាយ​ចាប់​ហើយ​ដោះ​លែង​វិញ ធ្វើ​ទុក្ខ​បុក​ម្នេញ​ដដែលៗ អំពើ​ពុក​រលួយ ការ​ប្រើ​ប្រាស់​ស្ថាប័ន​ពន្ធដារ និង​តុលាការ​ជា​ឈ្នាន់​ដើម្បី​គំរាម​កំហែង​ខាង​ផ្នែក​នយោបាយ​ដល់​ស្ថាប័ន​សារព័ត៌មាន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ខេម​បូឌា​ដេលី​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១២ ខែធ្នូ​។

ការ​ប្រកាស​ជំហរ​របស់​ម្ចាស់​កាសែត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០​ខែធ្នូ​បាន ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង​របស់​ម្ចាស់​កាសែត​ឌឹ​ខេម​បូឌា​ដេលី​ដែល​ថា រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិ​ការ និង​បាន​បិទ​គណនី​ធនាគារ​របស់​ខ្លួន ដោយ​សារ​តែ​ជំហរ​រិះគន់​រដ្ឋា​ភិបាល​។សម្រាប់​ក្រសួង​ការបរទេស​កម្ពុជា នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ការ​ពិត និង​គ្មាន​សច្ចៈ​ភាព​ទាល់​តែ​សោះ​។ រដ្ឋា​ភិបាល​តែង​អះអាង​ថា សារព័ត៌មាន​មួយ​នេះ បាន​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ដោយ​មិន​បាន​បង់​ពន្ធ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ៦,៣​លាន​ដុល្លារ​អាមេរិក​។

ប៉ុន្តែ​លោក​ស្រី Deborah Krisher Steele អះអាង​ថា រដ្ឋា​ភិបាល​កន្លង​មក​បាន​ចោទ​ប្រកាន់ ស្ថាប័ន​កាសែត​របស់​លោក​ស្រី​ថា ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​បដិវត្តន៍​ពណ៌​រួម​ជាមួយ​អង្គការ​អាមេរិកាំង​ដទៃ​ទៀត ហើយ​ក្រោយ​មក​រដ្ឋា​ភិបាល​បាន​ប្តូរ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ទៅ​លើ​បញ្ហា​មិន​បាន​បង់​ពន្ធ ដែល​មាន​ទឹក​ប្រាក់​ចំនួន​៦លាន​៣សែន​ដុល្លារ​។ លោក​ស្រី​បញ្ជាក់​ថា បន្ទាប់​មក​រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិការ និង​បាន​បិទ​គណនី​ធនាគារ​របស់​កាសែត​ឌឹ​ខេម​បូឌា​ដេលី ដែល​ធ្វើ​ឲ្យ​កាសែត​មួយ​នេះ​មិន​អាច​ដក​លុយ​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​បាន​។

លោក​ស្រី​បន្ត​ថា សារព័ត៌មាន​ឌឹ​ខេម​បូឌា​ដេលី​នឹង​បន្ត​ជីវិត​ទីពីរ​របស់​ខ្លួន​នៅ​លើ​បណ្តាញ​អ៊ិនធឺណេត​វិញ​ម្តង ហើយ​រហូត​មក​ដល់​ពេល​នេះ សារព័ត៌មាន​ឌឹ​ខេម​បូឌា​ដេលី​កំពុង​ទទួល​ការ​ស្វាគមន៍ និង​ការ​ចូល​មើល​ច្រើន​ពី​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១០ ខែធ្នូ ក្រសួង​ការ​បរទេស​កម្ពុជា​ ក៏​បា​នបញ្ជាក់​ជំហរ​សារ​ជា​ថ្មី​ថា ក្នុង​ករណី​ដែល​សារព័ត៌មាន ឌឹ​ខេម​បូឌា​ដេលី​ បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​របស់​ខ្លួន​សព្វ​គ្រប់​ហើយ​នោះ សារព័ត៌មាន​នេះ​នឹង​អាច​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ