rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កងទ័ព

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​តាម​បញ្ជា​នាយក​រដ្ឋ​មន្រ្តី​៖ ​មេទ័ព​កម្ពុជា​និង​ឡាវ​ជួប​គ្នា​នៅ​ព្រឹក​នេះ​ចរ​ចា​ដក​ទ័ព​ចេញ​ពី​តំបន់​ចម្រូង​ចម្រាស​

media
ទាហានកម្ពុជា កំពុងពិនិត្យមើលតំបន់ភូមិសាស្ត្រលើផែនទី (រូបភាពឯកសារ) @FB

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មេ​បញ្ជា​ការ​កង​ពល​តូច​លេខ​៩ និង​មេ​បញ្ជា​ការ​យោធា​ខេត្ត​ព្រះវិហារ​បាន​ជួប​ចរចា​គ្នា​ជាមួយ​អង្គ​ភាព​យោធា​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ដើម្បី​ដក​កង​ទ័ព​រៀងៗ​ខ្លួន​ចេញ​ពី​តំបន់​ចម្រូង​ចម្រាស​ស្ថិត​នៅ​ទីតាំង​ទន្លេ​រពៅ​នៃ​ខេត្ត​ព្រះ​វិហារ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​ដឹង​ពី​លទ្ធ​ផល​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ការ​ជួប​ចរចា​គ្នា ធ្វើ​ឡើង​តាម​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី​ទាំង​ពីរ​ដែល​បាន​ឯកភាព​គ្នា​ឱ្យ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​នោះ​។ 


ការ​ដាក់​កង​ទ័ព​របស់​កម្ពុជា និង ឡាវ​នៅចំណុច​ទន្លេ​រពៅ​ក្នុង​តំបន់​មុំ​បី ស្ថិតនៅ​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​នេះ ធ្វើ​ឡើង​តាំង​ពី​ថ្ងៃទី១៤ ខែសីហា​មក​ម្ល៉េះ តែ​ទើប​តែ​នៅ​ថ្ងៃ​ទី២៣ ខែ​សីហា​ទេ ដែល​បញ្ហា​នេះ​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ជា​សាធារណៈ​ដោយ​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា​។ ដើម​ហេតុ​នៃ​ការ​កើត​មាន​បញ្ហា​នេះ​ឡើង គឺ​ដំបូង​ឡើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ទៅ​បង្ក​បង្កើន​ផល​នៅ​ចំណុច​ទន្លេ​រពៅ​នេះ ដែល​ជា​តំបន់​មិន​ទាន់​បោះ​បង្គោល​ព្រំ​ដែន​ដាច់​ស្រេច​នៅ​ឡើយ​។ ប៉ុន្តែ​កង​ទ័ព​ឡាវ​បាន​ចូល​មក​ដក​ដំណាំ​របស់​ពួក​គាត់​ចោល ហើយ​កង​ទ័ព​ឡាវ​ក៏​បាន​បង្កើន​ចំនួន​លើស​ពី​៦០​នាក់ មក​ឈរ​ជើង​នៅ​តំបន់​នោះ ដែល​ពួក​គេ​អះអាង​ថា ជា​ទឹក​ដី​របស់​ឡាវ​។ចំណែក កង​ទ័ព​កម្ពុជា​វិញ​ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ គឺ​បាន​បញ្ជូន​ទៅ​ឈរ​ជើង​តំបន់​នោះ​ដូច​គ្នា ព្រោះ​វា​ជា​ទឹក​ដី​របស់​កម្ពុជា​។

ប្រឈម​មុខ​នឹង​បញ្ហា​នេះ ភាគី​កម្ពុជា និង ឡាវ​បាន​ជួប​ចរចា​គ្នា​ជា​បន្ត​បន្ទាប់​ដែរ ដើម្បី​ពិភាក្សា​រឿង​ដក​កង​ទ័ព​ចេញ​ពី​តំបន់​នោះ​។ ប៉ុន្តែ​មិន​មាន​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​អ្វី​នោះ​ទេ​។ ដូច្នេះ​ហើយ បញ្ហា​នេះ​ក៏​ឈាន​ទៅ​ដល់​ដៃ ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​។ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា និង ឡាវ បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃទី២៤ ខែ​សីហា ដើម្បី​ដោះ​ស្រាយ​រឿង​ដក​កង​ទ័ព​នេះ​។ ជា​លទ្ធ​ផល នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ឱ្យ​ដក​ទ័ព​រៀងៗ​ខ្លួន​ចេញ​ពី​តំបន់​នោះ​។ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​គូស​បញ្ជាក់​ថា នៅ​តំបន់​នោះ​មិន​មាន​ភាព​តាន​តឹង​នោះ​ទេ ពោល​គឺ​កង​ទ័ព​កម្ពុជា និង​ឡាវ​កំពុង​នៅ​ជាមួយ​គ្នា និង បរិភោគអាហារ​ជាមួយ​គ្នា​ថែម​ទៀត​។

សូម​បញ្ជាក់​ថា នេះ​មិន​មែន​លើក​ទី១​ទេ ដែល​កម្ពុជា និង ឡាវ​មាន​បញ្ហា​ចម្រូង​ចម្រាស​នឹង​គ្នា​រឿង​ព្រំដែន​នេះ​។ កាល​អំឡុង​ខែ​សីហា ឆ្នាំ២០១៧ ​កន្លង​ទៅ កង​ទ័ព​កម្ពុជា និង ឡាវ​ក៏​ធ្លាប់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ម្តង​រួច​មក​ហើយ​នៅ​តំបន់​អូរ​អាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ភាព​តាន​តឹង​នេះ បាន​បញ្ចប់​ទៅ​វិញ បន្ទាប់​ពី​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ដោយ​ផ្ទាល់ និង​បាន​ឯក​ភាព​គ្នា​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ​។ មេ​ដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ស្នើ​សុំ​អ្នក​ជំនាញ​ការ​ព្រំដែន​បារាំង ឱ្យមក​ជួយ​វាស់​វែង និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នៅ​តាមបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ក៏​ប៉ុន្តែ បញ្ហា​ព្រំ​ដែន​កម្ពុជា​និង​ឡាវ ដែល​នៅ​សេស​សល់​ប្រមាណ​ជា​១៦%​ទៀត នៅ​តែ​មិន​ទាន់​អាច​បញ្ចប់​បាន​នៅ​ឡើយ​មក​ដល់​ពេល​នេះ ព្រោះ​កម្ពុជា​និង​ឡាវនៅតែ​មិនទាន់​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា​លើ​ពង្រាង​លក្ខ​ខណ្ឌ​ប្រតិ​បត្តិ​(TOR) ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​នៅ​មាន​ទស្សនៈ​ខុសគ្នា។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះ​អាង​ឱ្យ​ដឹង​ថា នាយក​រដ្ឋ​មន្រ្តី​ឡាវ​នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាល​ខែ​ក្រោយ​នេះ ដើម្បី​បន្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​៕