rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​មេទ័ព​ត្រៀម​ទប់​ស្កាត់ ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ​តែ​អ្នក​នយោបាយ​ខ្លះ​ថា​ជា​រឿង​តូច​តាច​

media
លោក ទៀ បាញ់ រដ្ឋ​មន្ដ្រីក្រសួង​ការពារ​ជាតិ​កម្ពុជា REUTERS

​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ លោក ហ៊ុន សែន ព្រមានថា ការ​បញ្ចេញកងទ័ព​បង្ក្រា​ប​ចលនា​គាំទ្រ​លោក សម រង្ស៊ី ដែល​ប្រកាស​វិល​មកកម្ពុជា​នៅថ្ងៃ៩​វិច្ឆិកានោះថា ជាភារកិច្ច​របស់ លោក ទៀ បាញ់ ភ្លាមៗប្រមុខ​ការពារ​ជាតិរូបនេះ បានប្រាប់កងទ័ព​ឲ្យ​ត្រៀម​អនុវត្តបទបញ្ជានេះ។ ប៉ុន្តែ​អ្នកនយោបាយ​នៅក្រៅ​រដ្ឋាភិបាល​បានចាត់​ទុក​ ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ថាជារឿងតូចតាច ហើយថាការចុះ​ហត្ថលេខា​រឿង​បោះ​បង្គោលព្រំដែន​កំពុង​ក្តៅ​គកុក។ 


លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​ប្រាប់​កង​យោធពល​ខេមរ​ភូមិន្ទ​ថា ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ស្រេច ដើម្បី​អនុវត្ត​បទ​បញ្ជា​ថ្នាក់​លើ​ក្នុង​ការ​ការ​ពារ និង​ទប់​ស្កាត់ រាល់​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​។ នេះ​បើ​តាម​ហ្វេស​ប៊ុក​របស់​លោក ទៀ បាញ់។

ការ​ប្តេជ្ញា​អនុវត្ត​បទ​បញ្ជា​របស់​ប្រមុខ​ការពារជាតិរូបនេះ គឺបន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី៧​តុលា​ បានព្រមានថា នឹង​បញ្ចេញ​កម្លាំង​ទ័ព ហើយ​អនុញ្ញាតឲ្យ​ប្រើ​អាវុធទំនើបៗ ដើម្បីទប់​ស្កាត់​គ្រប់​សកម្ម​ភាព ​ដែលគាំទ្រ លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញ ចាប់ពីពេលនេះ​រហូត​ដល់​ថ្ងៃ​៩​វិច្ឆិកាខាងមុខ ខណៈលោក​បញ្ជាឲ្យបន្ត​​ចាប់​ខ្លួន​សកម្មជន​បក្សប្រឆាំង​ដោយ​មិន​បន្ធូរដៃ។

សម្រាប់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ «បើ​ការ​វិល​ត្រឡប់​របស់ សម រង្ស៊ី ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ជាតិ ត្រូវ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​អាច​រិត​ត្បិត​សិទ្ធិ​ប្រជា​ពល​រដ្ឋ​»។ នេះ​បើ​តាម​ហ្វេស​ប៊ុក​របស់​លោក​។

ចំណែក លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃទី៨​តុលា ដោយ​ដក​ស្រង់​ពី​សារ​ព័ត៌មាន រ៉យ​ទ័រ​ថា «ការ​ទាម​ទារ​ឲ្យ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង គឺ​ជា​ការ​ទាម​ទារ​មួយ​ដ៏​ស្រប​ច្បាប់ ពី​ព្រោះ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណ​បក្ស​ប្រឆាំង​តែ​មួយ​គត់ ត្រូវ​បាន ហ៊ុន សែន រំលាយ ហើយ ហ៊ុន សែន មិន​យល់​ព្រម​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌ ក្នុង​ពេល​ខាង​មុខ​។ ដូច្នេះ ការ​ងើប​ឈរ​ដោយ​ប្រជា​រាស្ត្រ ដើម្បី​ផ្តួល​រំលំ​របប​ផ្តាច់​ការ និង​ខុស​ច្បាប់​សព្វ​ថ្ងៃ គឺ​ជាជ​ម្រើស​តែ​មួយ​គត់ សម្រាប់​អ្នក​ប្រជា​ធិបតេយ្យ​ខ្មែរ ដែល​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ឈាន​ទៅ​រក​លទ្ធិ​ប្រជា​ធិប​តេយ្យ​»។

ប៉ុន្តែ ​គណ​បក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​វិញ បានចាត់​ទុក ការប្រកាស​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី ថ្ងៃ​៩វិច្ឆិកា​ថា​ជា «រឿង​តូច​តាច​មិន​សូវ​បាន​ការ​បែរ​ជា​ធ្វើ​ទៅ​ជា​រឿង​ធំ​ឱ្យ​គេ​ចាប់​អារម្មណ៍ ធ្វើ​ឱ្យ​ខ្មែរ​ខឹង​សម្បារ​និង​ស្អប់​ខ្ពើម​គ្នា​»។

បើ​តាម​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន គឺ​អ្នក​នយោ​បាយ​ខ្មែរ «សូម​បញ្ឈប់​ធ្វើ​រឿង​អត់​ប្រយោជន៍​សម្រាប់​ជាតិ ព្រោះ​ពេល​នេះ ជា​ពេល​ដែល​ខ្មែរ​ត្រូវ​ខំប្រឹង​អភិវឌ្ឍ​ខ្លួន រាជ​រដ្ឋា​ភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​សេវា​សាធារណៈ​ល្អ​និង​សហ​ការ​គ្នា​កសាង​មោទន​ភាព​ជាតិ​ខ្មែរ​ឡើង​វិញ»។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​គណ​បក្ស​នេះ គឺ​ស្រប​ពេល​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ផ្សេង​ទៀត​ដោយ​សំដែង​ក្តី​បារម្ភពីរឿង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា​និង​វៀតណាម​បាន៨៤%ថា​ធ្វើ​ឡើង​ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ឯកភាព​ជាតិ​ខ្មែរ​៕