rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ អាមេរិក កឹម សុខា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​Ted Cruz ព្រមាន​ជា​ថ្មី​មិន​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ដី​អាមេរិក បើ​មិន​មាន​ការ​ដោះ​លែង​លោក​កឹម សុខា នៅ​ថ្ងៃ​នេះ

media
លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ REUTERS/Mike Segar

នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា​ម្សិល​មិញ​នៅ​អាមេរិក ត្រូវ​នឹង​ថ្ងៃ​ទី​៩​វិច្ឆិកា​នៅ​កម្ពុជា លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ជុំវិញ​បញ្ហា​ដោះ​លែង​លោក​កឹម សុខា។ ក្នុង​លិខិត​នោះ លោក Ted Cruz បាន​ព្រមាន​ជា​ថ្មី​ពី​លទ្ធភាព​ក្នុង​ហាម​ឃាត់​មិន​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ចូល​ទឹក​ដី​អាមេរិក ប្រសិន​បើ​រដ្ឋាភិបាល​ខ្មែរ​មិន​ព្រម​ដោះ​លែង​លោក​កឹម សុខា នៅ​ត្រឹម​ថ្ងៃ​នេះ។


ការ​ព្រមាន​ជា​ថ្មី​របស់​លោក​Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​បក​ស្រាយ​របស់​លោក​ជុំ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក​ចំពោះ​បញ្ហា​ចាប់​ខ្លួន​លោក​កឹម សុខា​ដាក់​ពន្ធនាគារ។ លោក​ជុំ ប៊ុនរ៉ុង នៅ​ក្នុង​លិខិត​តប​ទៅ​កាន់​លោក​Ted Cruz កាល​ពី​ថ្ងៃ​អង្គារ បាន​គូស​បញ្ជាក់​ថា វា​មិន​យុត្តិធម៌​ទាល់​តែ​សោះ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រង​ការ​រិះគន់ និង​គំរាម​កំហែង​ដោយ​វិធានការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន ដើម្បី​ការពារ​សន្តិសុខ ឯករាជ្យ​ភាព និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​ដូច​ប្រទេស​ដទៃ​ទៀត។ សម្រាប់​លោក​ឯកអគ្គ​រាជទូត​កម្ពុជា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ខាង​មុខ មិន​មែន​ជា​ការ​បញ្ចប់​នូវ​របប​ពហុបក្ស និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

ជា​ការ​ឆ្លើយ​តប​វិញ លោក​Ted Cruz បាន​អះអាង​ថា ការ​ប៉ុន​ប៉ង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ​យ៉ាង​ខ្លាំង។ សម្រាប់​លោក​Ted Cruz ប្រសិន​បើ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា លក្ខខណ្ឌ​ជាក់​លាក់​មួយ​ចំនួន​មិន​ត្រូវ​បាន​ឆ្លើយ​តប ដូច​ជា​ការ​ដោះ​លែង​លោក​កឹម សុខា ការ​អនុញ្ញាត​ឲ្យ​ស្ថានីយ៍​វិទ្យុ​បន្ត​ការ​ផ្សាយ​របស់​ខ្លួន និង​ការ​អនុញ្ញាត​ឲ្យ​អង្គការ​ប្រជាធិបតេយ្យ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​នោះ វា​នឹង​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​ការ​ទទួល​ស្គាល់​នូវ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។

បន្ថែម​លើ​នេះ លោក​Ted Cruz ក៏​បាន​ព្រមាន​ឲ្យ​លោក​ហ៊ុន សែន ត្រូវ​ចាត់​វិធានការ​មុន​គេ​បង្អស់ និង​ធ្វើ​ភ្លាមៗ​តែ​ម្តង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​ទាំង​អស់​របស់​លោក​ដោយ​ដោះ​លែង​លោក​កឹម សុខា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។ ចំពោះ​លោក Ted Cruz ប្រសិន​បើ​មិន​មាន​ការ​ដោះ​លែង​លោក​កឹម សុខា​ទេ​នោះ លោក​នឹង​ធ្វើ​ការ​ជាមួយ​សហការី​របស់​លោក​ទាំង​នៅ​ក្នុង​រដ្ឋសភា​និង​នៅ​ក្នុង​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ដើម្បី​ពិនិត្យ​មើល​មន្រ្តី​រដ្ឋាភិបាល​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​រ៉ាវ​ទាំង​នេះ គឺ​នឹង​ត្រូវ​រារាំង​មិន​ធ្វើ​ឲ្យ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​ហៅ​ការ​ដាក់​ឱសានវាទ​របស់​លោក​Ted Cruz ថា​គឺ​ជា​ការ​ដើរ​ផ្ទុយ​ពី​នយោបាយ​ការ​បរទេស​ថ្មី​របស់​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​និង​ជា​ការ​ប្រមាថ​ធ្ងន់​ធ្ងរ​ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ហើយ​ក៏​ជា​សកម្មភាព​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ផង​ដែរ។ សម្រាប់​លោក​សុខ ឥសាន ថ្ងៃ​ទី​១៦ វិច្ឆិកា ដែល​ជា​ថ្ងៃ​សម្រេច​ជោគ​វាសនា​គណបក្ស​សង្រ្គោះ​ជាតិ​ពី​សំណាក់​តុលាការ​កំពូល ទើប​ជា​ថ្ងៃ​ឱសានវាទ​ពិត​ប្រាកដ ពោល​គឺ​ជា​ថ្ងៃ​ឱសានវាទ​ចុង​ក្រោយ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​កម្ពុជា និង​ឯករាជ្យ​របស់​តុលាការ​កំពូល​កម្ពុជា៕