rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

ប្រព័ន្ធ​សន្តិសុខ​សង្គម គួរ​តែ​ចាប់​ផ្តើម​អនុវត្ត​ឲ្យ​ពេញ​លេញ​សម្រាប់​អនាគត​គ្រូ​បង្រៀន​!​

ដោយ ហេង ឧត្តម

ថ្ងៃ​ស្អែក គឺ​ជា​ទិវា​គ្រូ​បង្រៀន​ពិភពលោក​។ កម្ពុជា ក៏នឹង​ប្រារព្ធ​ទិវា​នេះ ដូច​រាល់​ឆ្នាំ​ដែរ។ ពាក់ព័ន្ធ​នឹង​គ្រូ​បង្រៀន គេ​សង្កេត​ឃើញ​ថា បើ​ទោះ​ប្រាក់​ខែ​បុគ្គលិក​អប់រំ​ឡើង​ស្រឺតៗ​ក៏​ដោយ ក៏​គ្រូ​បង្រៀន​ជា​ច្រើន​ នៅ​តែ​ត្អូញត្អែ​ចំពោះ​អនាគត​របស់​ពួក​គេ​។ ត្អូញ​ត្អែ ​ព្រោះ​ថា​ប្រាក់​ខែ​ឡើង តែ​ចាយ​មិន​គ្រប់ បើ​ធៀប​នឹង​ថ្លៃ​ទំនិញ ព្រម​ទាំង​ការ​ចំណាយ​ផ្សេងៗ​ទៀត នៅ​ក្នុង​គ្រួសារ។ បើ​ងាក​ទៅ​មើល​ផ្នែក​ប្រព័ន្ធ​សន្តិសុខ​សង្គម​សម្រាប់​គ្រូ​បង្រៀន​វិញ គឺ​ហាក់​នៅ​ឆ្ងាយ​ពី​ក្តី​សង្ឃឹម​នៅ​ឡើយ​។

កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ដែល​ក្រសួង​អប់រំ​ខំ​ប្រឹង​ប្រែង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​សុទ្ធ​តែ​បញ្ជាក់​ពី​សុឆន្ទៈ​ ចង់​លើក​ស្ទួយ​វិស័យ​សិក្សា​ធិការ​ជាតិ និង​ជា​ការ​គិតគូរ​ដល់​តម្លៃ​របស់​គ្រូ​បង្រៀន​។ ​ទំនង​ជា​យល់​ពី​សារៈ​សំខាន់​ និង​តម្លៃ​ដែល​កាត់​ថ្លៃ​មិន​បាន​របស់​គ្រូ​បង្រៀន​នេះ​ហើយ​ ទើប​រដ្ឋាភិបាល​ និង​ក្រសួង​អប់រំ​ តែងតែ​ចាត់​ចែង​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ​។ សម្រាប់​ឆ្នាំ​នេះ​ទៀត តាម​រយៈ​ហ្វេសប៊ុក ក្រសួង​អប់រំ​ បាន​ខិត​ខំ​ឲ្យ​អ្នក​ប្រើ​ហ្វេសប៊ុក បោះឆ្នោត​រើស​ពាក្យ​ស្លោក​ល្អៗ​ ដើម្បី​ឲ្យ​សក្តិសម​នឹង​គុណ​បំណាច់​របស់​គ្រូ​បង្រៀន​ ដើម្បី​យក​ទៅ​ផ្សព្វ​ផ្សាយ​។

ថែម​ពី​នេះ ទាំង​រដ្ឋាភិបាល និង​ក្រសួង​សាមី បាន​ជំរុញ​ និង​បង្កើន​ប្រាក់​បៀវត្សរ៍​របស់​គ្រូបង្រៀន ឲ្យ​ឡើង​ជា​បន្ត​បន្ទាប់​។​ បើ​គ្រាន់​តែ​និយាយ​ពី​គ្រូ​កម្រិត​វិទ្យាល័យ គឺ​ប្រាក់​បៀវត្សរ៍​ ទទួល​បាន​រវាង​ចន្លោះ​ពី​ជាង​ ៦០ម៉ឺន​រៀល ទៅ​ជាង​ ៨០ម៉ឺន នៅ​ឆ្នាំ​នេះ​ ហើយ​នឹង​បន្ត​កើន​​ទៅ​ដល់​ជាង​១លាន​រៀល ក្នុង​មួយ​ខែ​ នៅ​ឆ្នាំ​២០១៨។

ប្រាក់​បៀវត្សរ៍​កើន​ឡើង​ ជា​រឿង​ល្អ​មួយ! ក៏​ប៉ុន្តែ មាន​គ្រូ​បង្រៀន​ជា​ច្រើន​ ​នៅ​តែ​បន្ត​រអ៊ូ​ត្អូញ​ត្អែ​ពី​ជីវភាព។ ជាក់​ស្តែង​ ដើម្បី​តែ​បង្គ្រប់​ជីវភាព ​នៅ​មាន​គ្រូ​បង្រៀន​មួយ​ចំនួន​ បង្ខំ​ចិត្ត​ប្រព្រឹត្តិ​អំពើ​ប្រាស់ចាក​ក្រមសីល​ធម៌​វិជ្ជា​ជីវៈ​ផ្សេងៗ​។​

លើស​ពី​នេះ ​ដោយសារ​តែ​ពុំ​មាន​ប្រព័ន្ធ​សន្តិសុខ​សង្គម​ពេញ​លេញ​!​ គ្រូ​បង្រៀន​ ដែល​ចាស់​ជរា ចូល​និវត្តន៍​ទៅ​​ ហាក់​ពុំ​សូវ​ជា​បាន​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ច្រើន​នោះ​ឡើយ​។ អតីត​គ្រូ​បង្រៀន​មួយ​ចំនួន ត្រូវ​រស់នៅ​ក្នុង​ជរាភាព ​ឯកោ​ គ្មាន​អ្នក​នឹក​នា។​ ​ពេល​មាន​ជំងឺ ឈឺ​ថ្កាត់ គ្រូ​បង្រៀន​ មិន​ដឹង​ទៅ​ពឹង​ពាក់​ ទាក់​ទង​ជំនួយ​ពី​ខាង​ណា។

ចំណែក​ប្រាក់​វិភាគ​ទាន​ ដែល​ក្រុម​គ្រូ​បង្រៀន​ខំ​បង់​រាល់​ខែ ​សម្រាប់​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ​ (ស.ប.ស.ខ.​) ក៏​ពួក​គាត់​ពុំ​សូវ​ទទួល​ដំណឹង​ពី​ជំនួយ​តប​ស្នង​មក​វិញ​ ហើយ​ពេល​ខ្លះ ទាល់​តែ​គ្រូ​បង្រៀន​ស្លាប់​បាត់​បង់​ជីវិត​តែម្តង​ ទើប​មាន​ថវិកា​ជំនួយ​តិចតួច​សម្រាប់​ធ្វើ​បុណ្យ​សព។ ប្រាក់​សម្រាប់​បុណ្យ​សព​នេះ​ទៀត​សោត ក៏​មាន​ភាព​យឺតយ៉ាវ​ទៅ​ទៀត ទម្រាំ​បាន​បញ្ចូន​ទៅ​ដល់​គ្រួសារ​សព។

ដោយ​ឡែក ​ប្រាក់​សោធន​និវត្តន៍​របស់​គ្រូ​បង្រៀន​ទៀត​នោះ ក៏​ពុំ​សូវ​ជា​បាន​ខ្ពស់​ណាស់​ណា​ដែរ ប៉ុន្តែ​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​ការ​បម្រើ​ជាតិ​យ៉ាង​តិច​ ៣០ឆ្នាំ ទើប​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​អតីតភាព។ បើ​ការ​បង្រៀន​តិច​ឆ្នាំ​ជាង​នេះ គឺ​ប្រាក់​សោធន​និវត្តន៍ នឹង​ត្រូវ​ដក​ ទូទាត់​កាន់​តែ​បាន​តិត​តួច​ ទៅ​តាម​អត្រា​ការប្រាក់​ជាដើម។ នេះបើ​តាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ឆ្នាំ​១៩៩៤ ជំពូកទី​៧​។

បើ​និយាយ​ពី​រង្វាន់ ឬប្រាក់​លើកទឹក​ចិត្ត​ផ្សេង​ៗ​វិញ! គ្រូ​បង្រៀន​បច្ចុប្បន្ន គឺ​មិន​ត្រូវ​បាន​ផ្តល់​របប​អង្ករ សម្លៀក​បំពាក់​ ស្បែក​ជើង និង​អង្រឹង​ដូច​ពល​ទាហាន​នោះ​ទេ វៀរលែង​តែ​គ្រូ​ថ្នាក់​ឧត្តម​សិក្សា ដែល​បាន​ទទួល​សម្លៀក​បំពាក់​សម្រាប់​ឧត្តម​មន្ត្រី​និង​បាន​កាំប្រាក់ខែ​ ១ម៉ឺន​២ម៉ឺន​រៀល​ បើ​មិន​ដូច្នោះ​ទេ គឺ​គ្រូ​បង្រៀន​ស្ទើរ​តែ​គ្មាន​ការ​លើក​ទឹកចិត្ត​ផ្នែក​សម្ភារៈ​អ្វី​ច្រើន​ឡើយ​។

ចំពោះ​ប្រាក់​បេសកម្ម ប្រាក់​រង្វាន់​ ឬ​ប្រាក់​លើក​ចិត្ត​សម្រាប់​ក្រុម​ការងារ​បច្ចេក​ទេស! ក៏​លំបាក​នឹង​ទទួល​បាន​ដែរ​។ មាន​ពេល​ខ្លះ គ្រូ​បង្រៀន​ ដែល​ជា​ក្រុម​ការងារ​បច្ចេកទេស ទៅ​ប្រជុំ​នៅ​សាលា​ម្តងៗ ស្ទើរ​តែ​គ្មាន​ទឹក​សុទ្ធ​ទទួល​ទាន​ផង​ក៏​មាន។ បើ​នាយក​សាលា​ខ្លះ ដែល​អាច​ចាត់​ចែង​ប្រាក់​គម្រោង​ចំណាយ​ប្រចាំឆ្នាំ ដែល​ហៅថា​ PB- Program Budget បាន​ត្រឹម​ត្រូវ​ល្អ និង​សល់​ខ្លះ​ អាច​លៃលក់​ដក​ឲ្យ​គ្រូៗ​ចាក់​សាំង​ម៉ូតូ​បន្តិច ប៉ុន្តែ​នាយក​សាលា​ខ្លះ ក៏​មិន​បាន​គិត​គូរ​រឿង​នេះ​ទេ​។ ធ្ងន់ធ្ងរ​ជាង​នេះ​ គឺ​ប្រាក់​PB ក៏​មាន​ភាព​ស្មុគ​ស្មាញ ហើយ​ការ​ទម្លាក់ប្រាក់​ត្រូវ​ធ្វើ​ជា​ច្រើន​ដំណាក់​កាល និង​មាន​យឺតយ៉ាវ​ទៅ​ទៀត។

ជារួម យុគ​សម័យ​នេះ ជីវិត​ជា​គ្រូ​បង្រៀន ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​បង្រៀន​កូន​គេ​ដោយ​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ។​

ដូច្នេះ តើ​ធ្វើ​ដូច​ម្តេច​ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​គ្រូ​បង្រៀន​ទាំង​ឡាយ​?

ដំណោះស្រាយ​ ដែល​មាន​តម្លៃ​យូរ​អង្វែង គឺ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​សន្តិសុខ​សង្គម​សម្រាប់​បុគ្គលិក​សិក្សា មន្ត្រី​រាជការ​ស៊ីវិល​ ដែល​ប្រព័ន្ធ​នេះ គឺ​ធានា​កុំ​ឲ្យ​មាន​ហានិភ័យ​ការងារ ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត ធានា​រ៉ាប់រង​សុខភាព រួម​ទាំង​ដាក់​ផែនការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ ទាំង​នេះ គឺ​ជា​ការ​ផ្តល់​ភាព​កក់​ក្តៅ​ មិន​មែន​សម្រាប់​តែ​​គ្រូ​បង្រៀន​ទាំង​ជាង​ ១១​ម៉ឺន​នាក់​នោះ​ទេ​ ដែល​ចង់​បាន​ ​ពលរដ្ឋ​មន្ត្រី​រាជការ​ទូទៅ​ក៏​ប្រាថ្នា​ដូចគ្នា​ ហើយ​នេះ​គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​សម្រាប់​ប្រយោជន៍​សមូហភាព​ចំពោះ​ប្រជាជន​របស់​ខ្លួន​។

ម្យ៉ាង​វិញ​ទៀត​ ចំពោះ​គ្រូ​បង្រៀន​ ដែលត្រូវ​គេ​ចាត់​ទុកថា​ជា​វិស្វករ​នៃដួង​ព្រលឹង​នោះ ក្នុង​ទិវា​គ្រូ​បង្រៀន គឺ​គួរ​តែ​ធ្វើ​ពិធី​រម្លឹក​គុណ​គ្រូ​ ឲ្យ​បាន​វិសេស​វិសាល​ នៅ​តាម​សាលា​នានា​ និង​លំដាប់​ថ្នាក់​ជាតិ ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​លោក​គ្រូ​អ្នក​គ្រូ សាស្ត្រាចារ្យ​ និង​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គាត់ ឲ្យ​មាន​កម្លាំង​ប្រឹង​ប្រែង​អប់រំ​កូន​ខ្មែរ​ តទៅមុខ​ទៀត​៕

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ការ​លុប​បំបាត់​គ្រឿង​ញៀន ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម និង​ឆន្ទៈ​ពិត​ប្រាកដ​

​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ដើម្បី​ថែ​រក្សា​អ្នក​អាន​

​រដ្ឋា​ភិបាល​នឹង​កើន​ពិន្ទុ​ខ្ពស់ អាស្រ័យ​លើ​ការ​អនុវត្ត​ច្បាស់​លាស់ ចំណុច​ចុង​ក្រោយ​នៃ​អភិក្រម​ទាំង​៥​

​ការ​ឆ្លើយ​តប​ចំពោះ​កំណើន​ពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​ក្រោយ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​នៅ​មាន​កម្រិត​ ឆ្លុះ​បញ្ជាំង​ដូច​ម្តេច​ពី​វិស័យ​សុខាភិបាល​?​

​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​បង្ក​ការ​លំបាក​ដល់​ការ​អភិវឌ្ឍ​សេវា​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​

អ្នកទេសចរ​បរទេស ហូរ​ចូល​មក​កម្ពុជា​ជាមួយ​នឹងប្រាក់​ចំណូល ក៏​ដូច​ជា​បញ្ហា​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន

រដ្ឋាភិបាល​ទំនង​ជា​យក​ចិត្ត​ទុក​ដាក់​ពេញ​លេញ ខណៈ​ឧស្សាហកម្ម​កាត់​ដេរ​មាន​កម្មករ​ជិត​១​លាន​នាក់

ចប់​បាក់ឌុប យុវជន​គួរ​សម្រុក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត

ជន​ជាតិ​ចិន​កាន់​តែ​ច្រើន​យក​ទឹក​ដី​កម្ពុជា​ជំរិត​ទារ​ប្រាក់​តាម​អន​ឡាញ តើ​មក​ពី​មូលហេតុ​អ្វី?

សំណុំ​រឿង​ព្រំដែន​ឡាវ​ជា​ឱកាស​បង្ហាញ​​សាច់ដុំ​របស់​រដ្ឋាភិបាល​ខ្មែរ?

ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​កាត់​ផ្ដាច់​ទំនាក់​ទំនង​រវាង​មនុស្ស ដោយ​ប្រកែក​មិន​បាន​!

លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អង្គការ​អាមេរិក AIM ខណៈ​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​គំរាម​កំហែង

តើគ.ជ.ប គួរ​ប្រើ​យន្តការ​បែប​ណា ដើម្បី​គៀង​គរ​ពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន?

ហេតុ​អ្វី​ពលរដ្ឋ​ខ្មែរ​ព្រួត​គ្នា​វាយ​ជន​សង្ស័យ​ថា​ប្រព្រឹត្ត​ល្មើស ដែល​ចាប់​បាន​នៅ​កន្លែង​កើតហេតុ?

​ប្រាសាទ​បុរាណ​មិន​មែន​ដុំ​ថ្ម តែ​ជា​ដួង​ព្រលឹង​ជាតិ!

ហេតុ​អ្វី​ខ្មែរ​ខ្វះ​កម្មករ​ជំនាញ?

តើ​ខ្មែរ​ត្រូវ​ពឹង​បរទេស​រហូត​ដល់​ពេលណា?

យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី នៅ​ទី​ណា?